សម្តេចព្រះមហាក្សត្រី អំពាវនាវសូមកូនចៅ មាតាបិតា អាណាព្យាបាលទាំងអស់ ចូលរួមលើកកម្ពស់សីលធម៌សង្គម វប្បធម៌អហិង្សា នៅក្នុងគ្រួសារ និងសង្គម
(ភ្នំពេញ)៖ ទិវាអន្តរជាតិនារី ថ្ងៃ៨មីនានេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏បានអំពាវនាវសូមកូនចៅ មាតាបិតា អាណាព្យាបាលទាំងអស់ ចូលរួមលើកកម្ពស់សីលធម៌សង្គម វប្បធម៌អហិង្សា នៅក្នុងគ្រួសារ និងសង្គម តាមរយៈការអប់រំទូន្មានប្រៀនប្រដៅកូនចៅ ដោយរៀបចំខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ការប្រើអំពើហិង្សា ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវសីលធម៌ សុជីវធម៌ ។ិ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចេញព្រះរាជសារដ៏ឧត្តុង្គឧត្តម ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី ថ្ងៃ៨មីនា ឆ្នាំ២០១៩។ ក្នុងព្រះរាជសារ សម្តេចម៉ែ ចាត់ទុកសម័យតេជោ សែន នាបច្ចុប្បន្ន ធ្វើឲ្យប្រជារាស្ត្រ មានសេចក្តីសុខ វឌ្ឍនភាព ដូចសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះ នរោត្តម សីហនុ អំឡុងទស្សវត្សរ៍ឆ្នាំ១៩៦០។
ក្នុងព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានលើកឡើងថា ពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនាជារៀងរាល់ឆ្នាំ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឲ្យមានការលើកកម្ពស់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្ត្រី នៅក្នុងសង្គម។ នាទិវាដ៏មានសារៈសំខាន់នេះ ជារៀងរាល់ឆ្នាំ ប្រទេសនិមួយៗ តែងតែលើកយកប្រធានបទមួយ ដើម្បីដាក់ចេញជាសកម្មភាពសម្រាប់អនុវត្តស្របទៅនឹងបរិការណ៍របស់ប្រទេសរៀងៗខ្លួន។ សម្រាប់កម្ពុជា នៅឆ្នាំនេះ បានលើកយកប្រធានបទមួយ គឺ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» សម្រាប់ដាក់ចេញជាសកម្មភាពគន្លឹះក្នុងការអនុវត្តគោលនយោបាយជាតិ គាំពារសង្គម ដែលជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលធ្វើឲ្យប្រទេសមានសន្តិភាព កិត្តិយស កិត្តិនាម នៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក ប្រជារាស្ត្រមានសេចក្តីសុខ វឌ្ឍនភាព ដូចសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឧត្តុង្គឧត្តមនៃព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៃយើង។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បន្តថា «ទន្ទឹមនឹងនេះ ខ្ញុំមានសេចក្តីរីករាយក្រៃលែង ដោយឃើញរាជរដ្ឋាភិបាល មានក្របខណ្ឌគោលនយោបាយគាំពារសង្គមល្អប្រសើរ ក្នុងគោលបំណងកំណត់ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការធានាឲ្យមាននូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។ ខ្ញុំសូមសរសើរ និងគាំទ្រក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដែលជាផែនទីផ្តោតលើសសរស្តម្ភចំនួនពីរ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។ ប្រព័ន្ធទាំងពីរ មានសារៈសំខាន់ចំពោះសង្គម ដោយឆ្លើយតបទៅនឹងគ្រោះអាសន្ន ការអភិវឌ្ឍមូលធនមនុស្សឲ្យមានជំនាញ និងចំណេះដឹងស្របទៅតាមការវិឌ្ឍន៍របស់សង្គម សុខុមាលភាពសម្រាប់ប្រជាជនងាយរងគ្រោះ ព្រមទាំងគិតគូរទៅលើការថែទាំសុខភាព ហានិភ័យការងារ និងពិការភាព ព្រមទាំងសោធននិវត្តន៍ពេលវ័យចាស់។ នេះជាលទ្ធផលដ៏វិជ្ជមាននៃការអនុវត្តគោលនយោបាយជាតិ ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចខ្ពស់ នាំមកនូវភាពរីកចម្រើន ថ្កុំថ្កើននាថ្ងៃនេះ»។
ឆ្លៀតក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ថ្ងៃ៨មីនានេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏បានអំពាវនាវសូមកូនចៅ មាតាបិតា អាណាព្យាបាលទាំងអស់ ចូលរួមលើកកម្ពស់សីលធម៌សង្គម វប្បធម៌អហិង្សា នៅក្នុងគ្រួសារ និងសង្គម តាមរយៈការអប់រំទូន្មានប្រៀនប្រដៅកូនចៅ ដោយរៀបចំខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ការប្រើអំពើហិង្សា ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវសីលធម៌ សុជីវធម៌ និងរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដើម្បីរក្សាសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម សាមគ្គីជាធ្លុងមួយ ព្រមទាំងរក្សាសេចក្តីថ្លៃថ្នូរ ដើម្បីឆ្ពោះទៅរកភាពសម្បូរសប្បាយ និងសុខដុមរមនាជារៀងរហូត ស្របតាមព្រះរាជបណ្តាំរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
បន្ថែមលើនេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏បានប្រកាសអំពាវនាវដល់បងប្អូន កូនចៅ ជនរួមជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រេចទស្សនទាន ដើម្បីធ្វើឲ្យកម្ពុជា ក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏បានសម្តែងនូវការកោតសរសើរជាថ្មីម្តងទៀត ចំពោះសម្តេចតេជោ ហ៊ុណ សែន ដែលខិតខំបំពេញភារកិច្ច ដើម្បីជាឧត្តមប្រយោជន៍ប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
នៅក្នុងព្រះរាជសារដដែល សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏មិនភ្លេច កោតសរសើរដ៏កក់ក្តៅជាទីបំផុត ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អ្នកដឹកនាំដ៏ឆ្នើម និងជាគំរូដ៏ល្អ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងសកម្មភាពរបស់កាកបាទក្រហមកម្ពុជា និងបានខិតខំលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ឲ្យមានកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសង្គម៕