ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានការបញ្ជាក់ពីជម្លោះ​របស់សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ឃុំ​ប៊ូស្រា ខេត្តមណ្ឌលគិរី

105

ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រភ្នំពេញរីផតធើ ចុះផ្សាយព័ត៌មានមួយដែលមានចំណងជើងថា “ស្ថានទូត​បារាំង មិន​ឲ្យ​ទិដ្ឋាការដល់សហគមន៍​ជនជាតិដើម​ភាគតិច​ , សហគមន៍ទាមទារ​រកយុត្តិធម៌” កាលពីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០១៩កន្លងមកនោះ ក្រុមហ៊ុន សុកហ្វីន​​ – ខេស៊ីឌី ( SOCFIN-KCD) ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សេចក្តីប្រកាសព័ត៌មាន ដើម្បីបញ្ជាក់ដល់ប្រព័ន្ធផ្សព្វផ្សាយ ដែលកាលពីថ្មីៗនេះ បានចេញផ្សាយព័ត៌មាន​ ទាក់ទង​ទៅនឹង​ជម្លោះ​របស់សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ឃុំ​ប៊ូស្រា ខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា តំណាង​ជនជាតិភាគតិច​ព្នង ជាង១០០នាក់ បានធ្វើ​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅអគារ Meta House ទល់មុខមជ្ឈមណ្ឌលភ្នំពេញ ផ្លូវលេខ៣៧ មហាវិថីសម្តេចសុធារស នៅទីក្រុងភ្នំពេញ ដើម្បីទាមទារ​រក​យុត្តិធម៌តាមផ្លូវ​ច្បាប់ ដែល​ស្ថានទូត​បារាំងបដិសេធ មិន​ឲ្យ​ទិដ្ឋាការដល់ ​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​។

បើតាមក្រុមហ៊ុន សុកហ្វីន – ខេស៊ីឌី ( SOCFIN-KCD) ​គឺជាក្រុមហ៊ុនមានមូលដ្ឋាន នៅក្នុងប្រទេសកម្ពុជា ​ដែលបានប្តេជ្ញា​ចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងគ្រប់គ្រងផ្ទៃដីដាំដំណាំកៅស៊ូ នៅខេត្ត​មណ្ឌលគិរី​ ​និងមានការប្តេជ្ញាចិត្តស្មើភាពគ្នា​ចំពោះសហគមន៍ ដោយធ្វើការរក្សាប្រតិបត្តិការរបស់ខ្លួន ​ដូចបានរៀបរាប់​នៅក្នុងសេចក្ដីប្រកាសជាសាធារណៈ នៃ “ការប្តេជ្ញាចិត្តមិនកាប់បំផ្លាញព្រៃឈើ”។

មុននឹងចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្រុមហ៊ុនបានចុះវាយតម្លៃដោយប្រុងប្រយ័ត្ន នូវដីសម្បទានដែលមានសក្តានុពលផ្សេងៗគ្នា។ ដីសម្បទានមួយចំនួន ត្រូវបានធ្វើការបដិសេធ ដោយផ្អែកលើលទ្ធផលនៃការសិក្សាចំពោះផលប៉ះពាល់សង្គម ឬបរិស្ថាន ហើយវាស្ថិតខាងក្រៅក្របខណ្ឌដែលអនុញ្ញាត និងមិន​ស្រប​តាមគុណតំលៃ​របស់ក្រុមហ៊ុន។​ ដីសម្បទាន ដែលគ្រប់គ្រងដោយក្រុមហ៊ុន សុកហ្វីន – ខេស៊ីឌី (Socfin-KCD) សព្វថ្ងៃនេះ ត្រូវបានអនុម័តដោយរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ ២០០៩ និងឆ្នាំ២០១០។​ពុំមានសកម្មភាពណាមួយ ត្រូវបានចាប់ផ្តើមធ្វើនៅលើដីសម្បទានទាំងនេះនោះទេ លុះត្រាតែ តម្រូវការទាំងអស់ ដែលបានកំណត់ដោយរដ្ឋាភិបាល ត្រូវបានបំពេញនិងបញ្ចប់ រួមទាំងរបាយការណ៍បឋម នៃការវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គម (IESIA) ដែលបានដឹកនាំសកម្មភាពអភិវឌ្ឍន៍ ​និងចងក្រងជាឯកសារ​ជា​សាធារណៈ​។​​

លើសពីនេះទៅទៀត នៅក្នុងអំឡុងពេលនៃការវាយតម្លៃ និងនៅពេលចាប់ផ្តើមសកម្មភាពនីមួយៗលើដីសម្បទាន ក្រុមហ៊ុន សុកហ្វីន – ខេស៊ីឌី (Socfin-KCD) តែងតែមានការសន្ទនាជាប្រចាំ ​និងជាបន្តបន្ទាប់ជាមួយ​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈកិច្ចប្រជុំជាសាធារណៈបើកចំហជាច្រើន និងនៅស្នាក់ការរបស់ក្រុមហ៊ុនផ្ទាល់ ដែលត្រូវបានហៅថា “រដ្ឋបាលព្នង”។

ចន្លោះពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១២ ជំរើសការទូទាត់សំណងដ៏ទូលំទូលាយមួយ ​ត្រូវបានបង្ហាញដល់​ប្រជាពលរដ្ឋ​ ដែលទទួលរងផលប៉ះពាល់។​ បើទោះបីជាការវាយតម្លៃដំបូង ត្រូវបានបង្ហាញថា ​ផ្ទៃដីដាំដុះ​និ​ងដំណាំមានទំហំត្រឹមតែ ១,១៩៣ ហិកតាក៏ដោយ តែក្រុមហ៊ុនបានផ្តល់សំណង​ក្នុងទំហំសរុបចំនួន ១,៣៤៨ ហិកតា។​ កម្មវិធីសំណងនេះ ត្រូវបានធ្វើឡើងដោយប្រើប្រាស់ភាសា​របស់ប្រជាពលរដ្ឋនៅក្នុង​តំបន់នេះ ដោយរដ្ឋបាលព្នង ដែលមានវត្តមានប្រជាពលរដ្ឋ មកពីសហគមន៍ជនជាតិដើមភាគតិចនៅប៊ូស្រាផងដែរ ដើម្បីធានាថា គ្រួសាររបស់ពួកគាត់មានទំនុកចិត្ត ទៅលើដំណើរការ និងលទ្ធផលរបស់វា។ គិតត្រឹមដំណាច់ឆ្នាំ ២០១២ ក្រុមហ៊ុន សុកហ្វីន – ខេស៊ីឌី Socfin-KCD បានដោះស្រាយគ្រប់ករណីទាំងអស់ ​ជា​មួយ​គ្រួសារដែលព្រមទទួលសំណងចំនួន ៨១៦ គ្រួសារ។

ក្នុងអំឡុងពេលនោះដែរ តំបន់នៅក្នុងដីសហគមន៍ ដែលរួមមាន តំបន់​ទីសក្ការៈ​បូជា, ព្រៃ​តំណម, ព្រៃ​អារក្ស និង​ព្រៃ​កប់​សព ​ត្រូវបានកំណត់អត្តសញ្ញាណ​, គូសផែនទី​ និងថែរក្សាដោយក្រុមហ៊ុន​និងអ្នក​តំណាង​ក្នុងតំបន់ នៃសហគមន៍ជនជាតិដើមភាគតិចនោះ។​ នៅក្នុងឆ្នាំ ២០១២ ​កិច្ចព្រមព្រៀងមួយ​ត្រូវបានចុះហត្ថលេខា ជាមួយសហគមន៍មូលដ្ឋាន ដើម្បីបញ្ជាក់ថា ដីក្នុងតំបន់ទាំងអស់ ដែលមាន​ស្រាប់ទាំងនោះ ត្រូវបានរក្សាទុក ហើយពុំមានជម្លោះទាក់ទងទៅនឹងដី ក្នុងតំបន់ប្រភេទនោះទេ។

ដំណើរការទាំងមូល ត្រូវបានចងក្រងជាឯកសារ និងចែកចាយជាមួយភាគីទាំងអស់ ដែលមានការពាក់ព័ន្ធ។

នៅក្នុងឆ្នាំ ២០១៥ មានសំណូមពរថ្មី ត្រូវបានបង្ហាញដល់ក្រុមហ៊ុន សុកហ្វីន – ខេស៊ីឌី ( SOCFIN-KCD) ​បន្ទាប់ពី​ពុំមានការប្ដឹងតវ៉ាណាមួយ ចំពោះបញ្ហាដីធ្លីក្នុងតំបន់នោះជាង ២ ឆ្នាំកន្លងមក។​ ជាការឆ្លើយតបក្រុមហ៊ុន​សុកហ្វីន – ខេស៊ីឌី (Socfin-KCD) បានបើកដំណើរការឡើងវិញ ​នូវវេទិកានៃការសន្ទនាត្រីភាគី ​ដែល​គណៈកម្មា​ធិការ​​នៅក្នុងវេទិកានោះរួមមាន អាជ្ញាធរមូលដ្ឋាន, អ្នកជាប់ឆ្នោត ដើម្បីធ្វើជា​តំណាងឲ្យ​ជនជាតិដើម​ភាគតិច និងអ្នកតំណាងក្រុមហ៊ុនសុកហ្វីន – ខេស៊ីឌី (Socfin-KCD) ។ ក្រុមហ៊ុន សុកហ្វីន – ខេស៊ីឌី (Socfin-KCD) ធ្វើការនេះ​ប្រកបដោយតម្លាភាពទាំងស្រុង ជាមួយអង្គការសហប្រជាជាតិ (UN) O.H.C.H.R នៅរាជធានីភ្នំពេញ​ដែលត្រូវបានជូនដំណឹងអំពីកិច្ចប្រជុំនីមួយៗ និងទទួលបានកំណត់ហេតុនូវរាល់កិច្ចប្រជុំទាំងអស់។​ គណៈកម្មាធិការនេះ នៅតែមានសកម្មភាពរហូតដល់សព្វថ្ងៃនេះ ហើយត្រូវបានប្រើប្រាស់ដើម្បីផ្លាស់ប្តូរព័ត៌មាន អំពីសកម្មភាពរបស់ក្រុមហ៊ុនសុកហ្វីន – ខេស៊ីឌី (Socfin-KCD) ជាមួយសហគមន៍ ​និងដើម្បីពិភាក្សា​អំពី​គម្រោង​អភិវឌ្ឍន៍រួមគ្នា។

ក្រុមហ៊ុនសុកហ្វីន – ខេស៊ីឌី (Socfin-KCD) ជឿជាក់ថា ​ភាគីទីបី​ដែលមានភាពឯករាជ្យ និងអព្យាក្រឹត​គឺចាំបាច់​ដើម្បីធានាបាននូវដំណោះស្រាយ​ ដោយភាពយុត្តិធម៌​ចំពោះការទាមទារ​ទាំងនេះ ​សម្រាប់ភាគីទាំង​អស់។​​ នាពេលបច្ចុប្បន្ននេះ ​ក្រុមហ៊ុននិងសហគមន៍​ ត្រូវបានចូលរួម​នៅក្នុងដំណើរការស្រមុះស្រមួល​ដោយក្រុមហ៊ុនសម្របសម្រួលឯករាជ្យឈ្មោះ IMG​ (Independent Mediation Group)។ ​ដំណើរការនេះ​គឺជាគម្រោងសាកល្បងមួយ សម្រាប់ប្រទេសកម្ពុជា​ ហើយជាការស្ម័គ្រចិត្ត និងផ្អែកលើជំនឿទុកចិត្ត។ ​ការពិភាក្សាទាំងឡាយត្រូវ​រក្សាការសម្ងាត់នៅពេលនេះ ​ហើយពុំមានព័ត៌មានណាមួយ ​អាចធ្វើការ​ចែក​រំលែក​បាននោះទេ រហូតឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ​តបតាមការស្នើសុំ​របស់សហគមន៍, ​អ្នកសង្កេតការណ៍ ​និងទីប្រឹក្សា។

គម្រោងរបស់ក្រុមហ៊ុនសុកហ្វីន – ខេស៊ីឌី (Socfin-KCD) នៅក្នុងឃុំប៊ូស្រា​គឺជាផ្នែកមួយ​នៃកម្មវិធីអភិវឌ្ឍន៍​ក្នុង​ខេត្ត​មណ្ឌលគិរី​ ហើយត្រូវបានកំណត់, ណែនាំ ​និងដឹកនាំដោយអាជ្ញាធរ​ និងក្រោមការគ្រប់គ្រង​របស់អាជ្ញា​ធ​រ​សាធារណៈនៅប្រទេសកម្ពុជា។ ​លើសពីនេះទៅទៀត ​ដីចំការដែលត្រូវបានអភិវឌ្ឍ​គឺជារបស់​រដ្ឋាភិបាល​កម្ពុជា​ ​ក្រុមហ៊ុនសុកហ្វីន – ខេស៊ីឌី (Socfin-KCD) គឺជាក្រុមហ៊ុនមានមូលដ្ឋាននៅកម្ពុជា ​ហើយបុគ្គលដែលពាក់ព័ន្ធ​គឺជាជនជាតិខ្មែរ។ ដូច្នេះយុត្តាធិការផ្នែកច្បាប់ ដែលសមស្របក្នុងការដោះស្រាយរឿងក្តីនេះ គួរតែត្រូវធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ក្រោមច្បាប់របស់ប្រទេសកម្ពុជា។

ក្រុមហ៊ុនសុកហ្វីន – ខេស៊ីឌី Socfin-KCD ក៏ចង់ធ្វើការកែតម្រូវ​និងផ្ដល់ការឆ្លើយតប ​ទាក់ទងនឹងការផ្សព្វផ្សាយ​ព័ត៌មាន ​អំពីការចោទប្រកាន់របស់សហគមន៍មកលើក្រុមហ៊ុន កាលពីសបា្តហ៍មុន ដូចខាងក្រោមនេះ៖

មានតែសមាជិកសហគមន៍ចំនួន ៧៧នាក់ ប៉ុណ្ណោះដែលបានដាក់ពាក្យបណ្តឹង​រដ្ឋប្បវេណី ​មិន​មែន​​ចំនួន ១១៤នាក់ ដូចការចុះផ្សាយនោះទេ។

ឃុំប៊ូស្រា មានប្រជាពលរដ្ឋជាង ៦៥០០ នាក់។ ក្រុមហ៊ុនសុកហ្វីន – ខេស៊ីឌី (Socfin-KCD) សុំសួរថា​ មានតែ​ ៧៧ នាក់ប៉ុណ្ណោះ ដែលបានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី ​តែអ្នកតំណាង​បែរជាបាននិយាយថា​តំណាងឱ្យប្រជាពលរដ្ឋ និងស្ថានភាពនៅក្នុងឃុំទាំងមូល។

សមាជិកសហគមន៍ចំនួន ៧៧នាក់ ​ត្រូវបានដោះស្រាយតាមសំណូមពរ​ជាមួយក្រុមហ៊ុន ​ដើម្បី​ដក​ពាក្យបណ្ដឹងរដ្ឋប្បវេណី ​ ប៉ុន្តែត្រូវបានគេរាយការណ៍មកថា ​មិនបានទទួលការឆ្លើយតប​ពី​មេធាវី​របស់ពួកគេ។

បុគ្គលដែលបាននិយាយនៅក្នុងសន្និសីទកាសែត ត្រូវបានណែនាំខ្លួនថា គឺជាអ្នកតំណាងឲ្យសហគមន៍ទាំងមូល តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេគ្រាន់តែជាបុគ្គល ដែលទាមទារសំណងនៅប្រទេសបារាំង ក្រោមឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេទាំងអស់នោះមិនមែនជាអ្នកតំណាង ដែលត្រូវបានបោះឆ្នោតជ្រើសរើស ដោយប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះទេ។

មនុស្ស២នាក់ ក្នុងចំណោម ១១នាក់ ដែលបានរៀបរាប់នៅក្នុងសន្និសីទសារព័ត៌មាន គឺពុំមានការជាប់ពាក់ព័ន្ធនោះទេ។ គឺមានតែ ៩នាក់ប៉ុណ្ណោះ ដែលជាអ្នកទាមទារសំណង។

ក្រុមហ៊ុន សុកហ្វីន – ខេស៊ីឌី Socfin-KCD ជឿជាក់ថា ​ការគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវ ​និងភាពជាដៃគូ​ដ៏រឹងមាំ​ ​របស់ភាគីពាក់ព័ន្ធ ​បង្កើតនូវគុណតម្លៃ និងការរួមចំណែក ដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ខណៈពេលដែលយើងធ្វើការ ​ដើម្បីបង្កើតនូវគុណតម្លៃ ​នៃរាល់ការអភិវឌ្ឍរបស់យើង ​ការយកចិត្ត​ទុក​ដាក់​​លើការអនុវត្តចំពោះបរិស្ថាន និងសង្គមនៅក្នុងខ្សែសង្វាក់ គឺជាតម្លៃស្នូលដ៏សំខាន់របស់ក្រុមហ៊ុន៕

អត្ថបទដែលជាប់ទាក់ទង