ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លុបអាជ្ញាប័ណ្ណទេសចរណ៍ ប្រកបអាជីវកម្មខារ៉ាអូខេ មជ្ឈមណ្ឌលកម្សាន្តរ៉ុក ដោយសារលោកគិត ធាង អនុវត្តន៍ផ្ទុយកិច្ចសន្យា

117


ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចលុបអាជ្ញាប័ណ្ណទេសចរណ៍ប្រកបអាជីវកម្មខារ៉ាអូខេ មជ្ឈមណ្ឌលកម្សាន្តរ៉ុក របស់លោកគិត ធាង ដោយសារតែលោកគិត ធាង បានអនុវត្តន៍ ផ្ទុយពីកិច្ចសន្យារបស់ខ្លួន។

លិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៩ បានជម្រាបលោកគិតធាង ម្ចាស់អាជីវកម្មរ៉ុក អ៊ិនធើធេនមេន សិនធើ ស្តីពីការលុបអាជ្ញាប័ណ្ណលេខ ០៥៨/១៨ អ.ទ.ច ចុះថ្ងៃទី២៨ខែមិថុនាឆ្នាដ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ។

លោកហួត ហៃ បានបញ្ជាក់ក្នុងលិខិតនោះថា រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញអាជ្ញាប័ណ្ណលេខ ០៥៨/១៨ អ.ទ.ច ចុះថ្ងៃទី២៨ខែមិថុនាឆ្នាដ២០១៨ ស្តីពីការប្រកបអាជីវកម្មខារ៉ាអូខេ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក អ៊ិនធើធេនមេន សិនធើ ដោយលោកគិត ធាង បានធ្វើការអះអាងថា មិនឥ្យមានការប្រើប្រាស់ ឬជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋានអាជីវកម្ម របស់ខ្លួនឡើយ។ ក្រោយមកទៀត នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ លោកក៏បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយបានសន្យាថា មិនអនុញ្ញាតឲ្យមានការជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងនៅក្នុងទីតាំងអាជីវកម្ម ក្នុងករណីមិនបានអនុវត្តទៅតាមខ្លឹមសារនៃកិច្ចសន្យា លោកសុខចិត្តឲ្យអាជ្ញាធរមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ បិទអាជីវកម្មទាំងស្រុង និងទទួលខុសត្រូវតាមច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ព្រមទាំងច្បាប់ផ្សេងៗទៀត។

លោកហួត ហៃ បានបន្ថែមថា ប៉ុន្តែកាលពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៩ វេលាម៉ោង ២និង៤៥នាទីទៀបភ្លឺ កងកម្លាំងមានសមត្ថកិច្ចបានបើកប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក បានរកឃើញវត្ថុតាងជាគ្រឿងញៀន ចំនួន៤៨,៨១០គីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣១១នាក់ ស្រី៥៦នាក់។ ករណីនេះ បញ្ជាក់ថា លោកបានអនុវត្តន៍ផ្ទុយពីកិច្ចសន្យារបស់ខ្លួន ដូច្នេះរដ្ឋបាលរាជធានីភ្នំពែញ សម្រេចលុបអាជ្ញាប័ណ្ណលេខ ០៥៨/១៨ អ.ទ.ច ចុះថ្ងៃទី២៨ខែមិថុនាឆ្នាដ២០១៨ វិញចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ១ និង ៣០ នាទី រំលងអធ្រាត្រ ដោយមានការដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពីលោក លី សុផាណា ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអន្តរាគមន៍ពិសេស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការបង្រ្កាបក្នុងបទល្មើសជាក់សែ្តងទីតាំងមជ្ឈមណ្ឌលកំសាន្តរ៉ុក ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ប្រើប្រាស់ សំរួល និង ចាត់ចែង ដោយខុសច្បាប់នូវសារធាតុញៀន ។

នៅពេលចុះទៅដល់ទីតាំងខាងលើកម្លាំងប្រតិបត្តិការចម្រុះយើងបានធ្វើការត្រួតពិនិត្យទីតាំងខាងលើ ចំនួន ១៥ បន្ទប់ រកឃើញ ឃាត់ខ្លួនមនុស្សចំនួន ៣១១ នាក់ ( ប្រុស ២៥៦ នាក់ នាក់ ស្រី ៥៥ នាក់) និងចាប់យកបាន វត្ថុតាង ពាក់ពន្ធ័បទល្មើសមួយចំនួន បញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្នជនជាតិ ចិន ចំនួន ១៣ នាក់ ការិយាល័យ បានបញ្ជូនទៅ ការិយាល័យស៊ើបអង្កេត អនុវត្តនីតិវិធី នៃស្នងការដ្ឋាននគេបាលរាជធានីភ្នំពេញ ចាត់ការបន្ត ។

ចំពោះមនុស្ស ចំនួន ២៨១ នាក់ ដោយមានការឯកភាពពីលោក អគ្គស្នងការង និងជាស្នងការ និង លោក លី សុផាណា ព្រះរាជអាជ្ញារនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យបានអប់រំ ធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានអាណា្យព្យបាលមកធានាយកទៅអប់រំបន្ត ។

ចំណែកជនសង្ស័យចំនួន ១៧ នាក់ និងវត្ថុតាង ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ហើយត្រូវបានតុលាការចេញដីការឃុំខ្លួនបណ្តោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង