ឃាត់ខ្លួនបុរសម្នាក់ ដែលប្រើអំពើហិង្សាទៅលើមន្ដ្រីជំរឿន និងជេរត្មេះដៀលដល់ថ្នាក់ដឹកនាំ
ខេត្តតាកែវ ៖ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលប្រើអំពើហិង្សាទៅលើមន្ដ្រីជំរឿនម្នាក់ ក្នុងពេលចុះបំពេញការងារ និងបានជេរត្មេះ ដៀល ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ជនបង្កត្រូវបាន កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ដែលករណីនេះ បានកើតឡើងនៅចំណុចភូមិត្រពាំងត្រគៀត ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។
បុរសម្នាក់ខាងលើនេះ ឈ្មោះ មិន សុក ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិត្រពាំងត្រគៀត ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកជនរងគ្រោះ ឈ្មោះ យ៉ាង សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិរំពាក់ពេន ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងពេលមន្ដ្រីជំរឿន ចុះបំពេញការងារជំរឿនប្រជាជន នៅទីតាំងខាងលើ ស្រាប់តែលោក មិន សុក បានរារាំងមិនឲ្យលោក យ៉ាង សុភាព ចុះបំពេញឯកសារ និងធ្វើការងារនោះទេ។ ភ្លាមនោះលោក មិន សុក បានមកដណ្ដើមឯកសារការងារ ដែលលោក យ៉ាង សុភាព ចុះធ្វើបានចំនួន៥៧គ្រួសារ និងផែនទីប្លង់ជំរឿនយកទៅហែក និងដុតចោលទាំងអស់ ថែមទាំងបានទាត់លោក យ៉ាង សុភាព ដែលជាមន្ដ្រីជំរឿន ចំនួនបួនជើងទៀតផង។ លើសនេះទៅទៀត លោក មិន សុក បានជេរត្មេះ ដៀល ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕