ប្រធានផ្សារបឹងកេងកង ចុះផ្សព្វផ្សាយខ្លឹមសាររដ្ឋបាលរាជធានីភ្នំពេញដល់អ្នកបើកបរត្រីចក្រយានយន្ត
ភ្នំពេញ៖ ប្រធានគណៈកម្មការផ្សារបឹងកេងកង ខណ្ឌចំការមន លោក ឯក និមល កាលព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នេះ បានចុះផ្សព្វផ្សាយ ខ្លឹមសារលិខិតលេខ ០២៣/១៩ សជណ របស់ រដ្ឋបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរុឺម៉កសណ្តោង ដែលកំពុងបំរើសេវា ជុំវិញបរិវេណផ្សារបឹងកេងកង ខណ្ឌចំការមនរាជធានីភ្នំពេញ ស្តីពីការបើកវគ្គបណ្តុះបណ្តាលនូវច្បាប់ចរាចរផ្លូវគោកជូនដល់បងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរុឺម៉កសណ្តោងដោយឥតគិតថ្លៃ ដើម្បីប្រឡងយកប័ណ្ណបើកបរជា រៀងរាល់ថ្ងៃសៅរ៍ រយៈពេល ២ខែ ចាប់ពីថ្ងៃទី២ខែមិនា ដល់ថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩ នៅអង្គភាពផ្តល់ប័ណ្ណបើកបរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានចេញកាលពីថ្ងៃទី០១មិនានេះបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹង ដល់អ្នកបើកបរត្រីចក្រយានយន្តនិងទោចក្រយានយន្ត ទាំងអស់អោយបានជ្រាបថា កន្លងមកនេះបងប្អូនប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញភាគច្រើនបានបើកបរយានយន្តលើដងផ្លូវដោយពុំមានប័ណ្ណបើកបរយានយន្តត្រឹមត្រូវ។ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរនិងដើម្បី អោយការធ្វើចរាចរណ៍រាប់តាមច្បាប់ចរាចរផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញបានចាត់ឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញរៀបចំបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូន ដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១៧ល្ងាចនិងមានរយៈពេល ២ខែគិតចាប់ ពីថ្ងៃសៅរ៍ទី ២ ខែមិនាដល់ថ្ងៃទី ៤ខែឧសភាឆ្នាំ ២០១៩ស្ថិតនៅអង្គភាពផ្ដល់ប័ណ្ណបើកបរយានយន្តផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ ២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។ ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលរួចបងប្អូនអាចដាក់ពាក្យប្រលង ទ្រឹស្តីនិងប្រឡងដៃចង្កូតដើម្បីទទួលបានបណ្ណបណ្ណបើកបរយានយន្តប្រភេទ ក ។
អាស្រ័យហេតុនេះសូមអញ្ជើញបងប្អូនអ្នកបើកបរយានយន្តគ្រប់ប្រភេទដូចបានរៀបរាប់ខាងលើត្រូវរួសរាន់សហការ និងចូលរួមវគ្គបណ្ដុះបណ្ដាលឲ្យបានគ្រប់គ្នា។ ផុតពីរយៈពេលពីរខែបន្ទាប់ពីការជូនដំណឹងនេះអាជ្ញាធរមានសមត្ថកិច្ចនិងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាពត៌មានដោយមិនមានការលើកលែងអភិសេកទៀតឡើយ៕