ចាប់អតីតមន្ដ្រី មន្ទីររៀបចំដែននិងសំណង់ ដើរទារលុយគេ តាមការដ្ឋានសំណង់
ភ្នំពេញ ៖ បុរសវ័យចំណាស់ ជាមន្ត្រីចូលនិវត្តន៍ អស់រយៈកាលជាង១០ឆ្នាំមកហើយ បានក្លែងបន្លំខ្លួន ជាបុគ្គលិកមន្ទីររៀបចំដែន និងសំណង់ ដើរទារលុយគេតាមការដ្ឋានសំណង់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន។ នាពេលកន្លងមកបុរសចំណាស់ខាងលើធ្លាប់ដើរប្រមូលលុយ និងត្រូវសមត្ថកិច្ចធ្លាប់ចាប់ខ្លួនម្តងហើយ ប៉ុន្តែមិនរាងចាល នៅបន្តសកម្មភាពដដែល ទើបម្ចាស់ការដ្ឋានសំណង់ ប្ដឹងកម្លាំងនគរបាល ឲ្យឃាត់ខ្លួនម្ដងទៀត តែមិនប្ដឹងផ្ដល់អ្វីនោះទេ គ្រាន់តែឲ្យកម្លាំងនគរបាល សាកសួរធ្វើកិច្ចសន្យា សម្រេចតាមច្បាប់ចុះ។
បុរសវ័យចំណាស់ម្នាក់ដែលគេស្គាល់ថាជាអតីតមន្ដ្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់រាជធានីភ្នំពេញ បានក្លែងបន្លំខ្លួនធ្វើជាបុគ្គលិកមន្ទីររៀបចំដែនដី ដើរទារលុយគេ តាមការដ្ឋានសាងសង់នានា ត្រូវកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម ឃាត់ខ្លួន បញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
បុរសរូបនោះ ឈ្មោះ តៃ អេង អាយុ ៧៥ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍ ស្នាក់នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ មានស្រុកកំណើតភូមិក្រាំងស្ពឺ ឃុំរលាំងកែន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មុនពេលឈានដល់ការឃាត់ខ្លួនបុរសនេះ ត្រូវបានប្រជាពលរដ្ឋម្នាក់ បានមកប្ដឹងកម្លាំងនគរបាលថា បុរសរូបនេះ ក្លែងបន្លំខ្លួនជាបុគ្គលិកមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ ដើរទារលុយគេ ខណៈនោះប៉ះចំការដ្ឋានសាងសង់មួយកន្លែង មានបងប្អូនធ្វើការងារនៅមន្ទីរដែរ ទើបសាកសួរទៅប្រធាន មិនមានបុរសវ័យចំណាស់ម្នាក់នេះ ធ្វើការនៅក្នុងការិយាល័យ ទើបប្ដឹងកម្លាំងនគរបាល ឲ្យឃាត់ខ្លួនមកកាន់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីបុរសវ័យចំណាស់នេះ បានឲ្យដឹងថា កាលដំបូងឡើយ រូបគាត់បុគ្គលិកមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ ហើយចូលនិវត្តន៍ អស់រយៈកាលជាង១០ឆ្នាំមកហើយ ប៉ុន្តែដោយសារជីវភាពគ្រួសារ ខ្វះខាត ថែមទាំងមានជំងឺប្រចាំកាយ ទើបសម្រេចចិត្តដើរធ្វើបែបនេះ ដើម្បីរកលុយចិញ្ចឹមជីវភាពគ្រួសារ ។ បុរសវ័យចំណាស់នេះ ត្រូវកម្លាំងនគរបាល សាកសួរនិងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការខណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕