ចាប់បុគ្គលិកផ្នែកអនាម័យម្នាក់នៅផ្ទះសំណាក់AS88 ដែលដុតសំរាម ធ្វើឲ្យរាលដាលឆេះផ្ទះសំណាក់
កណ្តាល៖ ករណីអគ្គីភ័យនៅផ្ទះសំណាក់AS88 ត្រូវបានសមត្ថកិច្ចវែកមុខជន ដែលបង្កឃើញហើយ ដោយចាប់ខ្លួនបុរសម្នាក់ ជាអ្នកដុតសំរាម ធ្វើឲ្យរាលដាលឆេះផ្ទះសំណាក់ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ។
អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា អគ្គីភ័យនៅផ្ទះសំណាក់AS88ត្រូវបានសមត្ថកិច្ចវែកមុខជនដែលបង្កឃើញហើយ កាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០១៩ ក្នុងករណីស្ថានទម្ងន់ទោស ដោយសារការប្រើប្រាស់វិធីគ្រោះថ្នាក់ ដល់បុគ្គល ដែលកើតហេតុថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០និង៥០នាទី ចំណុចផ្ទះសំណាក់ អរុណរះAS88 ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះ១នាក់ ឈ្មោះអ៊ិច ចាន់នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរប្រធាន រដ្ឋបាលគ្រប់គ្រងការងារ ទូទៅ(តំណាងឲ្យម្ចាស់ផ្ទះសំណាក់)។ ចំណែកជនសង្ស័យ១នាក់ ត្រូវឃាត់ខ្លួននៅថ្ងៃទី១០ មីនា ២០១៩ ឈ្មោះឌិន សុផា ហៅ អ៊ំ ភារី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ អនាម័យ ស្នាក់នៅក្នុងផ្ទះសំណាក់អរុណសួស្តី AS88 ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្ភារខូចខាត ១-ឆេះម៉ូតូ២គ្រឿង ម៉ាក ឌ្រីមសង់០៨ មួយគ្រឿង និងម៉ូតូម៉ាកហុងដា អេសអិល ១គ្រឿង។ ២-ឆេះរោងជាង១ល្វែង។ ៣-ឆេះចំណតរថយន្ត១ល្វែង។ ៤-ឆេះបន្ទប់រដ្ឋបាល១ល្វែង។
នគរបាលមូលដ្ឋាន បានរៀបរាប់ពីសភាពនៃរឿងហេតុថា នៅមុនពេលកើតហេតុ ឈ្មោះស្រី កំសាន្ត បានរុញរទេះសំរាម មកដាក់នៅមុខទ្វាររបងសង្កសី (កន្លែងដុតសំរាម) រួចរុញរទេះសំរាមមកទុក ហើយសំរាកហូបបាយថ្ងៃត្រង់។ លុះដល់ម៉ោង១០និង៥០នាទី ជនសង្ស័យ ដើរមកតាមក្រោយ ក៏យកសំរាមទៅដុតហើយទៅដេក ឯបន្ទប់ខ្លួនបាត់។ លុះដល់ម៉ោង១២និង៣០នាទី ភ្លើងឆេះរាលដល់រោងជាងខាងលើ ទើបដឹងរួចរាយការជូនសមត្ថកិច្ច ចុះមកជួយពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គីភ័យ១៩រថយន្ត ប្រើប្រាស់ទឹកអស់៣៨ឡាន ទើបរលត់ជាស្ថាពរ។
តាមចម្លើយសារភាព របស់ជនសង្ស័យ បានសារភាថា ខ្លួនមិនមាននរណា ប្រើឲ្យទៅដុតទេ ខ្លួនដើរមកឃើញសំរាមច្រើន ទើបខ្លួនដុត ហើយមិនបានឈចាំមើលទេ គឺដុតហើយដើរទៅដេកតែម្តង។
សូមបញ្ជាក់ថា កន្លែងដុតសំរាមនេះ មានសិទ្ធិដុត តែឈ្មោះអ៊ិច ចាន់នី អ្នកគ្រប់គ្រងការងារទូទៅ រីឯជនសង្ស័យ ពុំមានសិទ្ធិដុត ហើយមិនដែលចូលដុតទៀតផង។
ករណីនេះ កម្លាំងជំនាញកំពុង ចាត់ការតាមនីតិវិធីច្បាប់៕