ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ប្តីទំនើង ដែលជះទឹកអាស៊ីត ដាក់ប្រពន្ធ កូន ក្រោយរត់គេចខ្លួន១ខែ

102


កណ្តាល៖ នគរបាលខេត្តកណ្តាល និងខេត្តកំពត បានសហការ ស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបុរសម្នាក់ ក្នុងករណីហិង្សាដោយចេតនា (ជះទឹកអាស៊ីត) ទៅលើប្រពន្ធ កូន និងសាច់ញាតិចំនួន៣នាក់ កាលពីថ្ងៃទី២១ កុម្ភៈ ២០១៩ នៅចំណុចនៅភូមិឬស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។ អំពើហិង្សាដោយចេតនានេះ កើតហេតុថ្ងៃទី១៤ មករា ២០១៩ វេលាម៉ោង ១៩យប់ ចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្ហាញលទ្ធផលស្រាវជ្រាវស៊ើបអង្កេត សហការជាមួយស្នងការដ្ឋាន
នគរបាលខេត្តកំពត កាលពីថ្ងៃទី២១ កុម្ភៈ ២០១៩ គឺមានជនរងគ្រោះ ៣ នាក់ ទី១.ឈ្មោះ រ៉ា ស្រីនិច្ច ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (របួសស្រាល) ជាប្រពន្ធ។ ២.ឈ្មោះ ម៉ៃ ស្រីឡា ភេទស្រី អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (របួសស្រាល) និង៣.ឈ្មោះ ណាន ឈាវ ភេទប្រុស អាយុ០១ឆ្នាំ៦ខែ ជនជាតិខ្មែរ នៅ
ក្នុងបន្ទុក (ជាកូន) របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។ ចំណែកជនសង្ស័យម្នាក់ ឈ្មោះ អ៊ុក កុម្ភៈ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិឫស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត (ត្រូវជាប្តី) ។ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការ ជាមួយកងកម្លាំង សមត្ថកិច្ច អធិការដ្ឋាននគរបាល ស្រុកអង្គរជ័យ ខេត្តកំពត ឃាត់ខ្លួនថ្ងៃទី២១ កុម្ភៈ ២០១៩ នៅចំណុចនៅភូមិឫស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

នគរបាលខេត្តកណ្តាល បានរៀបរាប់ពីសភាពនៃរឿងហេតុថា កន្លងមកឈ្មោះអ៊ុក កុម្ភៈ តែងតែប្រើប្រាស់អំពើហិង្សា វាយទៅលើប្រពន្ធឈ្មោះ រ៉ា ស្រីនិច្ច ជាញឹកញាប់ ពេលទៅធ្វើការងារ និងស្នាក់នៅឯភ្នំពេញ ដោយទ្រាំលែងបាន ឈ្មោះ រ៉ា ស្រីនិច្ច បានត្រឡប់មករស់នៅផ្ទះខ្លួនវិញ ឯភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ក្រោយមក ឈ្មោះអ៊ុក កុម្ភៈ តែងតែមករករឿង និងធ្លាប់និយាយគំរាម ឈ្មោះ រ៉ា ស្រីនិច្ច ថានឹងជះទឹកអាស៊ីតដាក់ នៅថ្ងៃណាមួយ ។
លុះមកដល់ថ្ងៃទី១៤ មករា ២០១៩ ឈ្មោះ អ៊ុក កុម្ភៈ បានទូរសព្ទ័មកឈ្មោះ រ៉ា ស្រីនិច្ច ជាច្រើនដង ឲ្យទៅជួបនៅតំបន់7NG ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ប៉ុន្តែឈ្មោះរ៉ា ស្រីនិច្ច មិនព្រមទៅជួប ហើយឈ្មោះអ៊ុក កុម្ភៈ បាននិយាយថា បើមិនទៅជួបប្រាកដ ជាមានរឿង ដល់ម៉ោង១៩យប់ ថ្ងៃដដែល ឈ្មោះ រ៉ា ស្រីនិច្ច ឈ្មោះ ម៉ៃ ស្រីឡា និង ឈ្មោះ ណាន ឈាវ បាន
ដើរទៅទិញម្ហូប នៅខាងកើតផ្ទះ ដោយឈ្មោះម៉ៃ ស្រីឡា ជាអ្នកពរ ឈ្មោះ ណាន ឈាវ ពេលទិញរួចក៏ដើរត្រឡប់មកផ្ទះវិញ ពេលកំពុងដើរត្រឡប់មកផ្ទះវិញនោះ ឈ្មោះ អ៊ុក កុម្ភៈ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ មិនចាំស្លាកលេខ ពាក់អាវពណ៌ទឹកប៊ិច ជិះពីលិចទៅកើត លុះមកដល់ ក៏បានយកទឹកអាស៊ីតជះទៅលើអ្នកទាំង៣ បណ្តាលឲ្យត្រូវមុខឈ្មោះ ណាន ឈាវ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ឯឈ្មោះ រ៉ា ស្រីនិច្ច និងឈ្មោះ ម៉ៃ ស្រីឡា រងរបួសស្រាល ភ្លាមនោះឈ្មោះ អ៊ុក កុម្ភៈ បានជិះម៉ូតូរត់គេចខ្លួនបាត់។ លុះដល់ថ្ងៃទី២១ កុម្ភៈ ២០១៩ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ខេត្ដកំពត បានសហការ ឃាត់ខ្លួនបាន ឈ្មោះ អ៊ុក កុម្ភៈ ប្រគល់ឲ្យសមត្ថកិច្ចខេត្ដកណ្ដាល ដើម្បីបន្ត ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង