លោកស ថេត បញ្ជាក់ថា គ្រឿងញៀនគ្រប់ប្រភេទ មិនតិចជាង៥០គីឡូក្រាម ប្រមូលចេញពីក្លឹបកម្សាន្តរ៉ក់
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី២៣ខែកុម្ភៈថា ការធ្វើតេសទឹកនោមរកសារធាតុញៀន និងធ្វើកំណត់ហេតុទៅលើយុវជន យុវនារី ជាង៣០០នាក់ កំពុងតែដំណើរការ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយភាគច្រើន សុទ្ធតែរកឃើញមានសារធាតុញៀននៅក្នុងខ្លួន។
លោកស្នងការ បានបន្ថែមថា យប់មិញ ខ្ញុំ និងស្នងការរងជាច្រើនរូប ព្រមទាំងកម្លាំងជំនាញចម្រុះ បានចុះបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំដោយផ្ទាល់នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដោយឃាត់ខ្លួនអ្នកប្រើប្រាស់ និងអ្នកចែកចាយជាង៣០០នាក់ ក្នុងនោះមានជនជាតិចិន១៤នាក់ ។ សមត្ថកិច្ចជំនាញ កំពុងមមាញឹកបំពេញការងារនេះ ហើយសន្និសីទការសែត នឹងធ្វើនៅពេលការងារបញ្ចប់។ ចំពោះគ្រឿងញៀនគ្រប់ប្រភេទ ដែលដកហូតបានសរុបទៅមិនតិចជាង៥០គីឡូក្រាមឡើយ៕