រដ្ឋាភិបាល សម្រេចបង្កើតទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ ឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការបង្កើតទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន និងការបង្កើតវេទិកាសាធារណៈ ឯកជន ស្ដីពីការអភិវឌ្ឍនគរូបនីយកម្មអាស៊ាន-ជប៉ុន។ ការសម្រេចយល់ព្រមជាគោលការណ៍នេះ យោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ លោកហែម ក្រាញ់តូនី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ពីករណី សំណើសុំគោលការណ៍ ដ៏ខ្ពង់ខ្ពស់ក្នុងការបង្កើតបណ្តាញទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន និងការបង្កើតវេទិកាសាធារណៈ ឯកជន ស្តីពីការអភិវឌ្ឍនគរូបយកម្មអាស៊ាន-ជប៉ុន។
ទីស្តីការគណៈរដ្ឋមន្រ្តី ដែលជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការបង្កើតបណ្តាញទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន និងការបង្កើតវេទិកាសាធារណៈ ឯកជន ស្ដីពីការអភិវឌ្ឍនគរូបនីយកម្មអាស៊ាន-ជប៉ុន។
សូមជម្រាបថា ការបង្កើតទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន គឺជាគំនិតផ្តួចផ្តួមរបស់ភាគីជប៉ុន ហើយទីក្រុងទាំង៣របស់កម្ពុជា គឺរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដែសស្ថិតក្នុងគម្រោងនេះ៕