ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្អូនស្រីសម្តេចតេជោ បានផ្ដាំអាអ្នកបំផ្លាញធនធានធម្មជាតិទាំងអស់ ឈប់កាប់ទៀត ពីព្រោះគេមិនមែនជេរម៉ែអ្នកកាប់ទេ គេ ជេរម៉ែសម្ដេច

105


ខេត្តរតនគិរី៖ បន្ទាប់ពីលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហោះសាររបាយការណ៍ពីករណី កម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបឈើកកោះបានរាប់សិបដុំ ខណៈក្រុមឈ្មួញដឹកជញ្ជូនយកមកលាក់ទុក លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន បានសរសេរសារមួយនៅផេកហ្វេសប៊ុក ស្នើឲ្យឈ្មួញឈើ ឈប់កាប់បំផ្លាញ់ធនធានធម្មជាតិទៀត ហើយសូមទុកឈើទាំងនេះ ជាសម្បត្តិរបស់រដ្ឋ។

លោកស្រី Sinath Hun បានសរសេរសារក្នុងផេកហ្វេសប៊ុក កាលពីថ្ងៃទី៤ខែមីនានេះថា សូមមេត្តាឈប់កាប់បំផ្លាញ ធនធានធម្មជាតិទៀតទៅ អាលោកឈ្មួញអើយ ហើយសូមទុកឈើទាំងនេះ ជាសម្បត្តិរបស់រដ្ឋ កុំដុតចោលដូចលើកមុនៗទៀតអី ទុកជាប្រយោជន៍គ្រាន់សាងសង់អ្វីផ្សេងៗ ។ ម្យ៉ាងទៀតវា ឆ្ងាញ់ត្រង់អាឈ្មួញកាប់ឈើច្រើនម្លឹងៗ ពេលកាប់ម៉េចក៏កម្លាំងកងរាជអាវុធហត្ថ របស់ខេត្តនោះ មិនមើល ឬក៏ត្រីចង្វាចិញ្ចឹមត្រីឆ្ដោទេដឹង បានជាធ្វើមិនដឹងមិនឮនោះ!។ សូមផ្ដាំអាអ្នកបំផ្លាញធនធានធម្មជាតិទាំងអស់ថា ឈប់កាប់ទៀតទៅ ពីព្រោះគេមិនមែនជេរម៉ែអ្នកកាប់ទេគេ ជេរម៉ែសម្ដេច អញ្ចឹងម៉ែជាមួយខ្ញុំដែរ ទៅជេរម៉ែអាឈ្មួញនោះទៅ ដើម្បីឲ្យអ្នកមានគុណរបស់ខ្ញុំ ទទួលបានសេចក្ដីសុខស្ងប់នៅឋានសួគ៌ផង ។

ទោះយ៉ាងណា លោកKanharith Khieu រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី៣ខែមីនា បានបង្ហោះនូវរបាយការណ៍មួយដែលផ្ញើពីមន្ទីរព័ត៌មានខេត្តរតនគិរី ថា សូមគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី៖ កម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបឈើកកោះ បានរាប់សិបដុំ ខណៈក្រុមឈ្មួញដឹកជញ្ជូនយកមកលាក់ទុក។

ឈើជ្រុងរាប់សិបដុំ ដែលក្រុមឈ្មួញកាប់ និងដឹកជញ្ជូនចេញ ពីដែនព្រៃអភិរក្ស ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបនិងរឹបអូសបាន ឈើកកោះជាច្រើន ដែលឈ្មួញបាន យកមកលាក់ទុក បម្រុងដឹកបន្តទៅប្រទេសវៀតណាម ដោយបានអាក់ខានទៅវិញ។
ក្រោយការចូលកាន់តំណែងរបស់ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ទៅលើកងកម្លាំងទាំងអស់ ឲ្យបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតាមបណ្តាស្រុក ហើយបានដាក់កម្លាំងត្រៀម ចុះបង្ក្រាប២៤ម៉ោង។

ប្រតិបត្តិការចុះបង្ក្រាបឈើនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ ជា២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតនៅត្រង់ចំណុចភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី។

លោកវរសេនីយ៍ឯក ផាន់ សុផាត់ មេបញ្ជាការរងអាវុធហត្ថខេត្ត បានដឹកនាំកម្លាំង ចុះទៅបង្ក្រាបឈើកកោះ បានជាច្រើនដុំ ខណៈដែលក្រុមឈ្មួញ កំពុងធ្វើការដឹកជញ្ជូនយកមករក្សាទុក រង់ចាំឱកាសល្អ និងដឹកបន្តទៅប្រទេសវៀតណាមផងដែរ។

លោកបានបន្តថា ឈើកកោះទាំងអស់នេះ នៅមិនទាន់ដឹងពីចំនួនដុំ នៅឡើយទេ ហើយបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្ត៕

អត្ថបទដែលជាប់ទាក់ទង