នគរបាលព័ទ្ធចាប់ កូនប្រសា ទាញកាំបិតខ្វែវកាប់ជាច្រើនកាំបិត បណ្តាលឲ្យឪពុកក្មេកស្លាប់
សៀមរាប: អធិការដ្ឋាននគរបាល ស្រុកអង្គរជុំ បានឲ្យដឹងថា
នៅរសៀលម៉ោង ១៣:៣០នាទីថ្ងៃទី២១ កុម្ភ: ២០១៩ កម្លាំងសហការរវាងសមត្ថកិច្ចស្រុកអង្គរជុំ និងស្រុកពួក រួមមាន នគរបាល អាវុធហត្ថ យោធា និងកម្លាំងប្រជាការពារ បានចុះប្រតិបត្តិការរួមមួយ នៅលើទឹកដីស្រុកពួក ឃុំត្រីញ័រ និងឃុំសសរស្តម្ភ ខេត្តសៀមរាប ។ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក. ម៉ាន់ សុខាត់ អធិការស្រុកអង្គរជុំ និងលោកវរសេនីយ៍ឯក. ទេព ពុំសែន អធិការស្រុកពួក បានចុះស្រាវជ្រាវរុករក តាមចាប់ជនសង្ស័យនៅតាមវាល ព្រៃដុប ដោយប្រើរយ:ពេលតាំងពីព្រឹក រហូតឈានដល់ការចាប់បានជនសង្ស័យ ឈ្មោះ សាន ចិក ភេទប្រុស អាយុ៥៦ ស្រុកកំណើតនៅភូមិខ្ជាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដែលជាឃាតករឃោឃៅ បានយកកាំបិតខ្វែវកាប់សម្លាប់ជនរងគ្រោះ ដែលជាឪពុកក្មេករបស់ខ្លួន ចាស់ជរាទៅហើយនោះ ដោយគ្រាន់តែឪពុកក្មេកស្តីបន្ទោសបន្តិចបន្តួចតែប៉ុណ្ណោះ កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។ សូមគោរពអរគុណកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ដែលបានចូលរួមសហការ លើកិច្ចការនេះទទួលបានជោគជ័យផងដែរ ។
កូនប្រសា ទាញកាំបិតខ្វែវកាប់ជាច្រើនកាំបិត បណ្តាលឲ្យឪពុកក្មេកស្លាប់ ដោយសារកូនប្រសាតិរច្ឆានរូបនោះ មានជម្លោះពាក្យសម្តីជាមួយប្តីប្រពន្ធខ្លួនឯងសោះ ហើយឪពុកក្មេកមកឃាត់ រួចគេចខ្លួនបាត់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៩ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ម៉ាន់ សុខាត់ អធិការនគរបាលស្រុកអង្គរជុំ គឺ បានឲ្យដឹងថា មានករណីឃាតកម្មដោយចេតនា កើតឡើងលើជនរងគ្រោះ ឈ្មោះ ផន ប្រេម ភេទ ប្រុស អាយុ៨៥ឆ្នាំ នៅភូមិ គោកត្របែក ឃុំ គោកដូង ស្រុក អង្គរជុំ ខេត្ត សៀមរាប ដែលបង្កឡើដោយជនសង្ស័យ ឈ្មោះ សាន ចិក ភេទប្រុស អាយុ៦៥ឆ្នាំ ត្រូវជាកូនប្រសា ស្រុកកំណើតនៅភូមិខ្ជាយ ឃុំ សសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្ន នៅភូមិគោកត្របែក ឃុំ គោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ពេលកាប់រួចបានរត់គេចខ្លួន ។
លោកបន្តថាជនសង្ស័យ សាន ចិក បានទាស់គ្នាជាមួយប្រពន្ធ ឈ្មោះ សែន អាក់ អាយុ ៣៨ ឆ្នាំនៅភូមិកើតហេតុខាងលើ។ ជនសង្ស័យនេះ បានប្រច័ណ្ឌប្រពន្ធ ដោយបានឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធ ហើយចាប់ប្រពន្ធដាក់ក្នុងផ្ទះ ហើយបិទទ្វារជិត ហើយប្រនព្ធបានលោតចុះពីលើផ្ទះ។ នៅពេលនោះ ជនរងគ្រោះត្រូវជាឪពុកក្មេក បានស្ដីបន្ទោស។ ជនសង្ស័យក៏បានទាញកាំបិតខ្វែវ កាប់លើជនរងគ្រោះចំនួន៣ខ្វែវ កាប់ចំក្បាលផ្នែកខាងឆ្វេងមួយខ្វែវ ចំផ្នែកខាងមុខមួយខ្វែវ និង កាប់ចំស្មាខាងស្ដាំមួយខ្វែវទៀត បណ្ដាលឲ្យដួលស្លាប់នៅមុខផ្ទះ ។ ពេលដែលកាប់ហើយ ជនសង្ស័យរត់គេចខ្លួន ទៅទិសខាងត្បូងឈៀងខាងកើតបាត់ទៅ។
សមត្ថកិច្ចកំពុងស្រាវជ្រាវរុករកជនបង្ក ដែលកំពុងរត់គេចខ្លួន នៅក្នុងព្រៃ នៃភូមិសាស្រ្តស្រុកអង្គរជុំ៕