អំណោយមនុស្សធម៌របស់សប្បុរសជនជូនមកកាកបាទក្រហមរាជធានី ត្រូវតែផ្តល់ជូនទៅជនរងគ្រោះនិងជនងាយរងគ្រោះ មិនអាចយកថវិកាទាំងនេះ ទៅឧបត្ថម្ភសម្រាប់បុគ្គលិកកាកបាទក្រហមនោះទេ
ភ្នំពេញ៖ ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញលោកឃួងស្រេងបាន មានប្រសាសន៍លើកឡើងថា អំណោយមនុស្សធម៌ របស់សប្បុរសជននានា ដែលជួយឩបត្ថមមកកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ត្រូវតែផ្តល់ជូនទៅជនរងគ្រោះនិងជនដែលងាយរងគ្រោះ មិនអាចយកថវិកាឬអំណោយទាំងនេះ ទៅឧបត្ថម្ភសម្រាប់បុគ្គលិកនៃ កាកបាទក្រហមនោះទេ។ ចំពោះប្រាក់ឧបត្ថម្ភមន្ត្រីរបស់កបាទក្រហមដែលបម្រើ លើការងារនេះ ត្រូវរកចំណូលផ្សេងៗទៀត ដាច់ខាតមិនត្រូវប៉ះពាល់ទៅលើប្រាក់របស់សប្បុរសជនឡើយ។ ការធ្វើបែបនេះនឹងធ្វើឱ្យសប្បុរសជនដែលគេជួយឧបត្ថម្ភមកយើងគេមានទំនុកចិត្តនិង និងអាចបន្តជួយដល់សកម្មភាពរបស់កាកបាទក្រហមបន្តទៀត ។
ការលើកឡើងបែបនេះរបស់លោកឃួងស្រេងបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ ២០១៩នៅទីស្នាក់ការ កាកបាទក្រហមរាជធានីភ្នំពេញក្នុងកិច្ចប្រជុំពិភាគ្សា និងដាក់ទិសដៅ ការងារសម្រាប់ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំនោះក៏បាន ពិភាក្សា ទៅលើការចំណូលចំណាយរបស់កាកបាទក្រហម ការរៀបចំការបណ្ដុះបណ្ដាល ធនធានមនុស្សពិសេស ការបណ្ដុះបណ្ដាលយុវជនកាកបាទក្រហម ដែលក្នុងឆ្នាំ ២០១៩ នេះ យុវជនកាកបាទក្រហមរាជធានីនឹងត្រូវ ជ្រើសរើសឡើងចំនួន៣០០០ នាក់ ដើម្បីបំរើអោយសកម្មភាពមនុស្សធម៌ ដូចជាការសង្គ្រោះបឋមការផ្សព្វផ្សាយនូវ ច្បាប់ចរាចរណ៍ផ្លូវគោកនិងការអប់រំ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនជាដើម ។
លោកឃួងស្រេងបានបន្តទៀតថា ថវិកាដែល បម្រើដល់សកម្មភាពមនុស្សធម៌ដាច់ខាតត្រូវតែប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីអោយ សប្បុរសជនមានទំនុកចិត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា។
មន្ត្រី កាកបាទក្រហមរាជធានីភ្នំពេញបានឲ្យដឹងថា កន្លងមកនេះ កាកបាទក្រហមរាជធានីភ្នំពេញបានជួយបញ្ជូន ជនរងគ្រោះទៅកាន់មណ្ឌលសុខភាពឬមន្ទីពេទ្យនៅជិតបំផុតបានទាន់ពេលវេលា បានចុះពិនិត្យតាមដានសកម្មភាពការងារជាប់ជាប្រចាំ។ កាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ឱ្យនៅកម្រិតទាបបំផុត ការបង្ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍បំបាត់ការរើសអើងអ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ ការទប់ស្កាត់ជំងឺឆ្លងផ្សេងៗដូចជាជំងឺគ្រុនឈាមគ្រុនចាញ់គ្រុនផ្តាសាយបក្សីប្រភេទថ្មីៗជាដើម។
ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភាទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨មីនាត្រូវបានធ្វើឡើង ជារៀងរាល់ឆ្នាំដើម្បីប្រមូលមូលនិធិគាំទ្រសកម្មភាពមនុស្សធម៏ ដោយ សហការជាមួយមន្ទីរពេទ្យនានាដើម្បីប្រមូលមូលនិធិសង្គ្រោះជនរងគ្រោះ។ កម្មវិធីសុវត្ថិភាពសហគមន៍ប្រជាពលរដ្ឋទទួលចំណេះដឹងស្ដីអំពីសមត្ថភាពសហគមន៍បើកវគ្គផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យបានជ្រាបអំពីសុវត្ថិភាពសហគមន៍ ការអភិវឌ្ឍធនធានមនុស្ស ការងារនៅតាមអនុសាខាទាំង ១២ ដើម្បីឱ្យបានដំណើរការល្អ ។ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសាខានិងអនុសាខា ពង្រឹងរចនាសម្ព័ន្ធរបស់សាខាបានរឹងមាំ បណ្ដុះបណ្ដាល បំប៉នសមត្ថភាពបន្ថែមតាមការកំណត់របស់កាកបាទក្រហមកម្ពុជា ៕