ក្មេងទំនើងស្រវឹងស្រា វាយអតីតកីឡាករប្រដាល់ ឡោ សំណាង ក្នុងជម្លោះគ្រោះថ្នាក់ចរាចរ
ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានឃាត់ខ្លួនក្មេងទំនើង៤នាក់ ក្នុងចំណោមបក្ខពួកច្រើននាក់ ដែលព្រួតគ្នា វាយអតីតអ្នកប្រដាល់ ឡោ សំណាង បណ្តាលឲ្យរងរបួសប៉ោងមុខ និងបាក់កូនម្រាមដៃ បន្ទាប់ពីមានជម្លោះក្នុងគ្រោះថ្នាក់ចរាចរ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៣ ខែមីនា នៅទល់មុខនឹងផ្សារទំនើបអ៊ីអនម៉លទី១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
របាយការណ៍របស់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានឲ្យដឹងថា បុរសជាម្ចាស់រថយន្តស៊ីណាដែលមិនទាន់ពាក់ស្លាកលេខ ទើបនឹងទិញ គឺជាអតីតអ្នកប្រដាល់ស៊េរី ឡោ សំណាង អាយុ៣៧ឆ្នាំ បច្ចុប្បន្នមានមុខរបរជាអ្នករត់តាក់ស៊ីពីភ្នំពេញទៅប៉ោយប៉ែត សព្វថ្ងៃស្នាក់នៅផ្ទះលេខ៧ ក្រុម43 ភូមិ8 ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានរងបួសដៃខាងឆ្វេង និងបាក់ម្រាមដៃកូនខាងស្តាំ ននិងផ្ទៃមុខ។ ចំណែកក្រុមជនបង្កមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿង ១ ម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GL- 2601 បើកបរដោយជនបង្កម្នាក់ ២ ម៉ាកស៊ុយសុគីឡេត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ភ្នំពេញ1CT- 7479 បើកបរនឹងរួមដំណើរដោយជនបង្ក២នាក់ ៣ ម៉ាកធូដេ ជិះគ្នា២នាក់ ។ សមត្ថកិច្ចឃាត់បានក្រុមជនបង្ក បាន៤នាក់ រួមមាន ទី១ ឈ្មោះ គឹម សម្បត្តិ អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខក31 ផ្លូវ371 ក្រុម18 ភូមិព្រែក សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ មុខរបរចុងភៅនៅណាហ្គាវើល ។ ទី២- ឈ្មោះឆង ប៊ុនថន អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ64 ផ្លូវ371 ក្រុម18 សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ មុខរបរលក់ចាប់ហួយ ។ ទី៣- ឈ្មោះ ឈឹម ដារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ361 ផ្លូវ371 ភូមិព្រែក សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ មុខរបរជាងឈើ និងទី៤- ឈ្មោះ សេង សុខនុរក្ស អាយុ២៣ឆ្នាំ មុខរបរស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ ។
លោក ឡោ សំណាង បានប្រាប់ឲ្យដឹងថា មុនកើតហេតុ បានបើករថយន្តចេញពីចំណតនៅផ្សារថ្មី ត្រឡប់មកផ្ទះវិញ នៅមុខផ្សារទំនើបអ៊ីអនម៉លទី១ ។ ពេលធ្វើដំណើរមកដល់ផ្លូវបត់ចូលផ្ទះ គាត់ក៏បត់ចូល តែមិនបានស៊ីញ៉ូទេ ស្រាប់តែមានក្រុមក្មេងទំនើងមួយក្រុម ជិះម៉ូតូ៣គ្រឿង មកពីក្រោយគឺម៉ូតូស៊ុយសុគីឡេត បើកបរដោយយុវជនឈ្មោះគឹម សម្បត្តិ រួមដំណើរដោយយុវជនម្នាក់ទៀត ឈ្មោះ ឈឹម ដារ៉ូ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកគូទរថយន្តគាត់បន្តិច បណ្តាលកូដទឹកថ្នាំតិចតួច តែមិនបានបង្កឲ្យនរណាម្នាក់រងរបួសឡើយ ។ ភ្លាមៗនោះបក្ខពួកក្រុមក្មេងទំនើងផ្សេងទៀត បានមកកាក់រថយន្តគាត់ពីមុខ ឲ្យឈប់ ហើយគាត់ក៏មិនបានរត់ទៅណាទេ គឺនៅទទួលខុសត្រូវគ្រប់យ៉ាង។ ដំបូងគាត់គិតថា ឲ្យយុវជននោះសង តែគាត់ក៏មានចំណែកខុសក៏ព្រមស្មើគ្នា តែក្រុមក្មេងទំនើងទាំងនោះមិនព្រម ដោយទាមទារឲ្យបុរសម្ចាស់រថយន្ត សុំទោសបងធំពួកគេ ដែលជិះម៉ូតូប៉ះរថយន្តគាត់ ទើបព្រមឲ្យរួចគ្នា តែគាត់មិនព្រម ទើបមានការឈ្លោះប្រកែកគ្នាពេញផ្លូវ ក៏ត្រូវក្រុមក្មេងទំនើងទាំងនោះខឹង បាននាំគ្នាព្រួតវាយគាត់ មានអ្នកខ្លះរើសដុំថ្មគប់គាត់ អ្នកខ្លះវាយគាត់នឹងមួកការពារ អ្នកខ្លះវាយនឹងដៃប្រវាយប្រតប់គ្នាពេញផ្លូវ បណ្តាលឲ្យគាត់រងរបួសបាក់ម្រាមដៃកូនខាងស្តាំ និងរលាត់ដៃជើងរហែកអាវ ជាំមុខ ហើយក្មេងទំនើងទាំងនោះ បម្រុងឡើងម៉ូតូជិះរត់គេច តែគាត់បានតដៃវិញ និងព្យាយាមដកសោម៉ូតូជនបង្ទុក។ ភ្លាមៗក៏មានអាជ្ញាធរមូលដ្ឋាន និងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនបាន ជនបង្កចំនួន៤នាក់ និងម៉ូតូ២គ្រឿង យកមកដោះស្រាយនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ។
នគរបាលរដ្ឋបាលទន្លេបាសាក់ ក៏ធ្វើការពិនិត្យជាតិស្រវឹងឃើញថា ក្រុមក្មេងទំនើងទាំង៤នោះ សុទ្ធតែមានជាតិស្រវឹង ក្នុងខ្លួនគ្រប់គ្នា ។ ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។ គរបាលរដ្ឋបាលទន្លេបាសាក់ បានកសាងសំណុំរឿង បញ្ជូនជនបង្កបន្តទៅអធិការដ្ឋានខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធី ៕