ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តសៀមរាប សុំឲ្យកម្លាំងសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់ ការងារចរាចរណ៍ ការទប់ស្កាត់បង្រ្កាបគ្រឿងញៀន

96


ខេត្តសៀមរាប៖ អភិបាលខេត្តសៀមរាប បានធ្វើការក្រើនរំលឹក ដល់កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនយកចិត្ត ទុកដាក់ ពង្រឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុង ដោយផ្តោតសំខាន់ទៅលើបញ្ហាការធ្វើចរាចរគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរ និង ធ្វើការទប់ស្កាត់បង្រ្កាបឲ្យខាងតែបាន ព្រោះជា ខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ ប្រមូលផ្តុំទៅដោយភ្ញៀវទេសចរ មកពីគ្រប់មជ្ឈដ្ឋានលើពិភពលោក ចូលមកទស្សនាកម្សាន្ត ។

មានប្រសាសន៍នៅក្នុងឱកាសបិទអង្គសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបតិ្តការឆ្នាំ២០១៨របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៩ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលសៀមរាប លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការក្រើនរំលឹកដល់កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនយកចិត្ត ទុកដាក់ ពង្រឹងលើការងារសន្តិសណ្តាប់ធ្នាប់សាធារណៈក្នុង ដោយផ្តោតសំខាន់ទៅលើបញ្ហាការធ្វើចរាចរគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរ ដែលកម្លាំងសមត្ថកិច្ចជំនាញត្រូវធ្វើការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និង ធ្វើការទប់ស្កាត់បង្រ្កាបឲ្យខាងតែបាន លើបញ្ហាគ្រឿងញៀនក្នុងខេត្ត និង ឆ្លងកាត់ខេត្ត ដោយខេត្តសៀមរាប គឺជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ ប្រមូលផ្តុំទៅដោយភ្ញៀវទេសចរ មកពីគ្រប់មជ្ឈដ្ឋានលើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ម៉្យាងទៀតវិស័យទេសចរណ៍នេះ គឺជាឧស្សាហកម្មគ្មានផ្សែង ដែលជា ប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិ និង ប្រជាពលរដ្ឋ ។ កត្តាសំខាន់ចំពោះមុខនោះ កងកម្លាំងទាំងអស់ ក៏ត្រូវត្រៀមឲ្យបាននូវគ្រប់ លក្ខណៈក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដោយរដូវនេះជារដូវប្រាំង មានការក្តៅហួតហែង និង អាចជួបនូវប្រធានស័ក្តិកើតឡើង ដើមី្ប ងាយស្រួយក្នុងការចុះជួយអន្តរាគមន៍ទាល់ពេល សំខាន់ដោយយោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកនិង ឧតុនិយម បានឲ្យ ដឹងថា នៅរយៈពេលពីរបីខែខាងមុខនេះ នៅតាមតំបន់មួយចំនួន នឹងជួបនូវបញ្ហាខ្វះទឹកប្រើប្រាស់ ។ ដូច្នេះចំពោះមធ្យោបាយ សម្ភារៈ ដែលកងកម្លាំងមានស្រាប់ ត្រូវធ្វើការត្រួតពិនិត្យឲ្យបានជាប្រចាំ ក្នុងភាពងាយស្រួលចុះជួយដល់ប្រជាពលរដ្ឋផងដែរ ។ ក្នុងនោះដែរ លោក ក៏បានសង្កត់ធ្ងន់ផងដែរ ចំពោះមន្ត្រីសមត្ថកិច្ចទាំងអស់ ត្រូវដកខ្លួនចេញឲ្យឆ្ងាយពីការពាក់ព័ន្ធ បញ្ហាគ្រឿងញៀន និង បញ្ហាបទល្មើសផ្សេងៗផងដែរ ។

មានប្រសាសន៍ក្នុងឱកាសពិធីបិទសន្និបាតនោះ លោក នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ បាន ថ្លែងការកោតសរសើរដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេតសៀមរាប ដែលបានបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ធ្វើឲ្យបទល្មើសមានការថយចុះបើប្រៀបធៀបទៅឆ្នាំកន្លងមក ។ លោក នាយឧត្តមអគ្គស្នងការរង ក៏បានជម្រុញឲ្យមន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្តនូវតួនាទីរបស់ខ្លួន ក្នុងការការពារថែរក្សាសន្តិសុខសុវត្ថិភាព និង សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ដោយអនុវត្តច្បាប់និងក្រមសីលធម៌វិជ្ជាជីវប្រកបដោយសេចក្តីថ្លៃថ្នូរ ដើម្បីឲ្យប្រជាពលរដ្ឋមានការជឿជាក់ គ្មានការភ័យខ្លាចអំពីភាពអសន្តិសុខ ។ ភាពសុខសាន្តដែលមានរហូតមកដល់សព្វថ្ងៃ គឺអាស្រ័យលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្រ្តីជាប្រមុខដឹកនាំប្រកបដោយគិត្តិបណ្ឌិត។ កត្តានេះធ្វើឲ្យកងកម្លាំងនគរបាល ត្រូវបន្តខិតខំការពារថែរក្សានូវសុខសន្តិភាព ស្ថេរភាពដោយអនុវត្តច្បាប់ជាធំនិងបម្រើសេវាប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ ទន្ទឹមនឹងនោះកងកម្លាំងយើងត្រូវបង្កើនការតាមដានក្តាប់ព័ត៌មានដើម្បីឆ្លើយតបភ្លាមៗទៅនឹងជនខិលខូចមួយចំនួន ដែលញុះញង់បំភ្លៃការពិតបំពុលព័ត៌មានក្នុងសង្គម និង មួលបង្កាច់ចោទប្រកាន់ មកលើសមត្ថកិច្ចនគរបាលយើងទាំងក្នុងបណ្តាញសង្គម និង ជួរប្រជាពលរដ្ឋ ។ ជាមួយគ្នានេះដែរមន្តី្រនគរបាលត្រូវបន្តធ្វើការផ្សព្វផ្សាយនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានខ្លាំងក្លាបន្ថែមទៀតដល់ប្រជាពលរដ្ឋ និង ធ្វើការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទមិនឲ្យកើតមាន ដូចជាចោរលួច ចោរឆក់ ការជួញដូរមនុស្ស ការរីករាលដាលនៃគ្រឿងញៀន និង ការពារសុវត្ថិភាពសន្តិសុខ ជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលមកកម្សាន្តតាមរមណីយដ្ឋាននានានៅក្នុងទឹកដីនៃខេត្តសៀមរាប ឲ្យមានសន្តិសុខ សុវត្ថិភាពល្អ និង មានតម្លាភាពស្របតាមការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលយើងទាំងអស់គ្នាកំពុងតែអនុវត្ត ៕

អត្ថបទដែលជាប់ទាក់ទង