នគរបាលខេត្តបាត់ដំបង បង្រ្កាបក្រុមក្មេងទំនើងដែលប្រើអំពើហិង្សាលើអ្នកដ៏ទៃ និងស្រាវជ្រាវរកឃើញថ្នាំញៀនមួយចំនួន ព្រមទាំងឃាត់ខ្លួនមនុស្សចំនួន៨នាក់
បាត់ដំបង៖ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី២២និង២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ ករណីក្រុមក្មេងទំនើង ប្រើហិង្សាលើអ្នកដ៏ទៃមានអាវុធ និងស្រាវជ្រាវរកឃើញថ្នាំញៀនមួយចំនួន ព្រមទាំងឃាត់ខ្លួនមនុស្សចំនួន៨នាក់។
ប្រតិបត្តិការនេះធ្វើឡើងដោយបានការសម្របសម្រួល លើនីតិវិធីពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងស្ថិតក្រោមបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែន ព្រហ្មទណ្ឌ លោកវរសេនីយ៍ត្រី ឈឿង គឹមសុង បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចូលរួមជាមួយកម្លាំងនគបាលអធិការដ្ឋាននគរបាលស្រុកថ្មគោលដែលដឹកនាំដោយលោក វរសេនីយ៍ឯក ផង់ សុភាព និងសហការជាមួយអធិការដ្ឋាននគរបាលស្រុកបវេលដែលដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សារិន បានធ្វើការស្រាវជ្រាវករណីក្រុមក្មេងទំនើងប្រើហិង្សាលើអ្នកដ៏ទៃមានអាវុធ នៅក្នុងចំណុច
ភូមិអង់ សង្កាត់អូរចារ ក្រុបាត់ដំបង ខេត្តបាត់ដំបង កាលពីរាត្រីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៩វេលាម៉ោង ០២:២០នាទី ។
ឆ្លងតាមរយៈនៃការស្រាវជ្រាវនេះ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួន ជនស័ង្សយបានចំនួន៨នាក់ ព្រមទាំងដកហូត បានវត្ថុតាងពាក់ព័ន្ធ នឹងអំពើហិង្សាបានមួយចំនួន ។ ដោយប្រើប្រាស់វិធានការជំនាញ លើការស្រាវជ្រាវក្នុងករណីនេះ ក្រុមក្មេងទំនើងដែលប្រើអំពើហិង្សានេះ គឺមានពាក់ព័ន្ធករណីចែកកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានទៀតផង ។ រហូតមកដល់រសៀលថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នា២០១៩ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដកហូតវត្ថុតាងមានៈ
1-ម៉ាទឹកកកចំនួន12ថង់ (ទម្ងន់94,77ក្រាម )
2-ថ្នាំគ្រាប់យ៉ាម៉ាចំនួន133គ្រាប់
3- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន01
4-ទូរស័ព្ទចំនួន03គ្រឿង
5- ម៉ូតូចំនួន04គ្រឿង
6-កាំបិតកែឆ្នៃចំនួន01ដើម
7-ដុំថ្មចំនួន04ដុំ
8-ស្បែកជើងចំនួន01គូរ និងសម្ភារៈជក់គ្រឿងញៀនមួយចំនួន
ជនស័ង្សយដែលពាក់ព័ន្ធ ក្នុងករណីនេះ និងវត្ថុតាង មន្រ្តីជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕