ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណឹងល្អ! អស់បញ្ហាក្នុងការសុំស៊ីអូ ទម្រង់ ឌី ដើម្បីនាំចេញកសិផល សម្រាប់ប្រជាកសិករនៅក្នុងខេត្តចំនួន ៤ នៃតំបន់ត្រីកោណអភិវឌ្ឍន៍

143


(ក្រចេះ)៖ ដើម្បីសម្រួលដល់ការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់ខេត្តដែល ស្ថិតនៅតាមព្រំដែនក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩នេះ បានធ្វើប្រតិភូកម្មសេវាចេញ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ ឌី (D) តាមប្រពន្ធ័ស្វ័យប្រវត្តិកម្ម ជូនដល់មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី។

ពិធីប្រកាស និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវា CO ទម្រង់ D នេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារលីជិ ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងអាជ្ញាធរនៃខេត្តទាំងបួនខាងលើ មន្ត្រីរាជការមកពីស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនប្រមាណ ៣០០នាក់។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានរំលឹកពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅធានាឱ្យមានការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដ៏ទូលំទូលាយ និងប្រកបដោយនិរន្តរភាព អាចឆ្លើយតបតម្រូវការអទិភាពរបស់ប្រជាពលរដ្ឋ និងគោលការណ៍អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ។

លោក រដ្ឋមន្ត្រី បានឱ្យដឹងថា កន្លងមកក្រសួងពាណិជ្ជកម្ម បានធ្វើប្រតិភូកម្មសេវា CO ទម្រង់ D នេះ ទៅដល់មន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តចំនួន ៥ ដូចជា ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងរតនគិរី រួមទាំងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ នៅក្នុងខេត្តស្វាយរៀងគឺ Manhattan តាយសេង និងសានដុង-សាន់សែល ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ជាពិសេសការនាំចេញកសិផលរបស់ប្រជាកសិករខ្មែរ។

លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្ថែមទៀតថា ការដាក់ឱ្យដំណើរការសេវា CO ទម្រង់ D នៅក្នុងខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ថ្ងៃនេះ គឺដោយសារតែជាខេត្តអាទិភាព ដែលស្ថិតនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បាននឹងកំពុងយកចិត្តទុកដាក់ខ្លាំង លើការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន នៅក្នុងខេត្តទាំងបួននេះ។ ការធ្វើប្រតិភូកម្មនេះ គឺមិនត្រឹមតែជាការផ្ទេរភាពជាម្ចាស់នៃមុខងារទេ ថែមទាំងជាការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ជាពិសេសការចេញ CO ទម្រង់ D ឱ្យបានកាន់តែឆាប់រហ័សជូនអ្នកនាំចេញ ដើម្បីសម្រួលដល់ការនាំចេញកសិផល ជៀសវាងបាននូវភាពអសកម្មនានា និងការកកស្ទះដោយប្រការណាមួយ។

សូមជម្រាបថា កាលពីឆ្នាំ២០១៨ កម្ពុជាបាននាំចេញទំនិញនៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ទៅកាន់ទីផ្សារបរទេសក្នុងទឹកបា្រក់ ១២,៨៩៥លានដុល្លារអាមេរិក បានកើនឡើង ១៣.៧០% បើប្រៀបធៀបឆ្នាំ២០១៧ ដែលមានទឹកបា្រក់ត្រឹមតែ ១១,៣៤១លានដុល្លារអាមេរិក។ ដោយឡែកការនាំចេញកសិផល តាមរយៈ CO ទម្រង់ D ទៅកាន់ទីផ្សារតំបន់អាស៊ាន ក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ គឺបានកើនពីទឹកបា្រក់ ៧២៨លានដុល្លារអាមេរិកក ក្នុងឆ្នាំ២០១៦ ដល់ទឹកប្រាក់ ១,៤០៦លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង