ដំរីព្រៃមួយក្បាលងាប់ឡើងស្អុយ នៅចំណុចចម្ការស្វាយចន្ទី ជាប់ព្រៃកប់សព ស្រុកកែវសីមា
មណ្ឌលគិរី៖ ដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញងាប់ មានសភាព ហើមស្អុយ ធ្លាយពោះ រលួយ ជះក្លិនស្អុយខ្លាំង។
មន្ត្រីជំនាញ កំពុងរង់ចាំមន្រ្តីនៃក្រសួងបរិស្ថាន យកឧបករណ៍មក ត្រួតពិនិត្យលើសាកសពដំរីនេះ ដែល រលួយ ជះក្លិនស្អុយខ្លាំង ពុំអាចចូល ទៅពីនិត្យ ឲ្យបានត្រឹមត្រូវ។
មន្ត្រីជំនាញ បរិស្ថាន នៃដែនជម្រកសត្វព្រៃកែវសីមា នៅរសៀល ថ្ងៃទី២៤ ខែកុម្ភៈនេះ បានអះអាងបែបនេះ។
គួរបញ្ជាក់ថា សត្វដំរីញីមួយក្បាល ត្រូវបានគេប៉ាន់ប្រមាណថា បានងាប់កាលពីជាង១០ ថ្ងៃមុន នៅចំណុចចម្ការស្វាយចន្ទី ជាប់ព្រៃកប់សព ស្ថិតនៅក្នុងភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយក៏ត្រូវបានប្រទះឃើញ នៅព្រឹកថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០១៩។
អនុប្រធានមន្ទីរបរិស្ថាន លោកឌិនប៊ុនធឿន បានឲ្យដឹងថា ក្រុមការងារជំនាញរបស់ដែនជម្រកសត្វព្រៃកែវសីមា កំពុងតែដុតដៃដុតជើង ចុះស្រាវជ្រាវលម្អិត រកមូលហេតុពិត នៃការងាប់របស់សត្វដំរីញីមួយក្បាលនេះ។ ប៉ុន្តែរហូតមកដល់ រសៀលថ្ងៃដដែលនេះ ក្រុមមន្រ្តីជំនាញ នៅមិនទាន់អាចបញ្ជាក់ពីលទ្ធផល នៃការចុះស្រាវជ្រាវបានឡើយ ហើយក៏កំពុងតែ អង្កេតលំអិត នៅជុំវិញទីតាំងនៃសពសត្វដំរី។
ពាក់ព័ន្ធទៅនៅក្នុងករណីនេះដែរ ម្ចាស់ចំការខាងលើ បានអះអាងថា ចំការរបស់គាត់ គឺបានម៉ៅ អោយទៅ គេអស់ទៅហើយ នៅក្នុងរដូវកាលប្រមូលផលស្វាយចន្ទី ហើយជាទូទៅ សត្វដំរីព្រៃ តែងតែចូលទៅចំការស្វាយចន្ទីដើម្បីស៊ីផ្លែ នៅក្នុងរដូវប្រមូលផលនេះ ប៉ុន្តែសម្រាប់ការងាប់របស់សត្វដំរី គឺគាត់មិនបានដឹងអំពីមូលហេតុនេះទេ។
យោងតាមរបាយការរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃទូទាំងខេត្តមានសត្វដំរីប្រមាណជាង២០០ក្បាល ដែលចំនួននេះមន្ត្រីជំនាញនៅបន្តតាមដាន ដើម្បីដឹងថា កើនឡើង ឬថយចុះពីវត្តមានរបស់ពួកវានៅក្នុងព្រៃ៕