មិនចង់ឃើញ សហគ្រាសរបស់ចិន ប្រកាសខាតបង់ពន្ធខ្វះ និងមិនមានការកិបកេងបន្លំពន្ធ ដែលកំពុងវិនិយោគនៅស្រុកខ្មែរ
ភ្នំពេញ៖ អគ្គនាយកពន្ធដារ បានលើកឡើងថា ចង់ឃើញសហគ្រាសចិន ដែលបានមកវិនិយោគនៅកម្ពុជា រីកចម្រើន លូតលាស់ ធំធាត់ មានប្រាក់ចំណេញ និងប្រកាសមានប្រាក់ចំណេញបង់ជូនរដ្ឋ ហើយលោកថា មិនចង់ឃើញ សហគ្រាសប្រកាសខាតបង់ពន្ធខ្វះ និងមិនមានការកិបកេងបន្លំពន្ធ ។
អគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី វេទិកាពន្ធដារ កម្ពុជា-ចិន ឆ្នាំ២០១៩ ដែលរៀបចំឡើង ដោយអគ្គនាយកដ្ឋានពន្ធដារកម្ពុជា រួមជាមួយរដ្ឋបាលសារពើពន្ធ សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។
លោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា វេទិកាពន្ធដារកម្ពុជា-ចិន ឆ្នាំ២០១៩នេះ មានសារសំខាន់យ៉ាងខ្លាំង ស្របពេលដែលការវិនិយោគផ្ទាល់ពីប្រទេសចិន ដែលចូលរួមយ៉ាងសំខាន់ ចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ព្រោះបើគិតចាប់ពីឆ្នាំ១៩៩៤ មកទល់នឹងបច្ចុប្បន្ន ទំហំនៃការវិនិយោគផ្ទាល់របស់ប្រទេសចិន គឺឈរនៅលំដាប់លើគេ ក្នុងចំណោមការវិនិយោគផ្ទាល់ពីបរទេស ហើយបានថ្លែងកោតសរសើរចំពោះវឌ្ឍនភាព នៃកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដែលជាលទ្ធផល គឺសម្រេចបាននូវកំណើនចំណូលពន្ធ ដោយសម្រេចបានលើសផែនការជាបន្តបន្ទាប់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
ក្នុងឱកាសនោះដែរ លោកស្រី Meng Yuying អគ្គនាយករង ទទួលបន្ទុកកិច្ចការបរទេសនៃរដ្ឋបាលសារពើពន្ធចិន ក៏បានបញ្ជាក់ថា រដ្ឋបាលសារពើពន្ធចិន ក៏បាននិងកំពុង បន្តធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ហើយបានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកំណែទម្រង់និងទំនើបកម្មរបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដែលសម្រេចបានយ៉ាងឆាប់រហ័ស និងលទ្ធផលទទួលបានជាទីមោទនៈ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលក៏បានដាក់ចេញ នូវវិធានការដ៏មុតស្រួចមួយចំនួន ក្នុងនីតិកាលទី៦ នៃរដ្ឋសភានេះ ដើម្បីជួយលើកកម្ពស់ភាពប្រកួតប្រជែង និងការកែលម្អបរិយាកាសធុរកិច្ច (Ease of Doing Business) ដែលជាអាទិ៍ មានដូចជា (១) កាត់បន្ថយថ្លៃអគ្គិសនីចាប់ពីឆ្នាំ២០១៩ សម្រាប់អ្នកប្រើប្រាស់ (២) បញ្ចប់តួនាទីអចិន្រ្តៃយ៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល និងកំពង់ផែ លុបចោលអង្គភាពកម្ពុជាភ្នាក់ងារនាវាចរ (កាំសាប) (៣) ការកែសម្រួលការផ្តល់សេវាសាធារណៈ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង (៤) ការរៀបចំការធ្វើវិសោធនកម្មច្បាប់ ស្តីពីការវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងវិធានការនានាជាច្រើនទៀត។
ក្នុងនាម ជាអ្នកគ្រប់គ្រងប្រមូលពន្ធ ជូនរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ គឺចង់ឃើញសហគ្រាសចិនទាំងឡាយ ដែលបានមកវិនិយោគនៅកម្ពុជា រីកចម្រើន លូតលាស់ ធំធាត់ មានប្រាក់ចំណេញ និងប្រកាសមានប្រាក់ចំណេញបង់ជូនរដ្ឋ និងពិតជាមិនចង់ឃើញ សហគ្រាសប្រកាសខាតបង់ពន្ធខ្វះ មានបញ្ជីគណនេយ្យ ២ឬ៣នោះទេ ដោយរំពឹងថា នឹងមិនមានការកិបកេងបន្លំពន្ធ ហើយរងការកំណត់ពន្ធឡើងវិញ ទទួលរងពិន័យទោសទណ្ឌ ព្រមទាំងការប្រាក់នោះទេ។
បន្ថែមពីលើនេះ ចាប់ពីខែមករា ឆ្នាំ២០១៩នេះ តទៅ ក្រុមហ៊ុន សហគ្រាសចិន នឹងទទួលបាននូវ អត្ថប្រយោជន៍ ផ្នែកពន្ធដារបន្ថែមទៀត តាមរយៈការអនុវត្ត កិច្ចព្រមព្រៀង នៃការចៀសវាង ការយកពន្ធត្រួតគ្នា (DTA) កម្ពុជា-ចិន៕