សម្តេចពិជ័យសេនា ដាក់បទបញ្ជា មិនឲ្យទាហាន ចូលរួមក្នុងសកម្មភាពជម្លោះដីធ្លី
ភ្នំពេញ: សម្តេចពិជ័យសេនា ទៀ បាញ់ បានចេញបទបញ្ជាដាច់ខាត មិនឱ្យមេបញ្ជាការគ្រប់ជាន់ថ្នាក់ បញ្ជាការកងទ័ព ចូលរួមសកម្មភាព ទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញបទបញ្ជាដាច់ខាតមិនឱ្យមេបញ្ជាការគ្រប់ជាន់ថ្នាក់ បញ្ជាការកងទ័ព ចូលរួមសកម្មភាពទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនោះឡើយ ព្រោះវាមិនស្របតាមច្បាប់លក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ។ ការចូលរួមសកម្មភាពពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះ មានតែមន្រ្តីយុត្តិធម៌ ក្នុងកងរាជអាវុធហត្ថតែប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ឈុំ សុជាតិ បានថ្លែងថាមាត្រា១ នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ចែងថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចបម្រើប្រទេសជាតិ។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺត្រូវរៀបចំប្រើប្រាស់កម្លាំងកងយោធពលខេមរភូមិន្ទ ដើម្បីការពារកសាងមាតុភូមិ និងដើម្បីផលប្រយោជន៍ ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។ ក្នុងកាលៈទេសៈចាំបាច់ កងយោធពលខេមរភូមិន្ទ អាចចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និងជាជំនួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ឬមានអាសន្នមហន្តរាយ៕