ជនសង្ស័យ បន្លំខ្លួនជាព្រះសង្ឃដើរបិណ្ឌបាត អស់លក្ខណ៍ ប្រជាពលរដ្ឋរាយការណ៍ ជូនសមត្ថកិច្ចឲចាប់ឃាត់បញ្ជូនទៅតុលាការ
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យដែលប្រជាពលរដ្ឋមានការ សង្ស័យរហូតរាយការណ៍ជូនសមត្ថកិច្ច ដើម្បីឃាត់សាកសួរ ព្រោះព្រះសង្ឃបិណ្ឌបាតស្នើសុំឲ្យញាតិញោម បន្ដជួយឧបត្ថម្ភបន្ថែមទៀត នូវទេយ្យវត្ថុ បច្ច័យ ដូចជាសៀវភៅធម៌ កង្ហា តុសម្រាប់រៀបចំម្ហូបអាហារប្រគេនព្រះសង្ឃ ថ្លៃគំនូររបង វិហារ ជាដើម “ញោមៗឃើញញោម មានចិត្តបុណ្យអាត្មា មានលោកគ្រូបោះពុម្ពសៀវភៅធម៌ ខ្វះកង្ហា ខ្វះបាត ខ្វះខាតតុលោកឆាន់ “។
ករណីបន្លំខ្លួនជាព្រះសង្ឃ ដើរបិណ្ឌបាត ត្រូវបានសមត្ថកិច្ចឃាត់ រួមជាមួយព្រះចៅអធិការវត្ដមុន្នីសុខារាម និងគណៈកម្មការអាចារ្យវត្ដ ការិយាល័យធម្មការស្រុកឧដុង្គ ធ្វើការនិមន្ដ សួរនាំរកឯកសារពាក់ព័ន្ធ និងទីវត្ដអារាមគង់ ទើបដឹងថា ជាសង្ឃក្លែងក្លាយ កាលពីថ្ងៃទី២០ កុម្ភៈ ២០១៩ នៅចំណុចភូមិរំលេច ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនធ្លាប់បួសជាសង្ឃនៅក្នុងអំឡុងឆ្នាំ២០០៧ នៅឆ្នាំ ២០០៨ បានទៅគង់នៅវត្ដស្ទឹងមានជ័យ រាជធានីភ្នំពេញ ដោយលួចដើរលេង យប់ចៅអធិការបានផ្សឹក បណ្ដេញចេញពីវត្ដ និងគ្មានគោលដៅចេះតែរស់បន្ដអាជីពជាសង្ឃក្លែងក្លាយមួយថៃ្ង បានប្រាក់ពីចន្លោះ ៨ម៉ឺនរៀលទៅ ១២ម៉ឺនរៀល បានសម្ភារៈ មួយចំនួនតាមជាក់ស្តែង ដោយទូទាត់ថ្លៃសាំងម៉ូតូ អ្នកដឹកជញ្ជូន និងថ្លៃជួលផ្ទះថែមទៀត។ តាមការឲ្យដឹងបន្ថែម ជនសង្ស័យធ្លាប់ប្រព្រឹត្ដអំពើដូចនេះនិងត្រូវតុលាការខេត្ដកណ្ដាល ធ្វើការឃុំខ្លួន នៅពន្ធនាគារខេត្ដ ក្រោយរួចទោសដោះលែង ក៏បន្ដមុខរបរនេះទៀត។
បច្ចុប្បន្នសមត្ថកិច្ច ជំនាញខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលារដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់៕