ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិប្បកម្មឡឥដ្ឋ របស់លោក លាង ស្រ៊ុន ប្រើក្មេងស្រី មិនគ្រប់អាយុ រហូតចូលម៉ាស៊ីន ដាច់ដៃត្រឹមក្លៀក

178

កុមារីវ័យ៩ឆ្នាំម្នាក់ បានបានរអិលធ្លាក់ចូលម៉ាស៊ីនកិនដី បណ្តាលឱ្យដាច់ដៃស្តាំម្ខាង ត្រឹមក្លៀក ខណៈដែលកំពុងធ្វើបញ្ចូលដីទៅក្នុងម៉ាស៊ីនជាមួយឪពុកម្តាយ។
គ្រោះថ្នាក់នេះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៩ មីនា ២០១៩ នៅក្នុងសិប្បកម្មឡឥដ្ឋមួយ ស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមាន ម្ចាស់ឈ្មោះ លាង ស្រ៊ុន។

ចំណែកឯកុមារីរងគ្រោះឈ្មោះ ឆេង ស្រី ភក្រ្ត័ អាយុ៩ឆ្នាំ ស្នាក់នៅនិងបម្រើការងារ ក្នុងសិប្បកម្មខាងលើ ជាមួយឪពុកឈ្មោះ ឆេង ប៊ុន ហំ អាយុ៣៧ឆ្នាំ និងម្តាយឈ្មោះ ឃឹម ចាន់ណា អាយុ៣៣ឆ្នាំ ហើយគ្រួសារនេះ បានស្នាក់នៅនិងធ្វើការក្នុងសិប្បកម្មនេះរយពេល៦ឆ្នាំមកហើយ។ នៅមុនពេលកើតហេតុ ឪពុកម្តាយ ជាអ្នកដាក់ដីចូលក្នុងម៉ាស៊ីន ចំណែកឯកូនស្រីរងគ្រោះ ជាអ្នកកាត់ឥដ្ឋចេញពីម៉ាស៊ីន និងលើករៀបឥដ្ឋដាក់លើរទេះ ហើយនៅពេលដែលកំពុងធ្វើការស្រាប់តែ កុមារីរងគ្រោះបានជ្រុលដៃចូលទៅក្នុងម៉ាស៊ីន បណ្តាលឱ្យដាច់ដៃស្តាំម្ខាងត្រឹមក្លៀក ហើយឪពុកម្តាយក៏បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុក តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅរាជធានីភ្នំពេញ។

លោក លាង ស៊ុន ដែលជាមេការឡឥដ្ឋ បានទទួលស្គាល់ថា គ្រួសារកុមារីរងគ្រោះ ពិតជាបានធ្វើការនៅក្នុងសិប្បកម្មរបស់លោក ជាង៦ឆ្នាំមកហើយមែន ហើយលោកក៏តែងតែបានដាស់តឿន ឱ្យមានការប្រុងប្រយ័ត្ន និងប្រាប់កុំឱ្យក្មេងអាយុក្រោម១៨ឆ្នាំធ្វើការដែរ ប៉ុន្តែ ឪពុកម្តាយក្មេងស្រីរងគ្រោះ ចេះតែឆ្លើយថាមិនអីៗ ក៏ចេះតែឱ្យធ្វើទៅ ហើយក្រោយពេលកើតហេតុលោកបានឧបត្ថមប្រាក់ចំនួន៥០០ដុល្លារ និងធានាចេញថ្លៃព្យាបាលរហូតជាសះស្បើយ។

លោក ធុល នាង ប្រធានមន្ទីរការងារខេត្តកណ្តាល បានប្រាប់ថា ករណីនេះ លោកបានទទួលព័ត៌មានហើយ ហើយក៏បានបញ្ជូនមន្ត្រីឱ្យចុះទៅធ្វើការពិនិត្យ
ស្រាវជ្រាវហើយដែរ ហើយកំពុងរង់ចាំរបាយការណ៍ពីមន្ត្រី ដើម្បីរកឱ្យឃើញថា តើកុមារីដែលរងគ្រោះនោះ បម្រើការងារធ្ងន់ធ្ងរ ឬគ្រាន់តែស្នាក់នៅជាមួយឪពុកម្តាយ ក្នុងសិប្បកម្មខាងលើ ទើបយើងអាចអនុវត្តវិធានការច្បាប់បាន៕

អត្ថបទដែលជាប់ទាក់ទង