បង្រៀនសហព័ន្ធឲ្យចេះពីរបៀបចុះឈ្មោះ និងគ្រប់គ្រងទិន្នន័យ តាមប្រព័ន្ធអាយធី
ភ្នំពេញ:មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបើវគ្គបណ្ដុះបណ្ដាលស្ដីពីការចុះឈ្មោះ និង គ្រប់គ្រងទិន្នន័យ
កីឡាករ-កីឡាការិនីថ្នាល និង ក្រុមជម្រើសជាតិតាមប្រព័ន្ធពត៌មានវិទ្យាពេញមួយថ្ងៃទី២៨កុម្ភៈ ។
លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថាវគ្គនេះមានសិក្ខាកាមចូលរួមចំនួន៨០នាក់
ដែលមកពី៣៤សហព័ន្ធជាតិដែលសុទ្ធតែជាសហព័ន្ធដែលមានការប្រមូលផ្ដុំក្នុងជម្រំជម្រើសជាតិសម្រាប់ឆ្នាំ២០១៩
ដោយមួយសហព័ន្ធចូលរួម២នាក់គឺអគ្គលេខាធិការ និង មន្ត្រីពត៌មានវិទ្យារបស់សហព័ន្ធ ។ ក្រៅពីនោះក៏មានការចូល
រួមពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។
លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាមានប្រសាសន៍ថាវគ្គនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សហ
ព័ន្ធជាតិដែលត្រូវស្នើសុំចូលរួមប្រមូលផ្ដុំក្រុមជម្រើសជាតិថ្នាល និង ជម្រើសជាតិឲ្យយល់ដឹងពីការប្រើប្រាស់គេហ
ទំព័រប្រព័ន្ធចុះឈ្មោះ និង គ្រប់គ្រងក្រុមកីឡាថ្នាល និង ជម្រើសជាតិឲ្យបានត្រឹមត្រូវដើម្បីងាយស្រួលគ្រប់គ្រងទិន្ន
ន័យគុណផលកីឡាទៅតាមប្រភេទនីមួយៗ ។ គ្រប់គ្រងពីការប្រែប្រួលនៃគុណផល សុខភាព ក្រុមឈាមរបស់កីឡា ករ-កីឡាការិនី ។
វគ្គនេះនឹងបង្ហាញពីរបៀបចូលចុះឈ្មោះអ្នកប្រើប្រាស់ របៀបគ្រប់គ្រងគណនីអ្នកប្រើប្រាស់ របៀបគ្រប់គ្រង សមាជិក របៀបគ្រប់គ្រងកីឡាថ្នាល និង ជម្រើសជាតិ និងរបៀបគ្រប់គ្រងគុណផលកីឡាករ-កីឡាការិនី ។
លោកអ៊ុក សិទ្ធិជាតិបានសំណូមពរដល់សហព័ន្ធជាតិទាំងអស់ត្រូវផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីវ័យ
ក្មេងគឺមិនត្រូវយកអ្នកដែលធ្លាប់ដណ្ដើមបានមេដាយពិភពលោក មេដាយទ្វីបអាស៊ី ឬ ស៊ីហ្គេមមកធ្វើតេស្តជាមួយ កីឡាវ័យក្មេងនោះទេ ។ ធ្វើបែបនេះគឺជាការធ្វើឲ្យកីឡាករវ័យក្មេងបាត់បង់ឱកាស ដែលនេះជាការបំបាក់ទឹកចិត្តដល់ អ្នកជំនាន់ក្រោយ ។