ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុនជួយគាំទ្របង្កើតទីក្រុងឆ្លាតវៃ ( Smart Cities) នៅប្រទេសកម្ពុជា ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ

111


ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានប្រកាសថា បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការស្ដីពីការបង្កើត “វេទិកាសាធារណៈ ឯកជន ស្ដីពីការអភិវឌ្ឍនគរូបនីយកម្ម កម្ពុជា-ជប៉ុន ” គឺបង្កលក្ខណៈដល់ក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជាចាប់ដៃគូវិនិយោគរួមគ្នា លើការអភិវឌ្ឍអចលនទ្រព្យ ការអភិវឌ្ឍសំណង់លំនៅដ្ឋាន ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានទីក្រុង ការរៀបចំទីក្រុងនឹងរួមចំណែកក្នុងការបង្កើតទីក្រុងឆ្លាតវៃ (Smart Cities)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៧ខែកុម្ភៈ។

បើតាមក្រសួងជំនាញដដែល បានបន្តថា ជប៉ុនជួយគាំទ្របង្កើតទីក្រុងឆ្លាតវៃ ( Smart Cities) នៅប្រទេសកម្ពុជា ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ដែលជាទីក្រុងគំរូ។ ជប៉ុនជួយគាំទ្រ និងរួមចំណែកដល់ការរៀបចំបង្កើតបណ្តាញទីក្រុងឆ្លាតវៃ ( Smart Cities) អាស៊ាន-ជ​ប៉ុន និងការបង្កើតវេទិកាសាធារណៈ ឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មអាស៊ាន – ជប៉ុននាពេលខាងមុខ។ នៅខែតុលា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ រដ្ឋាភិបាលជប៉ុន នឹងរៀបចំកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន ដើម្បីពិភាក្សាអំពីការរីកចម្រើន ចែករំលែកបទពិសោធន៍ និងដោះស្រាយ បញ្ហាប្រឈម។ នៅឆ្នាំ២០២០ នៅក្រុងសៀមរាប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ រៀបចំវេទិកាសាធារណឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុនលើកទី២។

បើតាមការបញ្ជាក់ពីក្រសួងដែនដីកម្ពុជា នៅពាក់កណ្តាលខែមីនា ឆ្នាំ២០១៩ ជប៉ុននឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា ដំឡើងផ្កាយរណបគាំទ្រដល់ការងាររៀបចំស្ថានីយវាស់វែងអចិន្រ្តៃយ៍នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើដល់ការងារវាស់វែង និងផលិតផែនទី៕

អត្ថបទដែលជាប់ទាក់ទង