គណៈកម្មការផ្សារអូរឬស្សីបន្តរៀបចំសណ្ដាប់ និងណែនាំម្ចាស់អាជីវកម្មភាសុីផ្ញើកង់ម៉ូតូយកតម្លៃតាមសៀវភៅបន្ទុករ
ភ្នំពេញ៖គណៈកម្មការផ្សារអូរឬស្សី នៅតែបន្តរៀបចំសណ្ដាប់ និងណែនាំម្ចាស់អាជីវកម្មភាសុីផ្ញើកង់ម៉ូតូឲ្យដាក់តាមការកំណត់ដែលគណៈកម្មការផ្សារបានកំណត់ឲ្យ និងយកតម្លៃតាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុរាជធានីភ្នំពេញ។
មន្ត្រីក្នុងជួរគណៈកម្មការផ្សារអូឬស្សីរបានឲ្យដឹងថាគណៈកម្មការផ្សារអូរឬស្សី បានបន្តពង្រឹងការងារសន្តិសុខតាមគោលដៅ ល្បាតចល័តការពារសុវត្ថិភាពជាប្រចាំ ទាំងវេនថ្ងៃនិងវេនយប់។
បន្តពង្រឹង និងណែនាំម្ចាស់អាជីវកម្មភាសុីផ្ញើកង់ម៉ូតូឲ្យដាក់តាមការកំណត់ដែលគណៈកម្មការផ្សារបានកំណត់ឲ្យ និងយកតម្លៃតាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុរាជធានីភ្នំពេញ។
ចំពោះការងារសណ្ដាប់ធ្នាប់ គណៈកម្មការផ្សារ ដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមតូបខាងក្នុងនិងខាងក្រៅ ជុំវិញបរិវេណផ្សារ ហើយបានណែនាំឲ្យអាជីវករដាក់តាំងទំនិញលក់ដូរតាមការកំណត់របស់គណៈកម្មការផ្សារ និងបានណែនាំឲ្យប្រុងប្រយ័ត្នពីបញ្ហាភ្លើងផ្សែង បញ្ហាចាក់សោតូប ត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។
គណៈកម្មការផ្សារចូលរួមសហការជាមួយមន្ត្រីសង្កាត់អូរឬស្សីទី២ និងមន្ត្រីខណ្ឌ៧មករា ដឹកនាំដោយលោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ ១៣៩ និងធ្វើការអប់រំណែនាំដល់អ្នកលក់ទាំងអស់ដែលយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ឲ្យអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ៧មករា ដែលបានកំណត់ឲ្យត្រឹម ១/៣ នៃចិញ្ចើមផ្លូវ។
ថ្ងៃនេះចរាចរណ៍នៅជុំវិញបរិវេណផ្សារមិនមានការកកស្ទះទេ។រីឯការងារអនាម័យ-បរិស្ថានវិញ ភ្នាក់ងារអនាម័យបានបន្តការបោសសម្អាត ប្រមូល សម្រាម នៅជុំវិញបរិវេណផ្សារជារៀងរាល់ពេលព្រឹកនិងពេលល្ងាច ហើយបានសហការជាមួយក្រុមហ៊ុន ស៊ីនទ្រី ដឹកជញ្ជូនកាកសំណល់ឲ្យបានស្អាតជាប្រចាំ៕