ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស៊ុយ សែម ហាម អាជីវកររ៉ែ ក្នុងខេត្តកំពង់ស្ពឺ ធ្វើអាជីវកម្ម គ្មានលិខិតអនុញ្ញាត ឬមិនទាន់បានបង់សួយសា

120


កំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ហាមឃាត់ដាច់ខាត មិនឱ្យមានការធ្វើអាជីវកម្ម ក្នុងដំណាក់កាលស្វែងរុករក ការដឹករ៉ែចេញដោយមិនមានលិខិតអនុញ្ញាត ឬមិនទាន់បានបង់សួយសារ និងអនុវត្តកាតព្វកិច្ចហិរញ្ញវត្ថុនានា ។

នៅសាលប្រជុំសាលាខេត្ត នារសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាជីវកររ៉ែសំណង់ ក្នុងខេត្តកំពង់ស្ពឺ។

ក្នុងពិធីនេះដែរ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអានរបាយការណ៍ស្វាគមន៍ និងជម្រាបជូនអង្គពិធី អំពីគោលបំណងសំខាន់នៃកិច្ចសំណេះសំណាល ដើម្បីធ្វើការរំលឹកអំពីលក្ខខណមួយចំនួនរបស់ក្រសួងរ៉ែ និងថាមពល ដើម្បីពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ដូច្នេះហើយសូមអង្គពិធីទាំងមូល មេត្តាយកចិត្តទុកដាក់ស្តាប់ពីបទពិសោធន៍ និងបទបង្ហាញ ស្តីពីនីតិវិធីព្រមទាំងបច្ចេកទេសសំខាន់ៗ ។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានសំណូមពរដល់អាជីវកររ៉ែសំណង់ទាំងអស់ត្រូវពិនិត្យលើប្រតិបត្តិការរបស់ខ្លួន នូវរល់សកម្មភាព មានដូចជា ការធ្វើដំណើរ ឬដឹកជញ្ជូនឆ្លងកាត់តំបន់ការពារ ដែលជាដីកម្មសិទ្ធិឯកជន ឬកម្មសិទ្ធិរបស់រដ្ឋ ត្រូវមានការអនុញ្ញាត ពីស្ថាប័នមានសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ឬម្ចាស់កម្មសិទ្ធិឱ្យបានត្រឹមត្រូវ និងត្រូវយកចិត្តទុកដាក់បំពេញកាតព្វកិច្ច និងលក្ខខណ្ឌនានាឱ្យបានម៉ត់ចត់ ហាមឃាត់ដាច់ខាតមិនឱ្យមានការធ្វើអាជីវកម្ម ក្នុងដំណាក់កាលស្វែងរុករក ការដឹករ៉ែចេញដោយមិនមានលិខិតអនុញ្ញាត ឬមិនទាន់បានបង់សួយសារ និងអនុវត្តកាតព្វកិច្ចហិរញ្ញវត្ថុនានា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ឬប្រតិបត្តិការរ៉ែក្រៅតំបន់ ដែនអាជ្ញាប័ណ្ណ បានកំណត់ ហើយក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ អនុវត្តកាតព្វកិច្ចឱ្យបានត្រឹមត្រូវ ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះសង្គម និងបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង