ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្គាល់គ្នារយៈពេលប្រហែលកន្លះខែ ល្បួងក្មេងស្រីម្នាក់ ឲ្យផឹកស៊ីស្រវឹង ចាប់រំលោភនាង បានសម្រេច

334

ព្រះសីហនុ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដឹកនាំដោយលោកវរសេនីយ៍ត្រីហួ យ៉ៃ អធិការរងទទួលការងារព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី៩ ខែមិថុនាឆ្នាំ២០១៨ បានដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីម្នាក់ បានសម្រេច។

នគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាក់ ឡា ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើតនៅ ឃុំចំការលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកធ្វើកម្មករសំណង់ ក្នុងការដ្ឋានមួយកន្លែង ខាងកើតឃ្លាំងប្រេងភីធីធី ក្នុងមូលដ្ឋានរាម ស្ថិតភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនរងគ្រោះ អាយុ១៦ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រៃវែង បានមកតាមម្តាយ មកធ្វើកម្មករសំណង់ ក្នុងការដ្ឋានជាមួយគ្នា ក្នុងមូលដ្ឋានរាម។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២២និង១៥នាទីនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើអគារ សំណង់ ក្រុមហ៊ុនចិន។
ជនសង្ស័យ និងជនរងគ្រោះ បានស្គាល់គ្នារយៈពេលប្រហែលកន្លះខែ ហើយជនសង្ស័យ បានបបួលជនរងគ្រោះ ទៅផឹកស៊ី នៅលើអគារ។ ជនរងគ្រោះមានមិត្តភក្តិ២នាក់ ហើយខាងជនសង្ស័យ មានគ្នា២នាក់ ផឹកស៊ីរហូតដល់ម៉ោងជាង២២ ស្រវឹងរៀងៗខ្លួន អ្នកឯទៀតបានបែកគ្នារៀងៗខ្លួន ជនសង្ស័យ ឃើញនាងស្រវឹងបាត់បង់ស្មារតី ក៏បានគ្រានាងចូលក្នុងបន្ទប់ការដ្ឋាន ហើយចាប់រំលោភនាងតែម្តង។ មិត្តភក្តិរបស់នាង មានការសង្ស័យ ក៏បានដើររក ឃើញជនសង្ស័យភ័យបានរត់ពួន ក្នុងការដ្ឋានអស់មួយយប់។

លោកវរសេនីយ៍ត្រី ហួ យ៉ៃ អធិការរងនគរបាលស្រុកព្រៃនប់ បានបញ្ជាក់ថា លុះដល់រសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ម្តាយរបស់ជនរងគ្រោះ បាននាំនាងមកប្តឹងរាយការណ៍ជូនសមត្ថកិច្ច ហើយសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានចេញទៅធ្វើអន្តរាគមន៍ រុករកចាប់ខ្លួនជនសង្ស័យ នៅក្នុងការដ្ឋានសំណង់នោះនិងបានចាប់ខ្លួនជនសង្ស័យ។ ជនសង្ស័យកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង