ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ស្នើឲ្យកូនខ្មែរ ខិតខំសិក្សាជំនាញបច្ចេកវិទ្យាអាយធី ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានមិនពិត (fake news)

102


ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៦ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា បានសុខសប្បាយជាទេបងប្អូនជនរួមជាតិ និងក្មួយៗ? ពូសុំអរគុណកូនក្មួយទាំងអស់ ដែលយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ព័ត៌មានមិនពិត (fake news) ដែលព្យាយាមបំពុល ដោយក្រុមជនអគតិមួយចំនួនតូច ក្នុងចេតនាអាក្រក់ផ្សព្វផ្សាយព័ត៌មានបំផ្លាញ សង្គមជាតិយើង។
សម្តេចតេជោ បានមានប្រសាសន៍ថា “ពូតែងតែកោតសរសើរកូនក្មួយ ដែលខិតខំសិក្សាជំនាញបច្ចេកវិទ្យាអាយធី (Information Technology)។ ពូចង់ឲ្យកម្ពុជាក្លាយជាប្រទេស ដែលរីកចម្រើនផ្នែកបច្ចេកវិទ្យា ស្របទៅនឹងតម្រូវការសង្គម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិសព្វថ្ងៃ (E-People & E-government) ហើយពូគាំទ្រឲ្យមានការអភិវឌ្ឍន៍ កាន់តែខ្លាំងឡើងលើប្រព័ន្ធអ៊ិនធឺណិតល្បឿនលឿន និងមាន free wi-fi ឲ្យកាន់តែច្រើននៅក្នុងប្រទេសយើង”។

សម្តេច បានបញ្ជាក់ថា ច្បាស់ណាស់ មិនថាតែជំនាញបច្ចេកវិទ្យាមួយទេ គឺគ្រប់ជំនាញទាំងអស់ ក្មួយៗត្រូវតែបន្តសិក្សាស្រាវជ្រាវ រៀនសូត្រទៅមុខថែមទៀត ហើយត្រូវមានការប្រយ័ត្នប្រយែងខ្ពស់ ក្នុងការប្រើប្រាស់ និងគ្រប់គ្រងឲ្យបានហ្មត់ចត់ល្អបំផុត។ សូម្បីតែគណនេយ្យហ្វេសប៊ុកពូ ក៏មានក្រុមជនខិលខូច បានព្យាយាមចូលលួចជាច្រើដងដែរ។
ពូសុំលើកទឹកចិត្ត និងគាំទ្រកូនក្មួយយកជំនាញ និងចំណេះដឹង ជាពិសេសជំនាញបច្ចេកវិទ្យា មកបម្រើកិច្ចការប្រទេសជាតិ ឲ្យមានប្រយោជន៍ ចៀសវាងទៅធ្វើអ្វីមួយ ដែលបំផ្លាញដល់អ្នកដទៃ និងសង្គមជាតិ។ អរគុណក្រុមហ៊ុនហ្វេសប៊ុក ដែលបានសហការ គ្រប់គ្រងគណនេយ្យហ្វេសប៊ុក របស់ខ្ញុំមានសុវត្ថិភាពឡើងវិញ និងអរគុណកូនក្មួយទាំងអស់ ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានពិត ល្អៗអំពីកម្ពុជា។

កាលពីថ្ងៃទី២៥ខែកុម្ភៈ សម្តេចតេជោ បានលើកឡើងថា នៅមុននេះបន្តិច មានក្រុមឧក្រឹដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច Account Facebook ខ្ញុំ ហើយបានលួចលុបទិន្នន័យព័ត៌មានអស់មួយចំនួនធំ។ ពេលនេះ ខាងក្រុមហ៊ុន Facebook កំពុងសើបអង្កេតជនអគតិដែលមានចេតនាអាក្រក់បំពុល និងបំផ្លាញព័ត៌មាននៅក្នុងសង្គមជាតិយើង។

ជនអនាមិក បានសរសេរនៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ យ៉ាងដូច្នេះថា៖ “ក្រុមហ៊ុន ហ្វេសប៊ុក បានលុប និងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា “បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនិងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ”៕

អត្ថបទដែលជាប់ទាក់ទង