ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យ ២ នាក់ទៅតុលាការ ករណីប្រើកាំបិត កាប់ជនរងគ្រោះជាច្រើននាក់ បណ្តាលឲ្យរងរបួសធ្ងន់

75


បាត់ដំបង៖ ជនសង្ស័យចំនួន ២ នាក់ ដែលពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាប់ដោយកាំបិត កាប់ជនរងគ្រោះជាច្រើននាក់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី លោក ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែ មីនា ឆ្នាំ ២០១៩ វេលាម៉ោង ១៧:៥នាទី លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំ កម្លាំងជំនាញ សហការជាមួយក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប និង អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះបង្ក្រាប នាំខ្លួនជនសង្ស័យចំនួន ២ នាក់ ដែលពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់ដោយកាំបិត ) កាលពីថ្ងៃទី៣ ខែ មីនា ឆ្នាំ ២០១៩ វេលាម៉ោង ០០:៤០នាទីនៅលើផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនសង្ស័យ ឈ្មោះ រ៉ាំ បូរី ហៅ ( សល់ , យក្ស ) ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( ជាជនដៃដល់ )និង ឈ្មោះ រ៉ើយ សារ៉ាន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( ជាអ្នកឌុប )។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ច បានរួមទាំងវត្ថុតាងមាន កាំបិតចំនួន ៣ ដើម ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ ២០១៩ គ្មានស្លាកលេខ មួយគ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1M 6051 ។ ចំណែកជនរងគ្រោះ ឈ្មោះ ភី សុធារ៉ា ហៅ ចិន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ( រងរបួសត្រង់ស្លាបប្រចៀវខាងស្តាំ បណ្តាលឲ្យមុតរយះដេរចំនួន ១០ ថ្នេរ )។ ឈ្មោះ កែវ វ៉ាន់នី ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ( រងរបួសត្រង់ស្លាបប្រចៀវខាងស្តាំ មុតរយះដេរចំនួន ២៤ថ្នេរ )។ ឈ្មោះ ភី សុខហៃ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិត្រែង ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ( រងរបួសត្រង់ដៃខាងឆ្វេង រយះចេញឈាមបណ្តាលឲ្យបាក់ដៃ )។ ឈ្មោះ កែវ ឆដា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ( រងរបួសត្រង់លើស្លាបប្រចៀវខាងស្តាំបណ្តាលឲ្យមុតរយះ ដេរចំនួន ៥ ថ្នេរ )។ ឈ្មោះ ឃួម សុខខេង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ( រងរបួសត្រង់ស្មាខាងឆ្វេងបណ្តាលឲ្យមុតរយះ ដេរចំនួន ១៥ ថ្នេរ )។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង