សម្តេចវិបុលសេនាភក្តី សាយ ឈ៉ំ បានផ្តល់បទសម្ភាន៍ដល់ក្រុមមន្រ្តីជំរឿន
ភ្នំពេញ: នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈ៉ំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់បទសម្ភាន៍ដល់ក្រុមមន្រ្តីជំរឿន ដែលដឹកនាំឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការធ្វើជំរឿនមានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយត្រូវចុះសម្ភាសន៍ប្រជាពលរដ្ឋដែលជាមេគ្រួសារប្រមាណ ៣លានគ្រួសារ នៅទូទាំងប្រទេស។ ការធ្វើជំរឿននេះ មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជន។
ក្នុងឱកាសដែលមន្រ្តីជំរឿន ចុះផ្ទាល់ដល់ភូមិគ្រឺះសម្ដេចវិបុលសេនាភក្តី ក្រុមការងារនៃមន្រ្តីជំរឿន បានជម្រាបជូនសម្ដេចវិបុលសេនាភក្តី ពីគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងការជំរឿនប្រជាពលរដ្ឋ ដោយមន្ត្រីជំរឿនបានបញ្ជាក់ថា ការជំរឿនត្រូវរៀបចំជាសំណួរសួរពាក់ព័ន្ធនឹង ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។ ជាក់ស្ដែងការជំរឿននៅក្នុងភូមិគ្រឹះសម្ដេចនេះ ក្រុមការងារត្រូវ ដាក់ជាសំណួរ ទៅលើសមាជិកទាំងអស់នៅក្នុងភូមិគ្រឹះរបស់សម្ដេច រួមមានទាំងអ្នកបំរើ អង្គរក្ស ដោយសួរ ពាក់ព័ន្ធនឹងការសិក្សា ការបង្កកំណើត ការស្រង់ទៅលើផ្ទះសម្បែងអគារផ្សេងៗ ដោយធ្វើការសម្ភាសន៍ ផ្ទាល់នៅក្នុងគ្រួសារតែម្តង ជាមួយនិងការបង្ហាញ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប៉ុន្តែទោះបីជាយ៉ាងណាក្តីមន្រ្តីជំរឿនបានបញ្ជាក់ប្រាប់សម្តេចផងដែរថា ក្រុមមន្រ្តីជំរឿន មិនបង្ខំ តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណឬសំបុត្រកំណើតរបស់ប្រជាពលរដ្ឋមកបង្ហាញនោះទេ។
សម្ដេចវិបុលសេនាភក្តី បានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញពិសេសលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញ អោយមានការអភិវឌ្ឍន៍រីកចំរើន ។
ពាក់ព័ន្ធនឹងការងារខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួម និងផ្តល់កិច្ចសហការជាជាមួយមន្ត្រីជំរឿន ឲ្យបានល្អប្រសើរនិងទទួលបានលទ្ធផលល្អ។
ដោយឡែករដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីណែនាំស្ដីពីការអនុវត្តការងារធ្វើជំរឿនទូទៅប្រជាជន នៅរាជធានីភ្នំពេញឆ្នាំ២០១៩ដោយបានគូសបញ្ជាក់ថា គ្រប់ទីតាំង អង្គភាព ស្ថាបន័ឬគ្រឹះស្ថាននានាទាំងវិស័យសាធារណៈ និងវិស័យឯកជនដូចជាសណ្ឋាគារ ផ្ទះសំណាក់ មណ្ឌលកម្សាន្ត មន្ទីរពេទ្យ ផ្សារ ចំណត់ឡាន កំពង់ផែ ព្រលានយន្តហោះជាដើម ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមផ្តល់កិច្ចសហការជាមួយ មន្ត្រីជំរឿនក្នុងការធ្វើសម្ភាសន៏ជំរឿន។ ដោយឡែកទី តាំងអង្គភាពមួយចំនួនដែលមាន លក្ខណៈជាគ្រួសារស្ថាប័ន ដូចជា៖វត្តអារាម,ពន្ធនាគារ អន្តេវាសិកដ្ឋាននិងមណ្ឌលប្រមូលផ្តុំនានា ត្រូវផ្តល់កិច្ចសហការ និងចូលរួមជាមួយមន្ត្រីជំរឿន ក្នុងការរាប់សម្ភាសន៏អ្នករស់នៅតាមស្ថាប័ន ឬគ្រឹះស្ថានទាំងនោះចាប់ពីថ្ងៃទី៣ដល់១៣មីនា ឆ្នាំ២០១៩៕