ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្តៅ​ខែមេសា​និង​ឧសភា​ អាចឡើងដល់៥០អង្សាសេ , ក្រសួងអភិវឌ្ឍន៍ជនបទ ដាស់តឿនការរក្សាថែទាំទឹក និងប្រភពទឹក និងការប្រើប្រាស់ សន្សំ​សំចៃ​ទឹក​

103

ភ្នំពេញ:​ក្រសួង​អភិវឌ្ឍន៍ជនបទ​ បាន​ចេញ​សេចក្តីណែនាំ​ដាស់តឿន​ការ​រក្សា​ថែទាំ​ទឹក​ និងប្រភពទឹក និងការប្រើប្រាស់ សន្សំ​សំចៃ​ទឹក​ ជាមួយនឹង​ការ​ជូនដំណឹង​ អំពីការព្យាករណ៍ការកើនកម្តៅ នៅក្នុងខែមេសា ឬ​ឧសភា​ ដែល​អាច​ហក់​ខ្ពស់​ រហូតពី៤០ដល់៥០អង្សាសេ ឬ​ ស្មើនឹង​១២២​អង្សា​ Fahrenheit​ ។​ បើសិនជា​សីតុណ្ហភាព​កម្តៅ​អាច​ឡើង​ខ្ពស់​ ដល់៥០អង្សាសេមែននោះ នោះ​គឺជា​លើក​ដំបូង​ហើយ​ ដែល​កម្ពុជា​ នឹង​ត្រូវ​ឆ្លងកាត់​នូវ​កម្តៅ​ដ៏​ក្តៅ​មិន​ដែល​ធ្លាប់​ជួប​ប្រទះ​ ក្នុង​រដូវប្រាំង​នា​ពេល​កន្លង​មក​។​ សេចក្តីណែនាំ​ជូនដំណឹង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ថ្ងៃ​ទី​២៥​កុម្ភៈ​ បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​កម្ពុជា​ កំពុងរងនឹងបាតុភូតកម្តៅ El​ Nino​ ដែល​បង្ក​អោយ​មាន​ភាព​ក្តៅ​ ហួតហែង​ និង​រំពឹង​ការ​ខ្វះ​ទឹក​តាម​កន្លែង​មួយ​ចំនួន​នោះ​ថែម​ទៀត​។​
​ កម្ពុជា​ ធ្លាប់​រង​នឹង​បាតុភូត​កម្តៅ​អែ​ល​នី​ញ៉ូ​ចុង​ក្រោយ​មួយ​កាលពីដើម​ឆ្នាំ​២០១៦​ ដោយ​បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ ជា​ពិសេស​តាម​ខេត្ត​និង​ជនបទ​ បាន​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ ការរងឆេះព្រៃ ដំណាំកសិផលបានរងនឹងការស្វិត​ស្វិត​ ក្រៀម​ ងាប់​ គ្មាន​សល់​ ចំណែកសត្វគោក្របី ជ្រូក​មាន់​ទា​ បាន​ស្លាប់​ជា​ច្រើន​ថែម​ទៀត​ផង​ដែរ​ ដោយសារ​ការ​ក្តៅ​គ្មាន​ទឹក​ និង​ការ​រង​នឹង​ជម្ងឺ​ដ​ង្កា​ត់​។​
​យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដដែល​ បានដាក់ចេញការបង្ការ៤ចំណុច ទាក់ទងនឹងការរក្សាទឹកនិងប្រភពទឹក៖
១-​ត្រូវ​ចុះ​ពិនិត្យ​មើល​អណ្តូង​ស្រះ​ទឹក​ និង​រក​វិធី​ដោះស្រាយ​ជា​បន្ទាន់​នៅ​ពេល​អណ្តូង​ខូច​ និង​ស្រះ​ទឹក​រីងស្ងួត​។​
២-​ត្រូវ​ធ្វើការ​ណែនាំ​និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​តំបន់​ដែល​ងាយ​រង​គ្រោះ​ដោយសារ​ខ្វះខាត​ទឹក​ អោយ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ថែរក្សា​ប្រភព​ទឹក​ សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​និង​ប្រើប្រាស់​ទឹក​ដោយ​លក្ខណៈ​សន្សំ​សំចៃ​។​
៣-​ត្រូវ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដៃគូ​អភិវឌ្ឍន៍​នានា​ អង្គការ​ជាតិ​និង​អន្តរជាតិ​ដើម្បី​ឆ្លើយ​តប​ភ្លាមៗ​ ដល់​ប្រជា​B​ល​រដ្ឋ​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​។​
​និង​ទី​៤-​ត្រូវធ្វើ​របាយការណ៍​ និង​រាយការណ៍​ជា​ប្រចាំ​មក​ក្រសួង​ដើម្បី​មាន​វិធាន​ការណ៍​បន្ទាន់​៕

អត្ថបទដែលជាប់ទាក់ទង