ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ទ្វារនៅចំហរ សម្រាប់អតីតអ្នកនយោបាយអតីតបក្សប្រឆាំង ១១៦នាក់ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ!

96

ភ្នំពេញ៖ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១កុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្ដីណែនាំ ស្ដីពី បែបបទ និងនីតិវិធី នៃការស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ។ សេចក្តីណែនាំ បានរម្លឹកឡើងវិញនូវមាត្រា ៤៥ថ្មី (ស្ទួនមួយ ) នៃច្បាប់ស្តីពីគណបក្សនយោបាយ បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើនយោបាយ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញ ទៅតាមករណី ដូចខាងក្រោម៖ ១.ការទទួលបានសិទ្ធិនយោបាយពេញលេញឡើងវិញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល និង២.ការទទួលបានសិទ្ធិនយោបាយពេញលេញឡើងវិញ ដោយការផ្តល់នីតិសម្បទាដោយព្រះមហាក្សត្រ តាមសំណើររបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃ បានលើកឡើងថា ដើម្បីធានាអនុវត្តចំពោះចំណុចទី២ ខាងលើនេះ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំអំពីបែបបទ និងនីតិវិធីសម្រាប់ការផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ចំនួន ៥ ចំណុច ដូចតទៅ៖ ក.បុគ្គល ដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ ត្រូវដាក់ពាក្យស្នើសុំនីតិសម្បទាឡើងវិញ ទៅក្រសួងមហាផ្ទៃ នៅរៀងរាល់ម៉ោងធ្វើការងារ។ ខ.ពាក្យស្នើសុំត្រូវមានបញ្ជាក់អំពីអត្តសញ្ញាណរបស់បុគ្គលស្នើសុំ សេចក្តីសម្រេចរបស់តុលាការ ដែលហាមឃាត់ការធ្វើសកម្មភាពនយោបាយ ព្រមទាំងមានផ្តិតស្នាមម្រាមដៃនៃបុគ្គលដាក់ពាក្យស្នើសុំ។ គ.ពាក្យស្នើសុំត្រូវធ្វើឡើងដាច់ដោយឡែកពីគ្នា ដោយបុគ្គល ដែលត្រូវបានតុលាការសម្រេច ហាមឃាត់ការធ្វើសកម្មភាពនយោបាយ។ ឃ.បន្ទាប់ពីបានពិនិត្យលើពាក្យស្នើសុំរបស់បុគ្គលម្នាក់ៗ ដែលបានដាក់ពាក្យស្នើសុំ ក្រសួងមហាផ្ទៃ នឹងលើកសំណើជូននាយករដ្ឋមន្ត្រី ដើម្បីស្នើថ្វាយព្រះមហាក្សត្រ លើកលែងបម្រាមហាមឃាត់ធ្វើសកម្មភាពនយោបាយ ដោយអនុលោម តាមបទប្បញ្ញត្តិមាត្រា ៤៥ថ្មី ( ស្ទួនមួយ ) នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ង.សាមីខ្លួន នឹងអាចធ្វើសកម្មភាពនយោបាយឡើងវិញបាន ស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានព្រះរាជក្រឹត្យពីការផ្តល់នីតិសម្បទាឡើងវិញ។
គេនៅចាំបានថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងចេញសាលដីកាហាមឃាត់អ្នកនយោបាយចំនួន ១១៨ នាក់ ជាអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ មិនឲ្យធ្វើនយោបាយក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
កាលពីចុងឆ្នាំ២០១៨ រដ្ឋសភាបានធ្វើវិសោធនកម្មច្បាប់ ស្ដីពី គណបក្សនយោបាយ ដើម្បីបំពេញភាពខ្វះចន្លោះនៃច្បាប់ ដែលចែងពីការហាមឃាត់សិទ្ធិធ្វើនយោបាយ ប៉ុន្តែមិនបានចែងអំពីនីតិវិធីនៃការលើកលែងបម្រាមនោះ។
នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានចូលជាធរមាន តាមរយៈព្រះក្រម ឡាយព្រះហស្តលេខារបស់ព្រះមហាក្សត្រ។ ក្រោយវិសោធនកម្មច្បាប់ចូលជាធរមាន លោក គង់ គាំ និងកូនប្រុសរបស់លោក គឺលោក គង់ បូរ៉ា បានដាក់ពាក្យស្នើសុំទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយក្រោយមកប៉ុន្មាន ព្រះករុណា ព្រះមហាក្សត្រ បានប្រទានការលើកលែងបម្រាម ដោយអនុញ្ញាតឲ្យលោកទាំងពីរ មានសិទ្ធិធ្វើនយោបាយឡើងវិញ តាមរយៈការផ្តល់សម្បទាដោយព្រះមហាក្សត្រ តាមសំណើររបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
យ៉ាងណាក៏ដោយ ការចេញសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃខាងលើនេះ គឺបានធ្វើឡើងជាងមួយខែ បន្ទាប់ពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ចូលជាធរមាន ហើយក៏ធ្វើឡើង បន្ទាប់ពីមានអ្នកតំណាងរាស្រ្ត ២រូបរួចហើយ បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ។
មកដល់ពេលនេះ នៅមានអតីតអ្នកនយោបាយរបស់អតីតបក្សប្រឆាំង ១១៦នាក់ផ្សេងទៀត កំពុងស្ថិតក្នុងបម្រាម ហាមឃាត់សិទ្ធិធ្វើនយោបាយរបស់តុលាការកំពូលនៅឡើយទេ។ ក៏ប៉ុន្តែទ្វាររបស់ក្រសួងមហាផ្ទៃ នៅបើកចំហរជានិច្ច សម្រាប់ឲ្យអ្នកនយោបាយទាំងនោះ ដាក់ពាក្យស្នើសិទ្ធិធ្វើនយោបាយឡើងវិញ ដោយគោរពតាមសេចក្តីណែនាំអំពីបែបបទ និងនីតិវិធី សម្រាប់ការផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ចំនួន ៥ ចំណុចខាងលើនេះ។
ប៉ុន្តែដោយសារតែរយៈពេលនេះ កម្ពុជាមិនទាន់ដល់ពេលបោះឆ្នោត ពោលគឺការបោះឆ្នោត ២សំខាន់ គឺការបោះឆ្នោតឃុំសង្កាត់ នឹងធ្វើឡើងនៅឆ្នាំ២០២២ ហើយនៅឆ្នាំ២០២៣ គឺជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ដូច្នេះអាចជិតដល់ការបោះឆ្នោតទាំងពីរនេះ ទើបស្ថានការណ៍នយោបាយនៅកម្ពុជា មានការប្រែប្រួល។
សរុបមក ច្រកសម្រាប់អ្នកនយោបាយ ដែលជាអតីតថ្នាក់ដឹកនាំរបស់អតីតគណបក្សប្រឆាំងនៅកម្ពុជា នៅតែចំហរ ហើយដល់ពេលណា ដែលត្រូវដើរចូល ដើម្បីប្រឡូកក្នុងឆាកនយោបាយឡើងវិញ គឺជាការសម្រេចចិត្តរបស់ក្រុមអ្នកនយោបាយទាំងនោះប៉ុណ្ណោះ។
សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ នៅពេលនេះ បានសបញ្ជាក់ថា ចង់វិលមកធ្វើនយោបាយឡើងវិញ ឬក៏ចង់បន្តនៅក្រៅឆាក គឺជាសិទ្ធិរបស់អ្នកនយោបាយបក្សប្រឆាំងទាំងនោះទេតើ! ដោយគេមិនអាចបន្តស្រែកពីក្រៅស្រុកមកថា រាជរដ្ឋាភិបាលកម្ពុជា បិទសិទ្ធិ ឬក៏រំលោភសិទ្ធិនយោបាយរបស់បក្សប្រឆាំងបាននោះទេ៕

អត្ថបទដែលជាប់ទាក់ទង