ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជួបពិភាក្សាការងារ រវាងនាយករដ្ឋមន្រ្តីកម្ពុជានិង ប្រមុខរដ្ឋវៀតណាម ឯកសារចំនួន៥ ត្រូវបានចុះហត្ថលេខា

99


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ង្វៀន ហ្វ៊ូជុង (Nguyen Phu Trong)​​ អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥។

ឯកសារទាំង៥ ដែលត្រូវបានចុះហត្ថលេខា ក្រោមវត្តមានរបស់មេដឹកនាំកំពូលទាំង២រួមមាន៖ ទី១៖ ពិធីសារស្តីពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក ទី២៖ សេចក្ដីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក។ ពិធីសារទាំងពីរចុះហត្ថលេខាដោយលោក​ ង្វៀន វ៉ាន់ថេរ (Nguyen Van The)​ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និងលោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ទី៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណង២៥លានដុល្លាអាមេរិក សម្រាប់ការអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលរបស់រដ្ឋសភា។ ចុះហត្ថលេខាដយលោក ឌីញ គៀនយ៉ុង (Dinh​ Tien Dzung) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម​ និងលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា ទី៤៖ កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ស្តីពីការអនុគ្រោះពន្ធសម្រាប់ឆ្នាំ ២០១៩-២០២០។​ ចុះហត្ថលេខាដោយលោក Tran Tuan Anh​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងទី៥៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ សម្រាប់ឆ្នាំ២០១៩-២០២១ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម។​ ចុះហត្ថលេខាដោយ លោក Duong Tri Thanh ជាប្រធាន​ និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាម​ និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្នុងជំនួបនោះលោក Nguyen Phu Trong បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា នេះជាលើកទី១ ហើយដែល​ លោក​ បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ក្នុងឋានៈជាអគ្គលេខាធិការមជ្ឈឹមបក្ស និងជាប្រមុខរដ្ឋវៀតណាម ហើយដំណើរទស្សនកិច្ចនេះ ស្របពេលជាមួយនឹងឆ្នាំថ្មីកន្លងផុតទៅ ជាមួយនឹងខួបទី៤០ឆ្នាំ នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់ប្រទេសកម្ពុជា ហើយក្នុងដំណើរទស្សនកិច្ចនេះគឺ​ លោកមានបំណងពង្រីក ពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានស្រាប់ហើយ
ក៏ដើម្បីពិនិត្យមើលឡើងវិញ នូវរាល់អ្វីដែលបានព្រមព្រៀងកន្លងផងដែរ ឈរលើមូលដ្ឋាននេះ គឺដើម្បីពង្រីកទិសដៅ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ។

លោកក៏បានមានប្រសាសន៍ផងដែរថា ក្នុងដំណើរទស្សនកិច្ចនេះ មកកាន់ប្រទេសកម្ពុជានៅពេលនេះ លោក បានសង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជា គឺទទួលបានជោគជ័យ លើវិស័យជាច្រើនរួមមាន ការអភិវឌ្ឍន៍ខាងហេដ្ឋារចនាសម្ព័ន្ធសំណង់ សេដ្ឋកិច្ចកម្ពុជា គឺមានកំណើនកើនឡើងជាង៧ភាគរយ ហើយស្ថានភាពនៅកម្ពុជា គឺមានស្ថិរភាព និងទំនាក់ទំនងការទូតកម្ពុជា ក៏មានជាមួយបណ្តាប្រទេសនានា ជាលំដាប់ផងដែរ។ លោក ក៏សូមសម្ដែង នូវការអបអរសាទរ ចំពោះជោគជ័យ ដែលកម្ពុជាទទួលបាន លើគ្រប់វិស័យកន្លងមកនេះ លោក ក៏បានមានប្រសាសន៍ផងដែរថា លោកបានចូលគាល់ព្រះមហាក្សត្រកម្ពុជា និងជួបសម្ដេចសង្ឃ ហើយលោកពិតជាមានកិត្តិយសណាស់ ដែលត្រូវបានទទួលបដិសណ្ឋារកិច្ច ដោយកក់ក្តៅជាទីបំផុត។

ជាការឆ្លើយតប សម្ដេចតេជោ​ នាយករដ្ឋមន្ត្រីបានឯកភាព ទៅលើអ្វីដែលលោក Nguyen Phu Trong បានលើកឡើង ហើយសម្តេច បានមានប្រសាសន៍ថា កម្ពុជាទទួលបានការអភិវឌ្ឍ រហូតមកដល់ពេលនេះ គឺមិនអាចកាត់ផ្ដាច់បាន ពីកងទ័ពប្រជាជន និងរដ្ឋាភិបាលវៀតណាមឡើយ ហើយសម្ដេច ក៏បានឯកភាពផងដែរថា ឈរលើមូលដ្ឋាន លើទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការកន្លងមក គឺធ្វើយ៉ាងណាជំរុញ ឲ្យទំនាក់ទំនងនេះ កាន់តែរីកចម្រើនបន្ថែមទៀត។

ហើយឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការអបអរសាទរ ចំពោះវៀតណាម ដែលបាននិងកំពុងទទួលការស្វាគមន៍ នូវជំនួបកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្ត ទៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ៕


អត្ថបទដែលជាប់ទាក់ទង