លោក ហ៊ុន ម៉ានិត ត្រូវបុគ្គលិក ក្រុមហ៊ុនSeara Sports, Life Fitness មើលងាយថា ជាមនុស្សល្ងង់ និងមិនឆ្លាត
កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ានិត ចូលទៅទិញឧបករណ៍សម្រកទំងន់ នៅហាងមួយឈ្មោះ Seara Sports, Life Fitness នៅពេលចូលទៅទិញនោះ បុគ្គលិកប្រើពាក្យមិនគួរគប្បីទៅកាន់រូបលោក ក្នុងន័យមើលងាយថា ជាមនុស្សល្ងង់ និងមិនឆ្លាត។
លោក ហ៊ុន ម៉ានិត គឺកូនប្រុសទីពីររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច របស់ក្រសួងការពារជាតិ មានឋានៈស្មើរដ្ឋមន្រ្តីផងដែរ និងជាសមាជិកក្រុមប្រឹក្សាភិបាល និងទីប្រឹក្សាអមក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា បានបង្ហោះបទពិសោធន៍មួយនេះនៅក្នុងបណ្តាញសង្គមរបស់ខ្លួនដូចនេះថា៖ “ខ្ញុំមានការដកពិសោធន៍ថ្មីមួយ ដែលចង់ចែករំលែក អោយបងប្អូន.. ខ្ញុំបានចូលទៅរកឧបករណ៍កីឡានៅឯក្រុមហ៊ុន Seara Sports, Life Fitness ក្រែងរកឧបករណ៍ហាត់ដើម្បីហាត់ស្រកគីឡូ។ ទៅរកមិនបានពេញចិត្តហើយ ត្រូវគេដៀលថាយើងល្ងង់ទៀត គេថាទាល់តែអ្នកឆ្លាត ក្រឡេកមើលទៅឃើញឧបករណ៍របស់គេដឹងថាមួយណាល្អ អ្នកដែលមិនឆ្លាតទេដែលមើលមិនដឹងថាល្អមួយណានោះ។ គេថាមេរបស់គេរកស៊ីជាមួយសុទ្ធតែអ្នកមានមុខមានមាត់។ កន្លែងដែលគេរៀបចំនៅ rosewood hotel មួយទៀតគេរៀបចំនៅឯ កន្លែងកីឡា បន្ទាយ កន្លែងទាំងពីរនេះគឺសុទ្ធតែស្គាល់ច្បាស់ ចឹងបានគេថាមេគេចាប់ដៃជាមួយអ្នកគ្រាន់បើ។ ចុងក្រោយខ្ញុំក៏ចេញពីSeara Sports, Life Fitnessមក បើគេមើលងាយចឹងហើយនោះ ខ្ញុំមិនដឹងថាអ្នកផ្សេងមានអារម្មណ៍ រឺក៏ការដកពិសោធន៍ដូចនេះដែរទេនៅ Seara Sports, Life Fitness។ ខ្ញុំបានទៅទិញសម្ភារៈកីឡានៅកន្លែងផ្សេងដែលគេរាក់ទាក់ហើយមិនបានមើលងាយខ្ញុំ។ បើបុគ្គលិកធ្វើរបៀបនេះ ក្រុមហ៊ុននឹងមានបញ្ហាជាមិនខាន”៕