ជនជាតិវៀតណាមម្នាក់ លួចបង្ហោះដ្រូន ផ្តិតយករូបភាព លើភូមិគ្រឹះនាយករដ្ឋមន្ត្រី
ភ្នំពេញ៖ បើទោះបីជា សាលារាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្តីជូនដំណឹង ហាមឃាត់ការបង្ហោះកាមេរ៉ាវីដេអូ និងថតរូបបំពាក់លើយន្តហោះបញ្ជា Drone ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាពិសេសក្នុងតំបន់មានការហាមឃាត់ដូចជា ព្រះបរមរាជវាំង ភូមិគ្រឹះថ្នាក់ដឹកនាំជាន់ខ្ពស់ក្តី ក៏នៅមានជនឆ្លៀតឱកាសមួយចំនួន បានបង្ហោះដ្រូន ដើម្បីផ្តិតយករូបភាព ដូចជាករណីជាក់ស្តែង ជនជាតិវៀតណាមម្នាក់ បានឈរក្នុងវត្តលង្កា លួចបង្ហោះដ្រូន (Drone) មកលើភូមិគ្រឹះនាយករដ្ឋមន្ត្រី កាលពីរសៀលថ្ងៃអាទិត្យ ។
កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ធ្វើការឃាត់ជនជាតិវៀតណាម ដែលបានបង្ហោះដ្រូន Drone នៅតំបន់ហាមឃាត់នាភូមិគ្រឹះសម្ដេចតេជោនាយករដ្ឋមន្រ្តី និងបាននាំទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចតុមុខ ដើម្បីសាកសួរបន្ត។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១៖៤១នាទីរសៀល ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩នេះ។
សមត្ថកិច្ចខណ្ឌដូនពេញ បានឲ្យដឹងថា បច្ចុប្បន្នបុរសជនជាតិវៀតណាមរូបនេះ ត្រូវបានបញ្ជូនទៅនាយកដ្ឋានសន្តិសុខ ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី។
គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញចេញសេចក្តីជូនដំណឹង ហាមឃាត់ការបង្ហោះកាមេរ៉ាវីដេអូ និងថតរូបបំពាក់លើយន្តហោះបញ្ជា (Drone) ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ អ្នកល្មើសនឹងត្រូវទទួលទោសតាមច្បាប់។ ព្រោះកន្លងមកយើងបានឃើញ ភាពអនាធិបតេយ្យ ដែលក្រុមហ៊ុន ឬបុគ្គលមួយចំនួន បានប្រើប្រាស់ឧបករណ៍នេះ ដោយរំលោភលើការរស់នៅ ជាឯកជន របស់ប្រជាពលរដ្ឋ និងឈានដល់ការប៉ះពាល់ ដល់សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈទៀតផង។ ប៉ុន្តែជារឿយៗឃើញថា នៅតែមានអ្នកបំពាន លួចបង្ហោះ Drone នៅតាមតំបន់ហាមឃាត់ ក្នុងរាជធានីភ្នំពេញ ហើយត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់៕