ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ គេថា អ្នកនយោបាយ ធ្វើចិត្តជាកីឡា!

242

ភ្នំពេញ៖គេតែងនិយាយថា អ្នកនយោបាយ ត្រូវធ្វើចិត្តដូចអ្នកកីឡា។ បើនិយាយពីកីឡា ក្រៅពីមានចិត្ត ទទួលយកលទ្ធផលឈ្នះចាញ់ហើយនោះ គឺអ្នកកីឡា ល្បិចណាស់។ និយាយពីកីឡាករបាល់ទាត់ គឺមានទាំងទាត់ជើងគូប្រកួត មានទាំងចាប់ទាញអាវ មានទាំងពាំង ហើយពេលខ្លះទៀត ក៏ត្រូវធ្វើដួលខ្លួនឯង នៅមុខហ្គោនគូប្រកួត ដើម្បីបានបាល់ពិន័យ ប៉េណាំងទី ជាដើម។
អ្នកនយោបាយវិញ ក៏ត្រូវមានល្បិចគ្រប់យ៉ាង ដើម្បីយកឈ្នះគូប្រជែង។ យើងមើលស្ថានភាពនយោបាយនៅកម្ពុជា សព្វថ្ងៃ លោក ញឹក ប៊ុនឆៃ កាលមុន ត្រូវបានគេចាប់ដាក់គុក។ តែជិតបោះឆ្នោត គេឲ្យចេញមក ធ្វើនយោបាយ ហើយលោក ញឹក ប៊ុនឆៃ បើធ្វើនយោបាយមិនស្រួល ក្រោយបោះឆ្នោត អាចនឹងជាប់គុកវិញ ក៏ថាបាន។
រីឯលោក កឹមសុខា ក៏ដូចគ្នា។ កាលពីមុនបោះឆ្នោតឃុំសង្កាត់ ខែមិថុនា ឆ្នាំ២០១៧ ក៏ជាប់បណ្តឹងរឿងអាស្រូវស្រីញី ផ្លូវភេទជាមួយនារីកាត់សក់ម្នាក់។ តែដល់ជិតបោះឆ្នោត ក៏ត្រូវបានគេលើកលែងទោស លើកលែងការចោទប្រកាន់ ហើយក៏ឲ្យទៅចុះឈ្មោះបោះឆ្នោត និងដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧។ ប៉ុន្តែមិនយូរប៉ុន្មាន លោកកឹមសុខា និយាយខុស ក៏ត្រូវជាប់គុក។ នេះហើយនយោបាយ។
ដូច្នេះនយោបាយ បើយើងលេងល្បិចចាញ់គេ ឬក៏យើងមិនចេះ កុំលេង។ នយោបាយ គឺល្បិចខ្ពស់ណាស់។ បើចិត្តសឿងថា “លេង ត្រូវកុំខឹង” “បើខឹង ត្រូវកុំលេង” ហើយក៏កុំខ្លាចចាញ់ និងកុំខ្លាចជាប់គុកច្រវ៉ាក់ដែរ។ នៅពេលធ្វើនយោបាយហើយ បើចង់ឈ្នះ ទោះអ្វី ក៏អាចធ្វើបានដែរ។
បើធ្វើនយោបាយ សុទ្ធតែចង់បានអំណាច សុទ្ធតែចង់ធ្វើធំ ហើយក៏សុទ្ធតែចង់មានបាន ឡាន វីឡាដែរ។ បើនរណាម្នាក់ថា ធ្វើនយោបាយ មិនចង់ធ្វើធំ នោះជាអ្នកបោកប្រាស់ហើយ ហើយក៏នឹងត្រូវមហាជនចំអកថា “អាអាចម៍”។

សរុបមក អ្នកនយោបាយ ត្រូវធ្វើចិត្តជាអ្នកកីឡា។ នោះគឺត្រៀមចិត្តទាំងឈ្នះ ត្រៀមចិត្តទាំងចាញ់ ហើយក៏មិនត្រូវត្រៀមដេកគុក និងមិនត្រូវខឹង គុំគួនគូប្រជែង បើកាលណាខ្លួន មានល្បិចមិនដល់គូប្រជែង ឬត្រូវគូប្រជែង ចាប់ដាក់គុក ព្រោះពាក្យចាស់លោកពោលថា “ឈ្នះជាស្តេច ចាញ់ជាចោរ”។ នៅសម័យនេះ សំណាងហើយ ដែលអ្នកនយោបាយ ស្គាល់ត្រឹមតែពាក្យថា “ចាញ់ ត្រូវរត់ចោលស្រុក” និង“ជាប់គុក”។ តែបើកាលពីសម័យមុនៗ គឺអ្នកនយោបាយ នៅមានពាក្យមួយឃ្លារទៀតថា “ចាញ់ ត្រូវស្លាប់” ក៏មាន៕
ដោយ៖ សុខ ស្រីពៅ

អត្ថបទដែលជាប់ទាក់ទង