ថៃអនុគ្រោះ មិនគិតថ្លៃការរក្សាសិទ្ធិទិដ្ឋាការ ដល់ពលករខ្មែរ ក្នុងឱកាសចូលឆ្នាំខ្មែរ សម្រាប់ថ្ងៃទី៥-៣០មេសា
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការអនុគ្រោះមិនគិតថ្លៃ ការរក្សាសិទ្ធិទិដ្ឋាការ (Re-Entry Visa) ដល់ពលករខ្មែរ ចាប់ពីថ្ងៃទី៥-៣០ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា “បងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការដោយស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រថៃទាំងអស់ជ្រាបថា ដើម្បីចូលរួមអបអរក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខ រាជរដ្ឋាភិបាលថៃ បានឯកភាពជួយសម្រួល ដល់បងប្អូនពលករកម្ពុជា ដែលត្រូវនឹងធ្វើដំណើរ ឆ្លងកាត់ព្រំដែន ទៅស្រុកកំណើត នៅព្រះរាជាណាចក្រកម្ពុជា ដោយអនុគ្រោះ មិនគិតថ្លៃការពាររក្សាសិទ្ធិទិដ្ឋាការ (Re-Entry Visa) ចាប់ពីថ្ងៃទី៥-៣០ ខែមេសា ឆ្នាំ២០១៩” ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ ដែលចុះហត្ថលេខានៅថ្ងៃទី២២ ខែកុម្ភៈ និងបញ្ចេញផ្សព្វផ្សាយ នាព្រឹកថ្ងៃទី២៤ កុម្ភៈ ២០១៩នេះ ។