ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់៣នាក់ទាំងព្រឹក ដោយសាររថយន្តដឹកដែក បុកជាមួយរថយន្តកាមេរី នៅ ផ្លូវជាតិលេខ៤

111


ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរ នាព្រឹកថ្ងៃទី៦មីនានេះ នៅម្តុំលក់សាច់ក្រក បណ្តោយផ្លូវជាតិលេខ៤ ខណ្ឌពោធិសែនជ័យ រវាងរថយន្តកាមរី និងរថយន្តដឹកដែក។ ហេតុការណ៍រន្ធត់នេះ បណ្តាលអោយមនុស្ស៣នាក់ស្លាប់ និងរបួស ២នាក់ ដោយដែកសង្កត់ក្នុងប្រឡាយទឹក។

ជនរងគ្រោះ ​ដែល​ស្លាប់​ទាំង​បី​នាក់​ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ក្នុង​នោះ​ភាគី​រថយន្ត​កាមរី ​បាន​ស្លាប់​ពីរ​នាក់ និង​ភាគី​រថយន្ត​សណ្ដោង​កន្ទុយ​រ៉ឺម៉ក​ស្លាប់​ម្នាក់ ដោយសារ​ពេល​ឡាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ ហើយ​ធ្លាក់​ដែក​សង្កត់​លើ​ទាំងអស់​គ្នា តែ​ក្នុង​នោះ​ស្ត្រី​ម្នាក់​ ភាគី​ខាង​រថយន្ត​កាមរី​ឆ្លាម​បាន​រង​របួស​ធ្ងន់។

ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ បានឲ្យដឹងថា មុន​ពេល​កើតហេតុ​គេ​ឃើញ រថយន្ត​កាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-2239 បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន លុះ​មកដល់​ចំណុច​កើតហេតុ​រថយន្ត​នេះ បាន​វ៉ា​ជែង​រថយន្ត​ដឹក​ដែក​ខ្នាត​វែង​ពណ៌​ខៀវចាស់ ពាក់​ស្លាកលេខ ភ្នំពេញ 3D-9712 ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា។

ប្រភព​បន្ដ​ថា​ ពេល​កំពុង​បើក​វ៉ា​ជែង​នោះ ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ​បើក​មកពី​ខាងមុខ​បញ្ច្រាស​ទិស​គ្នា​ជាមួយ​រថយន្ត​កាមរី​ឆ្លាម ពេល​ឃើញ​ស្ថានភាព​បែបនេះ ​រថយន្ត​កាមរី​ឆ្លាម​បាន​បើក​ងាក​គេច​ចូល​ខាងស្ដាំ​ដៃ​វិញ ទើប​បណ្ដាល​ឲ្យ​រថយន្ត​ដឹក​ដែក​បុក​ពីក្រោយ​រថយន្ត​កាម​រី​តែម្ដង ពេល​នោះ​រថយន្ត​ទាំងពីរ​គ្រឿង​បាន​រេ​ចង្កូត​ទៅ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​តាម​ចិញ្ចើម​ផ្លូវ​ទាំងអស់​គ្នា​តែម្ដង។

ប្រភព​បន្ដ​ថា​ មុន​ពេល​ធ្លាក់​ចូល​ប្រឡាយ​ទឹក​រថយន្ត​ដឹក​ដែក ​ក៏​ជ្រុល​ទៅ​បុក​នឹង​ដើម​អំពិល​ទឹកបាក់​អស់​មួយ​ដើម​ទៀត ហើយ​ទើប​ធ្លាក់​ដែក​សង្កត់​លើ​តៃកុង​រថយន្ត​ស្លាប់​ដោយ​កៀប​ជាប់​នៅ​ក្នុង​រថយន្ត ហើយ​ជនរងគ្រោះ​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​កាមរី​ឆ្លាម​ បាន​ខ្ទាត​ចេញ​មនុស្ស​មក​ខាងក្រៅ តែ​ក៏​ត្រូវ​បាន​ស្លាប់​ដោយសារតែ​ដែក​សង្កត់​លើ​ទាំងពីរ​នាក់​ភ្លាមៗ​ផង​ដែរ។ ដោយឡែក ​ស្ដ្រី​រង​របួស​នោះ​ស្ថិត​នៅ​ក្នុង​រថយន្ត​មិនបាន​ខ្ទាត​ចេញ​មក​ក្រៅ​នោះទេ។

ក្រោយ​ពេល​កើតហេតុ ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ និង​សមត្ថកិច្ច​មូលដ្ឋាន​ បាន​នាំគ្នា​ចុះ​ទៅ​ពិនិត្យ​វាស់វែង​យក​រថយន្ត​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​កន្ទោក​ជា​បណ្ដោះអាសន្ន​សិន ហើយ​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទាំង​បី​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន ដោយ​រង់ចាំ​សាច់ញាតិ​ក្រុម​គ្រួសារ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕


អត្ថបទដែលជាប់ទាក់ទង