ការជួញដូរមនុស្ស និងរំលោភបំពានលើកុមារ នៅកម្ពុជា ជនល្មើសប្រើរូបភាព ជាអ្នកជំនួញ គ្រូបង្រៀន អង្គការស្ម័គ្រចិត្ត
ភ្នំពេញ ៖ ក្នុងជំនួបជាមួយប្រតិភូនគរបាលអឺរ៉ុប លោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បានថ្លែងថា អ្វីដែលសំខាន់នៅក្នុងបច្ចុប្បន្ននេះ ការជួញដូរមនុស្ស និងរំលោភបំពានលើកុមារ ក្នុងរូបភាពនៅប្រទេសកម្ពុជា គឺជនល្មើសប្រើរូបភាព ជាអ្នកជំនួញ គ្រូបង្រៀន ឬក៏ជាអ្នកអង្គការស្ម័គ្រចិត្ត។
លោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូនគរបាលអឺរ៉ុប (EURPOL) នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងជំនួបពិភាក្សានេះ ភាគីទាំងបានផ្តោតសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍ និងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ពិសេសអំពើអនាចារលើកុមារ។
លោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បានលើកឡើងថា ចំពោះស្ថានភាពកម្ពុជា នាពេលបច្ចុប្បន្ននេះ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបញ្ហាកុមារ មានការឆ្លងកាត់ ពីប្រទេសមួយ ទៅប្រទេសមួយ។ “បច្ចុប្បន្ននេះ ស្ថានភាពជួញដូរមនុស្ស និងរំលោភបំពារ បំពានលើកុមារ ក្នុងរូបភាព នៅប្រទេសកម្ពុជា គឺមានពីរជាសំខាន់ អ៊ីចឹង ជនដែលប្រពឹត្តបទល្មើស គឺមិនមែនមានតែមកពីប្រទេសនៅអឺរ៉ុបនោះទេ មានមកតាំងពីអាមេរិក អូស្រ្តាលី ឬក៏ប្រទេសផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងកុមារ។ រូបភាព ដែលជនល្មើស មកធ្វើសកម្មភាព នៅកម្ពុជា គឺមាន២ប្រភេទ ទី១.តាមរូបភាពទេសចរណ៍ និងទី២.តាមរូបភាពមកស្នាក់នៅបណ្តោះអាសន្ន ប្រកបរបររកស៊ី ឬធ្វើសកម្មភាពផ្សេងៗ ដើម្បីអូសទាញកុមារ រកស៊ីតាមដងផ្លូវ ឬក៏កុមារ ដែលមានជីវភាពខ្វះខាត ដោយផ្តល់ការទុកចិត្ត ដូចជា ឲ្យលុយ និងនាំដើរលេងជាដើម ប៉ុន្តែបញ្ហានេះ វាមិនកើតឡើងច្រើននោះទេ” លោកឧត្តមសេនីយ៍ឯក បានបន្ថែមយ៉ាងដូច្នេះ។
លោកប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ចំពោះបទពិសោធន៍ នៃកិច្ចសហការ របស់នគរបាលជាតិកម្ពុជា ក្នុងកិច្ចការងារបង្រ្កាប ប្រឆាំងនឹងអំពើបំពារបំពានលើកុមារ កន្លងមកហើយនេះ យើងក៏មានកិច្ចសហការពីអង្គការសង្គមស៊ីវិល (NGO) ជាដៃគូ នៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេស ជាមិត្ត ដូចជា បារាំង FBI អូស្រ្តាលី ជាដើម។ ប៉ុន្តែកន្លងហើយ ក៏មានប្រធានអង្គការមួយ ដែលធ្វើការជាមួយកុមារ បានរំលោភបំពានលើកុមារ ដែលសមត្ថកិច្ច ចាប់បញ្ជូនទៅតុលាការផងដែរ។
លោកប្រធាននាយកដ្ឋាន បានបន្តទៀតថា “ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយគ្នាទៅថ្ងៃមុខ សង្ឃឹមថា នឹងកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស ពិសេសអំពើអនាចារលើកុមារ”៕