ប្រធានរដ្ឋវៀតណាម ជួបពិភាក្សាការងារជាមួយ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយ៍ សម្តេច សាយ ឈុំ និងសម្តេចហេង សំរិន ក្នុងទស្សនកិច្ច២ថ្ងៃនៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល២ថ្ងៃ។
បន្ទាប់ពីបញ្ចប់ជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវេលាម៉ោង១០:០០ ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបន្តជួបពិភាក្សាការងារជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបន្តទៀត មុនបន្តដំណើរជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោក ង្វៀន ហ៊្វូជុង បានអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាជាលើកដំបូង ក្នុងនាមជាប្រមុខរដ្ឋវៀតណាមនៅថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញនេះ។ ពេលអញ្ជើញដល់លោក ង្វៀន ហ៊្វូជុង បានអញ្ជើញចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។
នាវេលារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ក្នុងឱកាសដ៏ឧត្តុង្ឥឧត្តមនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ របស់ លោកដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា លោក ង្វៀន ហ៊្វូជុង ដែលជាបុគ្គលមានអំណាចលើសគេ នៅប្រទេសវៀតណាម បានឡើងកាន់តំណែងជាប្រធានរដ្ឋវៀតណាម កាលពីខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីអតីតរដ្ឋវៀតណាម លោក ត្រាន ដៃក្វាង បានទទួលមរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅអាយុ៦១ឆ្នាំ។
នាវេលាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីលៀងសាយភោជន៍ប្រោសព្រះរាជទានជូន លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ នាព្រះរាជដំណាក់សិរីមង្គល ព្រះបរមរាជវាំង ។
នាវេលារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញដឹកនាំគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នាព្រះរាជដំណក់គន្ធបុប្ផា ព្រះបរមរាជវាំង ក្នុងឱកាសដ៏ឧត្តុង្ឥឧត្តមនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ របស់ ឯកឧត្តម ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅព្រះរាជាណាចក្រកម្ពុជា។
កម្ពុជា-វៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ហើយត្រូវបានកាត់ផ្តាច់នៅខែមីនា ឆ្នាំ១៩៧០។ ប្រទេសទាំងពីបានភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។ វៀតណាម និងកម្ពុជា គឺជាប្រទេស ដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នាប្រវែងប្រមាណ ១២៧០គីឡូម៉ែត្រ។
ឆ្នាំ២០១៨កន្លងទៅនេះ ជាខួបលើកទី៥១ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងខួប៥១ឆ្នាំ នៃទំនាក់ទំនងនេះ មេដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ បានផ្លាស់ប្តូរទំនាក់ទំនង និងទស្សនកិច្ចគ្នាទៅវិញ ទៅមកជាញឹកញាប់ ដែលបានបង្ហាញពីចំណងសាមគី្គភាព មិត្តភាព ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា និងគោរពគ្នា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត។
ក្នុងទំនាក់ទំនងពាណិជ្ជកម្មវិញ ប្រទេសទាំងពីរមានពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០១៧ សម្រេចបានចំនួនប្រមាណ ២,១៣ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ ២០១៦។ តែការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតនៅមានទំហំតូចនៅឡើយ។ ជាក់ស្តែងការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៧ មានចំនួន ៣៤២លានដុល្លារអាមេរិក ធៀបនឹងការនាំចូលរបស់កម្ពុជាពីវៀតណាម ក្នុងឆ្នាំ២០១៧ មានចំនួនប្រមាណ ១,៨ពាន់លានដុល្លារអាមេរិក។
ក្នុងក្របខណ្ឌ នៃការវិនិយោគផ្ទាល់ពីវៀតណាម រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន ៧៥គម្រោង លើទុនវិនិយោគសរុបចំនួនប្រមាណ ២,៤ពាន់លានដុល្លារអាមេរិក ដែលផ្តោតសំខាន់លើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕