អភិបាលខេត្តកំពង់ចាមអំពាវនាវអោយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារសត្វចិញ្ចឹមខាំដូចជាឆ្កែ ឆ្មា ទៅទទួលវ៉ាក់ការពារនៅមន្ទីរពេទ្យខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារសត្វចិញ្ចឹមខាំ ជាពិសេស សត្វឆ្កែ ឆ្មា ជាដើម សូមទៅទទួលវ៉ាក់ការពារ នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម។
ការអំពាវនាវបែបនេះលោកគួច ចំរើន ខណៈដែលលោកអញ្ជើញទៅពិនិត្យមើលទីតាំងមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ដែលរៀបចំដោយក្រុមគ្រូពេទ្យ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សហការជាមួយមន្ទីរពេទ្យ ខេត្តកំពង់ចាម ដើម្បីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតជូនប្រជាពលរដ្ឋ កាលព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។
លោកអភិបាលខេត្តកំពង់ចាម បានថ្លែងថា ចាប់ពីថ្ងៃទី៧ ខែមីនានេះតទៅ ក្រុមគ្រូពេទ្យ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានចុះបេសកកម្មផ្ដល់សេវាវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត នៅឯក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។ ដូច្នេះ បើបងប្អូនណាម្នាក់ ដែលរងរបួសដោយសារបញ្ហា សត្វខាំ ឬខ្វាច ដូចករណីខាងលើ សូមប្រញាប់ ទៅកាន់មន្ទីរពេទ្យខាងលើ ដើម្បីឲ្យគ្រូពេទ្យជំនាញបានពិនិត្យព្យាបាល និងចាក់វ៉ាក់សាំងបង្ការទាន់ពេលវេលា។ ប៉ុន្តែ អ្វីដែលសំខាន់នោះ វ៉ាក់សាំងនេះ បានផ្ដល់អាទិភាព ចំពោះតែប្រជាពលរដ្ឋណា ដែលរងរបួសដោយសារឆ្កែខាំ ឆ្មាខាំ ខ្វាច ឬក្រញ៉ៅតែប៉ុណ្ណោះ។
ដោយឡែក ឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនូវក្ដីបារម្ភ និងក្ដីរំជើបរំជួល ទៅលើករណីជំងឺឆ្កែឆ្កួត ហើយបានស្នើសុំឲ្យអាជ្ញាធរខេត្តពង្រីកមជ្ឈមណ្ឌលផ្ដល់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ទៅដល់មូលដ្ឋានផ្ទាល់នោះ គឺពុំអាចធ្វើទៅបាននោះទេ ពីព្រោះថា គ្រាន់តែការស្នើសុំឲ្យមាន ជាមជ្ឈមណ្ឌល១កន្លែងនេះឡើង យើងមានការលំបាក រួចជាស្រេចទៅហើយ។ អញ្ចឹងទេ ពេលនេះយើងមានទីកន្លែងច្បាស់លាស់ហើយ សូមបងប្អូនមកប្រើប្រាស់សេវានេះឲ្យបានគ្រប់ៗគ្នា។
នាឱកាសនោះដែរ លោក គួច ចំរើន ក៏បានជំរុញឲ្យក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកំពង់ចាម ចូលរួមសហការ និងសម្របសម្រួល ដើម្បីផ្ដល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមកប្រើប្រាស់សេវានៅទីនេះ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត លី សុវត្ថិ ផ្នែក អេពីដេមីសាស្ត្រ និងសុខភាពសាធារណៈ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឲ្យដឹងថា បេសកកម្មរបស់មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត គឺធ្វើឡើង សម្រាប់តែអ្នកទទួលរងរបួស ដោយសារសត្វខាំ ដូចជា ឆ្កែខាំ ឆ្មាខាំ ឬខ្វាច ប៉ុណ្ណោះ ពោលគឺអ្នកដែលមកទទួលថ្នាំបង្ការនេះ ពុំមែនជាអ្នកជំងឺឆ្កែឆ្កួតឡើយ។ ជាមួយនោះ បើបងប្អូនបានរងរបួសដោយសត្វខាំ ឬខ្វាច ហើយនោះ សូមមកទទួលថ្នាំចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ឲ្យបានទាន់ពេលវេលា ពីព្រោះថា នៅពេលមេរោគឆ្កែឆ្កួតចូលទៅក្នុងរាង្គកាយហើយនោះ វានឹងឲ្យយើងគ្រោះថ្នាក់ដល់អាយុជីវិតបាន។ លោកវេជ្ជបណ្ឌិត ក៏បានបញ្ជាក់បន្ថែមថា វ៉ាក់សាំងការពារជំងឺសត្វឆ្កែឆ្កួតនេះ គឺធ្វើឡើងចំនួន៣លើក និងត្រូវចំណាយថវិកា សរុបចំនួន១៥ដុល្លារប៉ុណ្ណោះ៕