សម្តេចតេជោអញ្ជើញសំណេះសំណាល និងស្រស់ស្រូបអាហារជាមួយអ្នកធាក់ស៊ីក្លូប្រមាណ៣០០នាក់
ព្រឹកថ្ងៃទី៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសំណេះសំណាល និងស្រស់ស្រូបអាហារជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូជាង ៣០០នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីសំណេះសំណាល និងស្រស់ស្រូបអាហារនេះ គឺជាកាយវិការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់មួយចំពោះសុខទុក្ខរបស់អ្នកធាក់ស៊ីក្លូពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធាន សមាគមត្រីចក្រយាន្ត បានលើកឡើងថា របរធាក់ស៊ីក្លូដែលមានតាំងពីសម័យអាណានិគមបារាំងនោះ បានធ្វើឲ្យអ្នកប្រកបរនេះជួបការលំបាកដោយមិនអាចរកអ្នកជិះដូចមុនទៀតនោះឡើយ ព្រោះការសម្បូរបែបនៃមធ្យោបាយធ្វើដំណើរនាពេលបច្ចុប្បន្ន។ ការមិនសូវមានអ្នកជិះធ្វើឲ្យអ្នកធាក់ស៊ីក្លូ ដែលភាគច្រើនមានវ័យចំណាស់នោះ មិនអាចរកបានថវិកាសម្រាប់ទ្រទ្រង់ជីវភាពឲ្យបានគ្រប់គ្រាន់នោះឡើយ។
ដោយមើលឃើញពីបញ្ហាប្រឈមរបស់អ្នកធាក់ស៊ីក្លូ ក៏ដូចជាការក្សាអត្តសញ្ញាណស៊ីក្លូ ដែលជាយានមួយរបស់កម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «មូលនិធិត្រីចក្រយានយន្ត» ឬហៅកាត់ថា «មូលនិធិស៊ីក្លូ» កាលពីខែមករា ឆ្នាំ២០១៨។ មូលនិធិនេះសម្តេចតេជោ ហ៊ុន សែន បានទម្លាក់ថវិកាប្រមាណ ១៤ម៉ឺនដុល្លារទៅក្នុងមូលនិធិ ហើយបន្តដាក់ប្រាក់ប្រមាណ ២ម៉ឺនដុល្លារក្នុងមួយខែថែមទៀតផង។
មូលនិធិ បានសម្រេចផ្តល់ថវិកាប្រមាណ ៧,០០០រៀលក្នុងមួយថ្ងៃ (៥,០០០រៀលសម្រាប់អាហារ និង២,០០០រៀលសម្រាប់ជួលស៊ីក្លូ) ឬស្មើនឹង ២១ម៉ឺនរៀលក្នុងមួយខែ។ ប្រាក់ឧបត្ថម្ភនេះ បើកជូនរៀងរាល់ ១០ថ្ងៃម្តងតាមប្រព័ន្ធវីង (Wing)។
តាមរយៈមូលនិធិ បានរួមចំណែកដោះស្រាយការលំបាកមួយចំនួនរបស់អ្នកប្រកបរបរធាក់ស៊ីក្លូ និងជួយឲ្យថវិការកបានដោយលំបាកពីការធាក់ស៊ីក្លូបានសល់សម្រាប់ទ្រទ្រង់ជីវភាពផងដែរ។ បើទោះបីជាយ៉ាងណាអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ក៏នៅតែបន្តប្រឈមការលំបាកព្រោះគ្មានកន្លែងសម្រាន្តឲ្យបានសមរម្យ ដោយនៅតែបន្តសម្រាន្តនៅតាមស៊ីតាមសំយ៉ាបផ្ទះរបស់គេ។
សូមបញ្ជាក់ថា បច្ចុប្បន្នមូលនិធិស៊ីក្លូ មានសមាជិកសរុប ៣២០នាក់ ៕