ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ព្រមទាំងផ្តល់អាហារ ដល់ជនពិការ និងអ្នកស្ម័គ្រចិត្តនៃសមាគមតន្ត្រីសំនៀងជនពិការ

79

នៅថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយលោកជំទាវថ្នាក់ដឹកនាំ និងគណៈប្រតិភូ បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ព្រមទាំងផ្តល់អាហារ ដល់ជនពិការចំនួន ១៣៥គ្រួសារ និងអ្នកស្ម័គ្រចិត្តចំនួន ១៧នាក់ (ស្មេីនឹង​ ១៦៧នាក់)​ នៃសមាគមតន្ត្រីសំនៀងជនពិការ ដែលមានទីតាំងនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំព្រះរាជបណ្តាំផ្តាំសួរសុខទុក្ខ ក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល ព្រះអង្គ តែងយកព្រះទ័យទុកដាក់ គិតគូរ ពីសុខទុក្ខរបស់ប្រជានុរាស្ត្រ ដែលមានកូនចៅជាជនពិការទាំងអស់ ជាពិសេស ព្រះអង្គបានសព្ទព្រះរាជហឫទ័យចូលរួមចំណែកប្រោសប្រទាននូវព្រះរាជទ្រព្យ​ក្នុងការកសាងអគារស្នាក់នៅសម្រាប់ជនពិការនៃសមាគមតន្ត្រីសំនៀងជនពិការនេះផងដែរ។

ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងនូវការកោតសរសើរ និងមានមោទនភាពចំពោះ សមាគមតន្ត្រីសំនៀងជនពិការ ដែលបានវិវត្តខ្លួនខិតខំតស៊ូប្រមូលផ្តុំគ្នាជាសមាគមចាប់តាំងពីមានសមាជិកត្រឹមតែ ១៥នាក់ រហូតដល់ ១៦៧នាក់ ក្នុងពេលបច្ចុប្បន្ននេះ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា “សូមក្មួយៗចៅៗជនពិការទាំងអស់ចងចាំនៅក្នុងក្រអៅបេះដូងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ មិនដែលភ្លេចក្មួយៗនិងចៅៗក្នុងមួយវិនាទីណាឡើយ។ ដូច្នេះ កាកបាទក្រហមកម្ពុជា តែងតែជួយសម្រាលការលំបាកដល់ជនពិការទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ទៅតាមលទ្ធភាពរបស់កាកបាទក្រហមកម្ពុជាដែលមាន”។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំពាវនាវដល់បណ្តាញកាកបាទក្រហមកម្ពុជាគ្រប់ទីកន្លែង យកចិត្តទុកដាក់ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតឱ្យបានទាន់ពេលវេលា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តាំផ្ញើដល់ក្មួយៗចៅៗជាជនពិការទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈ ទោះជាពិការតែកាយ តែមិនពិការចិត្ត ហើយត្រូវមានមោទនភាពដោយបានការគិតគូរពីថ្នាក់ដឹកនាំ សប្បុរសជន ជាពិសេសគឺរាជរដ្ឋាភិបាលកម្ពុជា។ សូមក្មួយៗចៅៗ បន្តរក្សាឯកភាពផ្ទៃក្នុង សាមគ្គីភាព កុំច្រណែនឈ្នានីស ចេះជួយគ្នាទៅវិញទៅមក ហើយចេះរស់នៅជាមួយគ្នាដោយសុខដុមរមនា និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម។ ចំពោះអ្នកដែលមានប្តីឬប្រពន្ធ ត្រូវចេះអធ្យាស្រ័យគ្នា រក្សាសុភមង្គលជាមួយគ្នាអស់មួយជីវិត។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនសមាគមតន្ត្រីសំនៀងជនពិការរួមមាន ៖ អង្ករ ៣តោន មី ៥០កេស ត្រីខ ៥កេស ឆៃប៉ូវផ្អែម ២០គ.ក្រ ឆៃប៉ូវប្រៃ ២០គ.ក្រ ទឹកស៊ីអ៊ីវ ៣០ដប ទឹកត្រី ៣០ដប ទឹកបរិសុទ្ធ ៣០កេស ទឹកក្រូច ៣០កេស ក្រូចឃ្វិច ៦កេស ទំពាំងបាយជូ ៦កេស និងថវិកា ១០លានរៀល។ ដោយឡែកជនពិការ ១៥០នាក់ និងអ្នកស្ម័គ្រចិត្ត ១៧នាក់ ក្នុងម្នាក់ៗទទួលបាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ និងថវិកា ២០ម៉ឺនរៀល ព្រមទាំងអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសាមួយពេល៕

អត្ថបទដែលជាប់ទាក់ទង