ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស ផ្សារដីហ៊ុយតម្លៃ១៧លានដុល្លារ

296

ភ្នំពេញ៖ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ ត្រូវបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃចន្ទ ០៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ។

ការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលថ្មី ដែលមានគុណប្រយោជន៍ធំធេងក្នុងការរំដោះការកកស្ទះចរាចរនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹង ថា គម្រោងសាងសង់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ មានប្រវែងសរុប ៩៤២ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ ក្នុងនោះតួស្ពាន មានប្រវែង ៦១០ម៉ែត្រ និងផ្លូវតភ្ជាប់ក្បាលស្ពានសងខាង ប្រវែងសរុប ៣៣២ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ។

លោករដ្ឋមន្ត្រីបន្តថា គម្រោងនេះចំណាយថវិកាសរុបប្រមាណ១៧លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ពន្ធ និងអាករផ្សេងៗ។ ស្ពាននេះ បានប្រើពេលសាងសង់ចំនួន ២៤ខែ ចាប់ពីខែឧសភា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ។

បើតាមលោក ស៊ុន ចាន់ថុល ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ គឺជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ ដែលគម្រោងទាំងមូលមានប្រវែងសរុប ១៦,៦៧៩គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីមហាវិថីសហព័ន្ធរុស្សីនៅត្រង់ភ្លើងស្តុបរតនាផ្លាហ្សា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរត់កាត់តាមបណ្តោយផ្លូវណ័ដប្រ៊ីឌ (Northbridge) ផ្លូវទ្រុងមាន់ ផ្លូវភូមិទួលពង្រ ផ្លូវទំនប់៧មករា មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រលេខ ១៤+៤១៧ ចំណុចគល់ស្ពានព្រែកហូរ(ផ្នែកខាងជើង) ស្ថិតនៅត្រង់ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងតភ្ជាប់ទៅផ្លូវលេខ ១១៥ និងស្ពានតាខ្មៅ (ខេត្តកណ្តាល)។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ការអភិវឌ្ឍគ្រប់វិស័យ ជាមួយកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំ ក្នុងរង្វង់ ៧ភាគរយ រយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ។ ក្នុងបរិការណ៍នៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ប្រកបដោយស្ថិរភាពនេះ បានធ្វើឲ្យកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ដែលអនុញ្ញាតឲ្យពួកគាត់មានលទ្ធភាពប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនច្រើនជាងមុន សម្រាប់ការប្រកបមុខរបរ និងធ្វើដំណើរកំសាន្តទៅកាន់ទីជិតនិងទីឆ្ងាយ។

រដ្ឋមន្ត្រីដែលកំពុងទទួលបានការគាំទ្រខ្លាំងលើស្នាដៃបម្រើជាតិ និងប្រជាជនក្នុងនាមជាសេនាធិការឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន បានបន្ថែមដោយការកើនឡើងមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទនេះ បានធ្វើឲ្យចរាចរណ៍នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ កាន់តែមានភាពមមាញឹក និងការកកស្ទះ ដែលតម្រូវឲ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត សំដៅសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ស្ពានអាកាសដ៏ថ្មីស្រឡាងនេះ នឹងរួមចំណែកជួយបង្កើនប្រសិទ្ធភាពនៃការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ជាពិសេសជួយសម្រួលដល់អ្នកដំណើរទៅ-មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឲ្យបានកាន់តែងាយស្រួល ឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ដើម្បីធ្វើទំនើបកម្មបណ្តាញគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលតែងតម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំនោះ បានសាងសង់ស្ពានអាកាសសរុបចំនួន ៥ រួចមកហើយរហូតមកដល់បច្ចុប្បន្ននេះ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស ៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស ៥មករា និងស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ។ ក្នុងនោះរាជរដ្ឋាភិបាល ក៏ទើបតែបានបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត គឺស្ពានអាកាសរង្វង់មូលចោមចៅ កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

តាមរយៈសមិទ្ធផលនេះទាំងអស់នេះ បានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការគិតគូរខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះសុខមាលភាពសង្គម និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់ប្រទាក់ក្រឡា និងកាន់តែទំនើបទៅៗនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង