ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន ៖ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៧ មានចំនួន ៥៥៧៧ លានដុល្លារ

120

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដល់កម្ពុជា ។ ការគាំទ្រជាមួយនឹងជំនួយទាំងនេះ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាអោយកាន់តែរីកលូតលាស់ ។

នៅល្ងាចថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ៦០ ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន។ ពិធីដ៏មានសារៈសំខាន់បំផុតនេះគឺធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ដែលមានការអញ្ជើញចូលរួមពីមន្រ្តីស្ថានទូតចិន លោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំសមាគមកម្ពុជា-ចិន ព្រមទាំងវិនិយោគិនពាណិជ្ជករកម្ពុជា និងចិនជាច្រើនរូបទៀត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បានរំលឹកផងដែរថាកម្ពុជានិងចិនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាតាំងពីថ្ងៃទី១៩ កក្កដា ឆ្នាំ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី១រវាងព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង ឯកឧត្តម ជូ អេនឡាយ អតីតនាយករដ្ឋមន្ត្រីចិន ក្នុងកំឡុងពេលចូលរួមសន្និសីទទីក្រុងបានឌុង នៅខែមេសា ១៩៥៥ នៅទីក្រុងបានឌុងប្រទេសឥណ្ឌូនេស៊ី និងការបំពេញទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងអំឡុងឆ្នាំ ១៩៥៦។ ស្របពេលនោះដែរ ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រនេះបានកសាងឡើងរួមគ្នាដោយ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តមប្រធាន ម៉ៅ សេទុង ឯកឧត្តមនាយករដ្ឋមន្ត្រី ជូ អេនឡាយ ព្រមទាំងថ្នាក់ដឹកនាំចិនជំនាន់មុនៗដែលបានធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់រហូតក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅ ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១០ ។

ការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាងលើកទី ២ របស់ លោក លី កឺឈាង នាយករដ្ឋមន្ត្រីចិន នៅរាជធានីភ្នំពេញ នាថ្ងៃទី ១០-១១ ខែមករា ២០១៨ កន្លងទៅនេះ គឺជាការបើកឆាកនៃការប្រារព្ធខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ។ ចាប់ពីដើមឆ្នាំ ២០១៨ មក កម្ពុជាបានរៀបចំការសម្តែងសិល្បៈចម្រុះកម្ពុជា-ចិន ស្របពេលជាមួយពិធីបុណ្យចូលឆ្នាំចិន ការរៀបចំពិព័រណ៍រូបថត វេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ ២០១៨ និងវេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី ១ និងបន្តមានសកម្មភាពផ្សេងៗទៀតរហូតដល់ចុងឆ្នាំ ដូចជាការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតរួមទាំងទំនាក់ទំនងនិងការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រជាជននិងប្រជាជន យុវជននិងយុវជន និងការរៀបចំសិក្ខាសាលាស្តីពីការជំរុញវិស័យទេសចរណ៍ ញណិជ្ជកម្ម និងវិនិយោគជាដើម ។

ចំពោះកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចវិញ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកវិនិយោគិនដ៏ចម្បងរបស់កម្ពុជា ។ ទំហំញណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៧ មានចំនួន ៥៥៧៧ លានដុល្លារអាមេរិក កើនឡើងជាង ២១,៧% បើធៀបនឹងឆ្នាំ ២០១៦ ។ ក្នុងឆ្នាំ ២០១៧ ទំហំវិនិយោគចិនសរុបនៅកម្ពុជាឈរលំដាប់លេខ ១ ធៀបនឹងទំហំវិនិយោគទុនពីប្រទេសដទៃទៀត ដែលមានទំហំសរុបប្រមាណ ១៦៤៤ លានដុល្លារឤមេរិក ។ លើសពីនេះ ប្រទេសយើងទាំងពីរក៏បានឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មឱ្យកើនឡើងដល់ ៦០០០ លានដុល្លារឤមេរិកនៅឆ្នាំ ២០២០ ។

ក្នុងរយៈពេល ៦០ឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែខិតខំប្រឹងប្រែងរក្សាចំណងមិត្តភាព និងពុះពារឧបសគ្គជាច្រើនដើម្បីដឹកនាំប្រទេស និងប្រជាពលរដ្ឋឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពសុខដុមរមនា។ ទន្ទឹមនឹងនេះ ការរីកច្រើនរបស់ប្រទេសចិន មិនត្រឹមតែបានលើកកម្ពស់ជីវភាពប្រជាជនចិនប៉ុណ្ណេះទេ ប៉ុន្តែថែមទាំងបាននឹងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងបណ្តាលប្រទេសក្នុងតំបន់ និងលើពិភពលោកទៀតផង។ ជាក់ស្តែង នៅក្នុងក្របខ័ណ្ឌតំបន់ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវមួយ” បង្កើត “មូលនិធិផ្លូវសូត្រ” និង “ធនាគាវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី” ដើម្បីពង្រឹកភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប ឈ្នះ-ឈ្នះ រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវ៉ាត់ និងផ្លូវសូត្រតាមរយៈកិច្ចសហប្រតិបត្តិការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ស្ថាប័ន និងប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះជាច្រើនទៀត ដែលកម្ពុជាសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ទាំងនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រាបដល់មិត្តចិនចំពោះវិស័យទេសចរណ៍ ដែលមានក្រុមហ៊ុនឤកាសចរណ៍ ចំនួន ១៥ ហើយ កំពុងធ្វើប្រតិបត្តិការហោះហើរទៀងទាត់រវាងកម្ពុជា-ចិន ។ នៅឆ្នាំ ២០១៧ ទេសចរចិនមានប្រមាណ ១,២ លាននាក់ ។ គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០១៨ នេះ កម្ពុជាបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិសរុប ១,៧ លាននាក់ ដែលក្នុងនោះទេសចរ ចិនមានចំនួនជាង ៥០ ម៉ឺននាក់ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលចិនក្នុងការគោរពឯករាជ្យ អធិបតេយ្យ និងជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារសន្តិសុខជាតិ និងស្ថិរភាពសង្គម។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអបអរសាទរចំញេះលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការ លទ្ឋផលជាផ្លែផ្កាដែលយើងទទួលបាននាពេលកន្លងមក រួមទាំងការប្តេជ្ញាបន្តលើកកម្ពស់វិសាលភាពនៃកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឱ្យឈានដល់កម្រិតកាន់តែខ្ពស់ថែមទៀត ដើម្បីផ្តល់នូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំញេះ ឯកឧត្តម ស្យង់ ព័រ ឯកអគ្គរដ្ឋទូតចិន ព្រមទាំងសហការីទាំងអស់ដែលបានខិតខំជំរុញនិងលើកស្ទួយទំនាក់ទំនងល្អរួមទាំងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើ និងជូនពរដល់ថ្នាក់ដឹកនាំសមាគមកម្ពុជា-ចិន ព្រមទាំងអ្នកវិនិយោគិនកម្ពុជា-ចិន ទទួលបានសុខ ភាពល្អបរិបូរណ៍ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ។ បន្ទាប់ មក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញពិសារអាហារសាគ្គីមិត្តភាពជាមួយថ្នាក់ ដឹកនាំកម្ពុជា-ចិន និងទស្សនាការសម្តែងរបាំកម្សាន្តក្នុងភាពស្និទ្ឋ ស្នាលសប្បាយរីករាយក្រៃលែង៕

អត្ថបទដែលជាប់ទាក់ទង