ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ១នាក់ ពីបទ លួចទូរស័ព្ទ ពេលដែលម្ចាស់ បានភ្លេចទូរស័ព្ទដៃម៉ាក Iphone 6plus នៅលើតុរោងបុណ្យ

96

(បន្ទាយមានជ័យ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ៤០នាទី នៅចំណុចក្នុងរោងបុណ្យ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្រ្កាបករណី លួច(ទូរស័ព្ទ) និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ីង សេងហួរ ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបំភ្លឺឲ្យដឹងថា ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ខ្លួនបានមកចូលរួមបុណ្យ ១០០ថ្ងៃរបស់បងប្អូនស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ លុះដល់វេលាម៉ោង ២១ និង ០០នាទី ក៏ងើបចេញពីរោងបុណ្យ និងបានភ្លេចទូរស័ព្ទដៃម៉ាក Iphone 6plus នៅលើតុរោងបុណ្យ ពេលត្រឡប់មកវិញស្រាប់តែបាត់រកមិនឃើញ ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង តែម្តង ។ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានចុះស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស លុះដល់ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ៤០នាទី នៅចំណុចក្នុងរោងបុណ្យមួយកន្លែងផ្សេងទៀត ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ មានឈ្មោះ មាន ឌី ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មកររត់តុតាមរោងការ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ រួមជាមួយវត្ថុតាងទូរស័ព្ទដៃ របស់ជនរងគ្រោះនៅនឹងខ្លួនរបស់ជនសង្ស័យផងដែរ ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ខ្លួនពិតជាបានលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន ដើម្បីយកមកទុកប្រើប្រាស់ដោយខ្លួនគ្មានលទ្ធភាពទិញទូរស័ព្ទថ្លៃៗប្រើប្រាស់ ហើយគិតថាពេលប្រើអស់ចិត្តនឹងយកទៅលក់ ដើម្បីយកប្រាក់ទៅឲ្យម្តាយ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ លួច បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។ ចំណែកទូរស័ព្ទដៃ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនម្ចាស់ដើមវិញហើយ ។

អត្ថបទដែលជាប់ទាក់ទង