នគរបាលអន្ដោប្រវេសន៍ ត្រូវ ដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលកាន់កាប់ដោយជនបរទេស
លោក សុខ ផល ក៏បានណែនាំដល់នគរបាលអន្ដោប្រវេសន៍ ពិសេសនៅតាមបណ្ដាស្នងការដ្ឋានរាជធានី-ខេត្ត លើការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលកាន់កាប់ដោយជនបរទេស ខណៈដែលឱសាទនៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លើបញ្ហានេះកាន់តែគៀកនឹងផុតកំណត់ទៅហើយនោះ។
លោក សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុលលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្ដ ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំនគរបាលអន្ដោប្រវេសន៍ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោក សន្តិបណ្ឌិត បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ក្នុងកម្ពុជា ចំនួន៣៥,០០១ឯកសារ ស្មើនឹង៨៨.៧៩% នៃផែនការ។ បានទទួលពាក្យសុំប្រកាសទទួលស្គាល់ជា ជនបរទេសអន្តោប្រវេសន្ត (ចាប់ពីអាយុ១៨ឆ្នាំឡើង) បានចំនួន ៧៥,០៨៩នាក់ ស្មើនឹង៥៩.៦៤% ក្នុងនោះ បានចេញប្រកាសទទួលស្គាល់ចំនួន២៩,១៨១ ដែលមានមនុស្ស ៤៦,៣៨១នាក់ (១៤,៤៤៩គ្រួសារ) ។
ដោយឡែក ការទទួលពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ បានចំនួន ៥៧,៤៤៤នាក់ ស្មើ៤៥.៦២% ដោយបានផ្តល់រួចនូវបណ្ណស្នាក់នៅអចិន្ត្រៃយ៍ចំនួន ១៨.៥៣០សន្លឹក ទទួលបានប្រាក់អាករពីបណ្ណស្នាក់នៅអចិន្ត្រៃយ៍ចំនួន ១១,១០៦,០០០,០០០រៀល បង់ចូលថវិកាជាតិ។ នេះបើតាមរបាយការណ៍ ដែលបង្ហាញដោយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ។
លោក នាយឧត្តសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានបន្ថែមថា ឆ្នាំ២០១៨ មានជនបរទេសដែលការស្នាក់នៅ និងធ្វើការខុសច្បាប់កើតមាន៧៧លើក មនុស្ស១៧៧នាក់ (ច្រើនជាងគេវៀតណាម ១៣៤នាក់)។
ស្នាក់នៅលើសរយៈពេលកំណត់ ៨៦លើក មនុស្ស៨៦នាក់ (ច្រើនជាងគេនីហ្សេរីយ៉ា ៤៨នាក់) កូរ៉េខាងត្បូង០៧នាក់ អង់គ្លេស០៥នាក់។ ស្នាក់នៅគ្មានឯកសារ៥២លើក មនុស្ស១៤៧នាក់ (ច្រើនជាងគេវៀតណាម ៨៧នាក់ ចិន០៨នាក់ នីហ្សេរីយ៉ា០៧នាក់ មីយ៉ាន់ម៉ា០៦នាក់ និងឡាវ ០៦នាក់)។ ជួញដូរគ្រឿងញៀន៣១លើក មនុស្ស៥២នាក់ (ច្រើនជាងគេឡាវ១៥នាក់ វៀតណាម១៤នាក់ ថៃ១០នាក់ ចិន០៥នាក់ កូរ៉េ០៣នាក់)។
ជម្រិតទារប្រាក់តាមប្រព័ន្ធ VOIP និងហ្គេមអនឡាញខុសច្បាប់ ១៤លើក មនុស្ស៤៨១នាក់ (ភាគច្រើនចិន៤០៣នាក់ ម៉ាឡេស៊ី៤៨នាក់)។ អំពើហិង្សា ២០លើក មនុស្ស២៨នាក់ (ច្រើនជាងគេចិន១៣នាក់)។ អំពើអាសអាភាស និងអណាចារ្យ ១៨លើក មនុស្ស២៥នាក់ (ច្រើនជាងគេអង់គ្លេស០៦នាក់) ក្រៅពីនោះបទល្មើសផ្សេងៗទៀតចំនួន ៧២លើក មនុស្ស១២៩នាក់៕