កីឡាករ សំបូរ សុភណ្ឌ ម្ចាស់មេដាយមាស កីឡាកាយវប្បកម្មពិភពលោក ស្នើសុំសម្តេចតេជោ អន្តរាគមន៍លើប្រាក់រង្វាន់
ភ្នំពេញ៖ កីឡាករ សំបូរ សុភណ្ឌ ដណ្ដើមបានមេដាយមាស ពីការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោកលើកទី១០ ឆ្នាំ ២០១៨ នៅប្រទេសថៃ។ នាពេលថ្មីៗនេះ កីឡាករ សំបូរ សុភណ្ឌ បានសរសេរសារលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ក្រសួងអប់រំ បានទម្លាក់ប្រាក់រង្វាន់លើកទឹកចិត្តពី 120.000.000 រៀល ដោយនៅត្រឹមតែ 20.000.000 រៀល
ដោយមិនបានបញ្ជាក់ពីមូលហេតុ និងមិនបានប្រាប់អ្នកកីឡាករមុនថ្ងៃប្រកួតនោះទេ។ ករណីនេះ កីឡាករកាយវប្បកម្មរូបនេះ ក៏បានស៊ែរសារនេះ ចូលទៅក្នុងផេកហ្វេសប៊ុករបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ( Samdech Hun Sen, Cambodian Prime Minister) ដើម្បីឲ្យសម្តេចបានឃើញ និងជួយអន្តរាគមន៍ ទៅក្រសួងអប់រំ ដើម្បីទទួលបានប្រាក់រង្វាន់ពេញលេញ។
បើតាមផេកហ្វេសប៊ុក Suphorn Sombo បានលើកឡើងថា “ខ្ញុំបាទសូមជំម្រាបសួរ និងគោរពសម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត
ខ្ញុំបាទជាកីឡាករកាយវប្បកម្មកម្ពុជា ដែលទើបនឹងប្រកួតបានមេដាយមាស លំដាប់ថ្នាក់ពិភពលោក កាលពីថ្ងៃទី15 ខែធ្នូ ឆ្នាំ2018 នៅប្រទេសថៃ ដែលប្រទេសចូលរួមប្រមាណ 51 ប្រទេស ថ្ងៃនេះ ខ្ញុំបាទមានបញ្ហា ដែលទាក់ទងជាមួយនឹងប្រាក់រង្វាន់ លើកទឹកចិត្តដោយក្រសួងអប់រំ បានទម្លាក់ប្រាក់រង្វាន់លើកទឹកចិត្ត ពី 120.000.000 រៀល ដោយនៅត្រឹមតែ 20.000.000 រៀល
ដោយមិនបានបញ្ជាក់ ពីមូលហេតុ និងមិនបានប្រាប់អ្នកកីឡាករ មុនថ្ងៃប្រកួតនោះទេ លុះដល់ពេលដែលខ្ញុំបាទប្រកួតរួច ទទួលបានមេដាយហើយ ទើបក្រសួងបានប្រកាសថា ទម្លាក់ប្រាក់រង្វាន់លើកទឹកចិត្តទៅវិញ
ខ្ញុំសូមឲ្យសម្តេច ជួយដោះស្រាយបញ្ហានេះ ឲ្យខ្ញុំបាទផង ពីព្រោះខ្ញុំមិនដឹងថាត្រូវដោះស្រាយបញ្ហានេះ ដោយវិធីណាទេ
សូមឲ្យសម្តេចជួយដោះស្រាយបញ្ហានេះ ឲ្យខ្ញុំបាទដោយក្តីអនុគ្រោះ។ ខ្ញុំបាទសូមអរគុណ សម្តេច និងជូនពរឲ្យសម្តេច មានសុខភាពល្អ”។
បើយោងតាមសេចក្តីប្រកាសស្តីពីការទទួលស្គាល់ និងផ្តល់ប្រាក់រង្វាន់ជ័យលាភី ការប្រកួតកីឡាកាយវប្បកម្ម ជ្រើសរើសជើងឯកពិភពលោកលើកទី១០ នៅប្រទេសថៃ របស់ក្រសួងអប់រំយុវជននិងកីឡា កាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយលោក បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានសម្រេច ត្រូវបានទទួលស្គាល់ ផ្តល់ប្រាក់រង្វាន់ជ័យលាភី និងប្រាក់ឧបត្ថម្ភដល់គ្រូបង្វឹក កីឡាករ កីឡាកាយវប្បកម្ម ចូលរួមប្រកួតជ្រើសរើសជើងឯកពិភពលោក លើកទី១០ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ មានដូចខាងក្រោម លោក ស៊ឹម សុភមង្គលរស្មី គ្រូបង្វឹក ទទួលបានប្រាក់រង្វាន់ ២០.០០០.០០០រៀល និងលោកសំបូរ សុភណ្ឌ ជាកីឡាករ ទទួលបានប្រាក់រង្វាន់ ២០.០០០.០០០រៀល។ កីឡាករនិងគ្រូបង្វឹកដែលជាជ័យលាភីត្រូវទទួលប្រាក់រង្វាន់ទៅតាមប្រភេទ និងចំណាត់ថ្នាក់ដែលបានចែងនៅក្នុងប្រកាសអន្តរក្រសួងលេខ ៧១៦ សហវ.ប្រក ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីគោលការណ៍ចំណាយសម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ជម្រើសជាតិ និងការប្រកួតលក្ខណៈអន្តរជាតិផ្លូវការ ប្រចាំឆ្នាំ។
ចំណែក ផេកហ្វេសប៊ុក Sethea Un បានលើកឡើងថា ឧទាហរណ៍ ប្រសិនបើគាត់ប្រកួតមិនឈ្នះវិញ តើខាងក្រសួង មានប្រាក់លើកទឹកចិត្តឲ្យទេ? ( ចូលចិត្តណាស់ ស៊ីកម្លាំងញើសឈាមគេ )។
ចំណែកឯ ផេក ឡៃ ស្រេង បានបញ្ចេញមតិថា សង្ឃឹមថានឹងមានវិធានការដោះស្រាយឲ្យបង Suphorn Sombo ឲ្យបានទទួលនូវអ្វី ដែលជារង្វាន់សមរម្យ ដើម្បីផ្តល់កម្លាំងចិត្ត ដល់កាយវប្បកម្មកម្ពុជាគ្រប់រូបផង។ កីឡាកាយវប្បកម្ម គឺជាកីឡាមួយប្រភេទ ដែលត្រូវការពេលវេលា ការតស៊ូ សេចក្តីព្យាយាម ភាពអំណត់ ខ្លាំងណាស់ ហើយក៏ប្រថុយប្រថាន ជាមួយផលវិបាកមួយចំនួន នៅពេលហាត់ ក៏ដូចជា នៅពេលដែលរាងកាយវិវឌ្ឍន៍ពេលចាស់ផងដែរ។
ចំនួនផេកហ្វេសប៊ុកមួយចំនួនទៀត ក៏បានលើងឡើងផងដែរថា បើចឹងៗ អីតើកីឡាកររូបណា គេមានទឹកចិត្ត នឹងប្រគួតដណ្ដើមមេដាយទៀត គ្រាន់តែប្រាក់រង្វាន់ឆ្នាំមុន នឹងឆ្នាំនេះ ខុសគ្នាដល់ទៅ100លានរៀល ចប់ហើយកីឡាខ្មែរយើងអើយ បើធ្វើចឹងអ្នកកីឡា មុននឹងអ្នកកីឡាក្រោយតើមានទឹកចិត្តចង់ប្រគួតទៀត ដែលទេបើចឹងៗអី នេះឬដែលជាទង្វើ ដែលលើកស្ទួយលើវិស័យកីឡា។
ផេក Nun Sambo៖ យប់នេះ ដេកមិនលក់ទេ ខ្ញុំមិនសប្បាយចិត្តនិងភាពអយុត្តិធម៌ ក្នុងខ្ញុំជាកីឡាករវប្បកម្មកម្ពុជាម្នាក់ ហើយក៏ជាបងបង្កើតរបស់កីឡាករ សំបូរ ណាន និងសំបូរ សុភ័ណ្ឌ មិនសប្បាយចិត្ត និងមិនអាចទទួលយកបាននៅប្រាក់រង្វន់ 20.000.000 រៀល ហេតុអីបានជាខ្ញុំ និយាយអញ្ចឹង ពីព្រោះប្រាក់រង្វន់ ដែលត្រូវទទួលបាន គឺ120.000.000រៀល សម្រាប់កីឡាករដែលបានមេដាយមាស ហើយមេដាយប្រាក់ គឺទទួលបាន 80.000.000 រៀល និងមេដាយសំរឹទ្ធិ ទទួលបាន64.000.000រៀល ព្រោះកីឡាកាយវប្បកម្ម ធ្លាប់ទទួលបានរួច មកហើយ កាលឆ្នាំ2016 និង2017 ដល់ឆ្នាំ2018 កីឡាករកាយវប្បកម្ម សំបូរ សុភ័ណ្ឌ ទទួលបានមេដាយមាសពិភពលោក លើកទី10 ដែលថៃ ជាម្ចាស់ផ្ទះ ហើយហេតុអ្វីបានជាប្រាក់រង្វន់ បានតែ20.000.000 រាល100.000.000រៀល បាត់ទៅណា បើអ្នកចង់ទម្លាក់ប្រាក់រង្វន់ ហេតុម្តេច អ្នកមិនផ្តល់ដំណឹងតាំងតែមុន ពេលដែលកីឡាករចេញទៅប្រកួត មិនមែនបានមេដាយហើយ បានប្រាប់ដូច្នេះទេ ហេតុដូច្នេះហើយ បានជារូបខ្ញុំ មិនអាចទទួលយកនៅភាពអយុត្តិធម៌នេះបានទេ ជាចុងក្រោយ ខ្ញុំបាទសូមលើកម្រាមដៃដប់ សូមឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអ្នកមានអំណាច ជួយរកយុត្តិធម៌ផង និងជួយលើកស្ទួយ ដល់កីឡាករកាយវប្បកម្មកម្ពុជា ដ៏កម្សត់នេះផងបាទ។
ផេក Mrr Daras ៖ ពេលអត់មេដៃ ប្រឹងឲ្យគេទៅប្រកួត ដល់ពេលមេដៃច្រើនពេក បោះបង់គេចោល សូមជួយដល់កីឡាករមេដៃមាសម្នាក់នេះផង គាត់ពិបាកណាស់ ទម្រាំបានប៉ុណ្ណេះ សូមមេត្តាជួយផង លោកក្រសួង។ ពួកខ្ញុំ ត្រូវតែបោះបង់វាចោល ព្រោះវាគ្មានអ្វី សម្រាប់ពួកខ្ញុំបន្តទៅមុខទៀតទេ។
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ បានប្រកាសអបអរសាទរ ការមកដល់មាតុប្រទេស របស់ម្ចាស់មេដាយមាស ពិភពលោក គឺកីឡាករ សំបូរ សុភ័ណ្ឌ។
កីឡាករ សំបូរ សុភ័ណ្ឌ ដែលទទួលបានមេដាយមាស ក្នុងការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក ឆ្នាំ២០១៨នៅប្រទេសថៃ បានមកដល់មាតុប្រទេស និងបានទទួលការស្វាគមន៍ ដល់អាកាសយានដ្ឋាន ពីសំណាក់ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។
សូមបញ្ជាក់ថា កីឡាករ សំបូរ សុភណ្ឌ បន្ទាប់ពីទទួលបានឈ្នះមេដាយមាសពីការប្រកួតកីឡាកាយវប្បកម្ម ជ្រើសរើសជើងឯកពិភពលោកលើកទី១០ ឆ្នាំ២០១៨ នៅឈៀងម៉ៃ ប្រទេសថៃ បានថ្លែងថា ទម្រាំនឹងឈ្នះមេដាយមាសលើកដំបូងនេះមានការលំបាកខ្លាំងណាស់ក្នុងរយៈពេល ៣ខែកន្លងទៅ ព្រោះត្រូវតបចំណីអាហារ សម្រកទម្ងន់ នឹងបន្ថែមការហ្វឹកហាត់ ១ថ្ងៃ ៣ដង ដែរជាទូទៅខ្លួនហាត់តែ ២ដងប៉ុណ្ណោះ។ បើតាមម្ចាស់មេដាយមាសរូបនោះ យល់ឃើញថា មានតែកីឡាកររបស់ប្រទេសថៃមួយប៉ុណ្ណោះ ដែលជាឧបសគ្គសម្រាប់ខ្លួន ហើយលោក បានប្តេជ្ញាថានឹងខិតខំហ្វឹកហាត់បន្តទៀត ដើម្បីការពារតំណែងមេដាយមាសនេះ នាឳកាសក្រោយ។
លោក តឹក ប៊ុនវី អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណបានរំលឹកថា មុនពេលចេញទៅប្រកួត រូបលោកក៏ដូចជាកីឡាករផ្ទាល់សុទ្ធតែគិតថា យ៉ាងហោចណាស់ក៏ទទួលបានលេខ៣ ដែរ។ ជាពិសេស កីឡាករ សំបូរ ណាន អតីតម្ចាស់មេដាយមាសពិភពលោកលើកទី៩ ម៉ុងហ្គោលី ត្រូវបានគេទម្លាក់ដល់ទៅចំណាត់ថ្នាក់លេខ៥។ លោកបញ្ជាក់ថា បើតាមលោកមើលលើកីឡាករចំណាត់ថ្នាក់លេខ១ ដល់លេខ៣ គឺសាច់ដុំពួកគេមិនលើកកីឡាករ សំបូរ ណាន នោះទេ។ មួយវិញទៀតលោកមិនអស់ចិត្ត ត្រង់ចៅក្រមប្រៀបធៀបសាច់ដុំកីឡាករត្រឹមតែ ២ដង។ ខុសគ្នាទៅនឹងកាលលោកប្រកួតជើងឯកពិភពលោកលើកទី៩ នៅម៉ុងហ្គោលី ចៅក្រមពិនិត្យ និងវាយតំលៃដល់ទៅ ៥ដង។
សូមបញ្ជាក់ថា ការប្រកួតជើងឯកពិភពលោកនៅប្រទេសថៃ មានអត្តពលិកចូលរួមសរុប ៤៧៤នាក់ (ស្រី ១៨៤នាក់) មកពី ៥១ប្រទេស ។ ជាលទ្ធផលនៃការប្រកួតជម្រុះ កីឡាករទាំង ៥រូបរបស់កម្ពុជា បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ៥នាក់ ចុងក្រោយដូចៗគ្នា ទាំងអស់។ ប៉ុន្តែមានតែ សំបូរ សុភណ្ឌ ម្នាក់គត់ ដែលបានឈ្នះមេដាយមាស លើការប្រកួតរាងស្អាត លើវិញ្ញាសា Sports Physique up to 170 cm-120។ ដោយឡែកកីឡាករ សំបូរ ណាន អតីតម្ចាស់មេដាយមាសពិភពលោក លើកទី៩ ម៉ុងហ្គោលី កីឡាករ ណុំ សុបិន្ត អតីតម្ចាស់មេដាយសំរឹទ្ធពិភពលោក លើកទី៩ ម៉ុងហ្គោលី រួមទាំង កីឡាករ សំបូរ នន់ កីឡាករ ត្រឹង ចាន់ ធ្លាក់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ៥នាក់ចុងក្រោយ៕