ប្រកាសតាមចាប់ក្រុមអ្នកដើរខ្សឹប រឿងទឹកខ្មៅជ្រលក់ដៃបោះឆ្នោត នាំឲ្យស្លាប់ក្នុង២៤ម៉ោង
ភ្នំពេញ៖ ថ្មីៗនេះ មានការផ្សាយព័ត៌មាន ឆបោកតាមបណ្តាញសង្គម ដែលនិយាថា នៅក្នុងពេលបោះឆ្នោតជាតិ ខាងមុខនេះ គឺមានទឹកខ្មៅពីរប្រភេទ ដែលនឹងយកមកប្រើគឺទី១ ទឹកខ្មៅជ្រលក់ដៃធម្មតា និងទឹកខ្មៅដែលជ្រលក់ដៃហើយ គឺនឹងធ្វើឲ្យស្លាប់ភ្លាមក្នុង២៤ម៉ោង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងដាក់បទបញ្ជាឲ្យចាត់វិធានការ ចំពោះក្រុមអង្គការសង្គមស៊ីវិល នៃបន្ទប់ស្ថានការណ៍បោះឆ្នោត បន្ទាប់ពីរកឃើញថា ពួកនេះ កំពុងញុះញង់ប្រជាពលរដ្ឋថា ទឹកខ្មៅជ្រលក់ដៃនៅថ្ងៃបោះឆ្នោត មានទឹកខ្មៅជ្រលក់ដៃ ដែលបណ្តាលឲ្យស្លាប់ ២៤ម៉ោងក្រោយជ្រលក់ដៃ។
នៅព្រឹកថ្ងៃចន្ទទី២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស មិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ។
សម្តេចតេជោ បានបញ្ជាក់ថា ក្រុមពួកនេះ កាលពី៥ឆ្នាំមុនគេថា ទឹកខ្មៅជូតជ្រះ ឥឡូវគេថាទឹកខ្មៅជ្រលក់ដៃស្លាប់ ដែលនេះជាទោសឧក្រិដ្ឋ និងបញ្ជាឲ្យអាជ្ញាធរចាត់វិធានការ ដោយមិនលើកលែងទោះ នៅក្រៅប្រទេសក៏ត្រូវតាមចាប់ផងដែរ។ ផែនការសកម្មភាព របស់អង្គការបន្ទប់ស្ថានការណ៍បោះឆ្នោត ត្រូវបានអាជ្ញាធរ តាមដានយ៉ាងដិតដល់។ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា “ទង្វើនេះ មិនអាចអត់ឱនឲ្យបាននោះឡើយ”។
សម្តេចតេជោ ក៏បានបញ្ជាឲ្យអាជ្ញាធរដំឡើងប្រព័ន្ធ តាមដានការធ្វើសកម្មភាពតាមដានហ្វេសប៊ុក (Facebook) ដើម្បីទប់ស្កាត់ ទង្វើបំផ្លាញជាតិ របស់ក្រុមនេះ។ ម៉ាស៊ីនដែលដំឡើង ដើម្បីចាប់ទីតាំងអ្នកបង្ហោះតាមហ្វេសប៊ុក គឺមានភាពសុក្រឹតខ្ពស់ ហើយទីតាំងលំអៀង តែបន្តិចបន្តួចប៉ុណ្ណោះ ត្រឹមជាង២,៥០ម៉ែត្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពមានហើយ ការអភិវឌ្ឍកំពុងមានជាជំហានហើយ ដូច្នេះមិនត្រូវឲ្យបាត់បង់ទៅវិញនោះទេ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា មិនឱនក្បាលចំពោះជនបរទេស នាំឲ្យមានការបំផ្លេចបំផ្លាញជាតិនោះ។ សម្តេច មិនចង់ដាក់ខ្នោះជនណាម្នាក់នោះទេ តែបើគេប្រព្រឹត្តទោស នឹងត្រូវជាប់ខ្នោះ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យជួយចាប់ក្រុមអ្នកដើរខ្សឹប រឿងទឹកខ្មៅជ្រលក់ដៃនាំឲ្យស្លាប់ ក្រោយជ្រលក់២៤ម៉ោង។
ពាក់ព័ន្ធនឹងការបំភ្លៃព័ត៌មានអំពី “ទឹកខ្មៅ” ជ្រលក់ដៃក្នុងពេលបោះឆ្នោត ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា ” ថ្ងៃនេះ ខ្ញុំព្រះករុណា មានរឿងមួយដែលត្រូវនិយាយទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ព្រឹកមិញនេះ ខ្ញុំព្រះករុណា បានទទួលព័ត៌មានមួយ អំពីការឆបោក ដែលអាចក្លាយទៅជាឧក្រិដ្ឋកម្ម នៃក្រុមពួកនេះ ដែលយើងមិនត្រូវអត់ឱនទេ គឺគេបានលើកឡើងថា នៅថ្ងៃបោះឆ្នោតខាងមុខ នឹងមានទឹកខ្មៅជ្រលក់ ចំនួនពីរប្រភេទ ពីរដប គឺដបទី១ ដបទឹកខ្មៅធម្មតា ឯដបទឹកខ្មៅទី២ គឺជ្រលក់ទៅក្នុងរយៈពេល២៤ម៉ោង គឺស្លាប់ខ្លួន។ ករណីនេះ គឺផ្តាំទៅ ជាក្រុមដដែលទេ ដែលលើកពីកាល៥ឆ្នាំមុន រឿងទឹកខ្មៅលុបជ្រះ ។ កាលពីឆ្នាំ២០១៣ នៅចាំទេ ស្រែកឆោឡោថាទឹកខ្មៅលុបជ្រះ តែឥឡូវនេះគេមានផែនការសម្ងាត់របស់គេ ហើយមិនត្រូវឲ្យពួកអាក្រុមនេះរួចខ្លួននោះទេ ។ ម្តងនេះ វាយអាមេក្រុមនេះឲ្យបាន បើហ្អែងហ៊ានធ្វើពិតប្រាកដ គឺត្រូវវាយហ្អែងតែម្តង កុំឲ្យចេញរួចទោះទៅដល់ប្រទេសណា ក៏ត្រូវតាមចាប់ត្រឡប់មកវិញ។ រឿងនេះជាការបោកប្រាស់ បំភ័យប្រជាពលរដ្ឋ កុំឲ្យទៅធ្វើការបោះឆ្នោត ជាមួយនឹងក្រុមបក្ខពួកដែលអំពាវនាវឲ្យប្រជាជន គឺប្រជាជន កុំទៅបោះឆ្នោត ។ គេយកផែនការខ្សឹបមួយ ដាក់ចេញការប្រជុំ ខ្ញុំសូមប្រាប់ថា ពួកអ្នកឯងប្រជុំមិនអាចលាក់បាំងជិតជាមួយខ្ញុំបានទេ”។
សម្តេចតេជោ បានបន្ថែមថា នេះជាព័ត៌មានបោកប្រាស់ ដែលមានចេតនាបង្កចលាចល អសន្តិសុខនិងសណ្តាប់ធ្នាប់ ដល់ប្រទេសជាតិ និងបំភ័យប្រជាជន កុំឲ្យទៅបោះឆ្នោត នៅក្នុងថ្ងៃបោះឆ្នោតជាតិខាងមុខនេះ។ នេះគឺជាសកម្មកភាព ដែលចាត់ទុកជាអំពើឧក្រិដ្ឋ និងជាបទល្មើស ដែលមិនអាចអត់ឱនបានជាដាច់ខាត។ សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវឃ្លាំមើលសកម្មភាពពួកគេ ព្រមទាំងនាំខ្លួនជនទុច្ចរិតទាំងនោះ មកផ្តន្ទារទោសតាមច្បាប់ជាធរមាន។ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាទប់ស្កាត់ និងការពារថែរក្សាអាយុជីវិត ប្រជាពលរដ្ឋ ព្រមទាំងការពារសន្តិភាព សម្រាប់ប្រទេសជាតិទាំងមូល មិនឲ្យមានអ្វីកើតឡើងជាដាច់ខាត។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះទាំងអស់គ្នា។ “គឺគ្មានទឹកខ្មៅ ដូចដែលពួកជនឆបោកទាំងនោះ ប្រឌិតឡើយ” សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់បន្ថែម។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានប្រកាសសារជាថ្មីផងដែរថា ឆ្នាំនេះកម្ពុជាប្រារព្ធខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាម ទាំងស្រុង នៅកម្ពុជាផងដែរ ដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។ ដើម្បីរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍ សូមបងបងប្អូន ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត៕