ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវាជាតិយល់ដឹងអំពីមីន ខួបលើកទី២០ ធ្វើនៅស្រុកកំរៀង អតីតតំបន់ខ្មែរក្រហម

88


ខេត្តបាត់ដំបង៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធរមីន សហការជាមួយអាជ្ញាធរដែនដី ប្រតិបត្តិករសកម្មភាពកម្ចាត់មីន និងអង្គការជាតិ-អន្តរជាតិ រៀបចំមិទិ្ទញរំលឹកខួបលើកទី២០ ទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងលោកងួន រតន អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ប្រតិបត្តិករសកម្មភាពមីន អង្គការពាក់ព័ន្ធ ព្រះសង្ឃ យាយជី តាជី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង១០០០នាក់។

ក្នុងសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន ផ្ញើជូន“បងប្អូនប្រជាពលរដ្ឋ ពិសេសកុមារា កុមារី ត្រូវរាយការណ៍ជាបន្ទាន់ឲ្យអាណាព្យាបាល សមត្ថកិច្ចនគរបាល អាជ្ញាធរមូលដ្ឋាន ឬ អង្គភាពបោសសម្អាតមីនដែនៅជិតបំផុត ពីកន្លែងគ្រាប់មីន ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលប្អូន ក្មួយៗ បានជួប ឬប្រទះឃើញ ដោយកុំប៉ះពាល់វាជាដាច់ខាត”។
សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងជូនជនរួមជាតិ ក្នុងឱកាសទិវាជាតិយល់ដឹងអំពីមីន លើកទី២០ បានលើកឡើងថា ថ្ងៃទី២៤ខែកុម្ភៈ ជាខួបលើកទី២០ ទិវាជាតិយល់ដឹងអំពីមីន ដើម្បីរំលឹកប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនជនរួមជាតិ ដែលរស់នៅតំបន់រងផលប៉ះពាល់ដោយសារមីន សំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្រាប់បែកចង្កោម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់ទាំងនោះ។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា គ្រាប់មីន សំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្រាប់បែកចង្កោម ដែលជាកេរ្តិ៍ដំណែលបន្សល់ទុកពីសង្រ្គាម ឥណ្ឌូចិន និងជម្លោះផ្ទៃក្នុងកម្ពុជា អស់រយៈពេលជាងបីទសវត្សរ៍ មិនត្រឹមតែបង្កសោកនាដកម្ម ដ៏ធ្ងន់ធ្ងរចំពោះអាយុជីវិត សុខភាព ប្រជាពលរដ្ឋរបស់យើងប៉ុណ្ណោះទេ តែថែមទាំងជាឧបសគ្គ សម្រាប់ការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិទៀតផង។ ដើម្បីដោះស្រាយបញ្ហារាំងស្ទះនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសកម្មភាពមីនជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងបានបញ្ចូលវិស័យនេះ ជាធាតុមួយដ៏សំខាន់ក្នុងយុទ្ធសាស្រ្តចតុកោណរបស់ខ្លួន។ ក្រោមនយោបាយ ឈ្នះឈ្នះ នៅឆ្នាំ១៩៩៨ កម្ពុជាទទួលបានសន្តិភាពេញលេញទូទាំងប្រទេស ដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាលមានលទ្ធភាព គ្រប់គ្រាន់ចាត់ចែង ការងារវិស័យសកម្មភាពមីន នៅគ្រប់តំបន់ដែលរងការគំរាមកំហែង ដោយសារគ្រាប់ទាំងនោះ ប្រកបដោយប្រសិទ្ធភាព។ គិតមកដល់ឆ្នាំ២០១៩ សកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាលក្ខណៈមនុស្សធម៌ នៅកម្ពុជាមានរយៈពេល២៧ឆ្នាំមកហើយ។ ពីឆ្នាំ១៩៩២ ដល់ខែធ្នូ ឆ្នាំ២០១៨ បានសម្រេចរំដោះដីមីនបានជាង ១.៨០២ គីឡូម៉ែត្រក្រឡា ជូនប្រជាពលរដ្ឋសម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា និងបានរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ១.០៦២.៦៦១គ្រាប់ មីនប្រឆាំងរថក្រោះចំនួន២៤.៨៣២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ២.៧៦៧.០២០គ្រាប់ ព្រមទាំងបានធ្វើឲ្យចំនួនជនរងគ្រោះធ្លាក់ចុះពី៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៥៨នាក់ ក្នុងឆ្នាំ២០១៨កន្លងទៅ។ ទន្ទឹងនឹងនេះ គ្រោះថ្នាក់ដោយសារមីន សំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្រាប់បែកចង្កោម ក៏នៅតែបង្កឲ្យប្រជាពលរដ្ឋយើងធ្លាក់ខ្លួនពិការ ស្លាប់បាត់បង់ជីវិត មនុស្ស សត្វពាហនៈ និងខូតខាតទ្រព្យសម្បត្តិអស់ជាច្រើន។

សម្តេចតេជោ បានមានប្រសាសន៍ថា ដើម្បីបន្តដោះស្រាយនូវបញ្ហាគំរាមកំហែងទាំងឡាយ ដែលបន្សល់ទុកដោយសារមីន សំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្រាប់បែកចង្កោម រាជរដ្ឋាភិបាលកម្ពុជា ទើបតែអនុម័តនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ក្នុងគោលបំណងបំផ្លាញចោលគ្រាប់លាក់មុខទាំងនោះ ឲ្យរួចរាល់នៅត្រឹមឆ្នាំ២០១៥។ ផ្អែកតាមលទ្ធផលពីការស្រាវជ្រាវចម្ការមីនមូលដ្ឋានបានបង្ហាញថា កម្ពុជានៅមានផ្ទៃដីសង្ស័យថាមានមីន សំណល់ជាតិផ្ទុះពីសង្រ្គាមនិងគ្រាប់បែកចង្កោម ប្រមាណជាង ១៩៧០គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវធ្វើការបោសសម្អាតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ និងត្រូវការថវិកាប្រមាណ៤០៦លានដុល្លារសហរដ្ឋអាមេរិក។

សម្តេចតេជនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំណោះប្រទេសជាមិត្ត ដែគូអភិវឌ្ឍន៍ បណ្តាអង្គការជាតិ អន្តរជាតិ និងប្រតិបត្តិការសកម្មភាពមីន ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតិមីននៅកម្ពុជា ដើម្បីសង្រ្គោះជីវិត កាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់សុវត្ថិភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយើង ឲ្យបានប្រសើរជាលំដាប់ រួមចំណែកស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យបានកាន់តែរុងរឿងឆាប់រហ័សថែមទៀត។

លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៩៨ កម្ពុជាទទួលបានសន្តិភាព ពេញលេញទូទាំងប្រទេស ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល មានលទ្ធភាពគ្រប់គ្រាន់ ចាត់ចែងការងារវិស័យសកម្មភាពមីន នៅគ្រប់តំបន់ដែលរងការគម្រាមកំហែងដោយ សារគ្រាប់ទាំងនោះ ប្រកបដោយប្រសិទ្ធភាព។

លោកទេសរដ្ឋមន្ត្រី ក៏បានស្នើដល់អាជ្ញាធរដែនដី ក៏ត្រូវបំផុសឱ្យប្រជាពលរដ្ឋយើងចូលរួមប្រឡងប្រណាំង អនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងត្រូវមានវិធានការតឹងរ៉ឹងបំផុតចំពោះទង្វើទាំងឡាយណាដែលនៅតែបំពាន ដូចជា ការលេងគ្រាប់ ការកែច្នៃគ្រាប់ធ្វើកាំជ្រួច ឬបោកត្រី។ល។ និងបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានជ្រួតជ្រាប។

លោកបានបន្តអំពាវនាវដល់ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និង វិស័យឯកជននានា សូមបន្តជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស ស្មារតី សម្ភារៈ និងថវិកា ដើម្បីបន្តនិរន្តរភាពក្នុងការអនុវត្តសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឆ្ពោះទៅរកកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង